ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​ដែក​ពី​ប្រទេស​វៀតណាម​ចំនួន ៥៨៤ ​តោន ​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២១ ធ្លាក់ចុះ ១,៥​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​វៀតណាម VN Express​។

VN Express បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឧស្សាហកម្ម​ដែក​របស់​ប្រទេស​វៀតណាម​បាន​នាំចេញ​ដែក​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៤,៨៨ ​លាន​តោន កើនឡើង ៦១,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​តម្លៃ​សរុប ៣,៦១ ​ពាន់​លាន​ដុល្លារ កើនឡើង ១១៧ ​ភាគរយ​។

កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​ ៤ នៃ​ទីផ្សារ​នាំចេញ​ដែក​របស់​ប្រទេស​វៀតណាម តាម​ពីក្រោយ​ប្រទេស​ចិន​ដែល​មាន​ចំនួន ១,១ ​លាន​តោន សហភាព​អឺរ៉ុប ៧១៣ ០០០ ​តោន និង​ម៉ិកស៊ិក ២៩៣ ០០០ ​តោន​។

តម្លៃ​ដែក​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​បាន​កើន​ពី ៤០ ​ទៅ​ ៥០ ​ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​។

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​នាំចូល​ដែក​ដ៏ធំ​មួយ​ពី​ប្រទេស​វៀតណាម ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ និង​ឈ្មោះ​ក្រុមហ៊ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១១ ខែសីហា​ថា ការបញ្ជាទិញ​ដែក​សម្រាប់​សាងសង់​នៅ​ក្រុមហ៊ុន​របស់លោក​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ​ ២០២១ នេះ ដោយ​ពេលនេះ​ក្រុមហ៊ុន​បញ្ចេញ​ដែក​លក់​បានតែ​ចំពោះ​គម្រោង​កំពុង​សាងសង់​ប៉ុណ្ណោះ គឺ​មិនមាន​គម្រោង​ថ្មី​ឡើយ​។

លោក​បន្តថា ភាពស្ងប់ស្ងាត់​នាពេលនេះ ដោយសារ​អតិថិជន​របស់​ក្រុមហ៊ុន​ប្រហែល ៧០ ​ភាគរយ​គឺជា​ជនបរទេស ដែល​ពួកគេ​មាន​ការលំបាក ឬ​មិន​ចង់​ធ្វើដំណើរ​ឆ្លង​ប្រទេស​ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​ ១៩ ជាហេតុ​ធ្វើឱ្យ​ផែនការ​របស់​ពួកគេ​ត្រូវ​ពន្យារពេល​។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ដែលមាន​អតិថិជន​ជា​វិនិយោគ​គិ​ន​ក្នុងស្រុក គឺអាច​ដំណើរការ​ជាធម្មតា​។

លោក​អះអាងថា​៖ «​បច្ចុប្បន្ន​មានតែ​គម្រោង​កំពុង​សាងសង់​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​បញ្ជា​ទិញ​ដែក​ពី​ក្រុមហ៊ុន ប៉ុន្តែ​សម្រាប់​គម្រោង​ថ្មីៗ​ដែល​បាន​សិក្សា និង​មានការ​ព្រមព្រៀង​បញ្ជា​ទិញ​រួចហើយ​ជាមួយ​ក្រុមហ៊ុន គឺ​ស្ទើរ​ទាំងអស់​សុទ្ធតែ​សម្រេច​ពន្យារពេល​»​។

ជាមួយ​គ្នា​នេះ លោក​បាន​ប្រាប់ទៀតថា តម្លៃ​ដែក​នៅលើ​ទីផ្សារ​អន្តរជាតិ និង​ក្នុងស្រុក​ក៏បាន​កើនឡើង​ច្រើន​ផងដែរ​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ ដោយ​តម្លៃ​ដែក​ប្រភេទ​ខ្លះ​បាន​កើនឡើង​ដល់ ៤០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។ លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា តម្លៃ​ដែក​កើនឡើង​នៅពេលនេះ អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា បញ្ហា​កង្វះ​វត្ថុធាតុដើម​, ការធ្លាក់ចុះ​កម្លាំង​ពលកម្ម និង​ការបើក​ដំណើរការ​រោងចក្រ​ផលិត​ដែក​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩, ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ធំៗ​, ការបង្កើន​ពន្ធ និង​ជាពិសេស​ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​»​។

លោក សាន សារិក បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន RS Group Cambodia ដែលមាន​រោងចក្រ​ផលិត​ដែក​នៅតាម​ផ្លូវជាតិ​លេខ ៥១ បាន​ប្រាប់ថា ទីផ្សារ​ដែក​ចាប់ពី​ដើមឆ្នាំ​ ២០២១ រហូតមកដល់​ពេលនេះ​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ដូច​មុន​ទេ ចំណែក​តម្លៃ​ក៏បាន​កើនឡើង​ប្រមាណ ២០ ​ភាគរយ​ផងដែរ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ការកើនឡើង​តម្លៃ​នេះ​បណ្តាល​មកពី​វត្ថុធាតុដើម និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់​។ លោក​បន្ថែមថា​៖ «​នៅពេលនេះ​ដែកថ្នាំងអំពៅ​របស់​ក្រុមហ៊ុន​លោក មាន​តម្លៃ​ពី​ ៦៨០-៦៩០ ​ដុល្លារ​ក្នុង​ ១ ​តោន កើន​ពី​ ៥៨០ ​ដុល្លារ​កាលពី​ឆ្នាំមុន​»​។

លោក​លើកឡើង​ទៀតថា ទីផ្សារ​នេះ​អាច​នឹងមាន​សម្ទុះ​ខ្លាំង​ឡើងវិញ​នៅពេលដែល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់ ដែល​ពេលនោះ​វិស័យ​សំណង់​ប្រាកដ​ជាមាន​សម្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់​។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នកសាងសង់​កម្ពុជា​ធ្លាប់​និយាយថា ការធ្លាក់ចុះ​តម្រូវការ​ដែក​ក្នុង​វិស័យ​សំណង់ គឺ​បណ្តាលមកពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ- ១៩ ដែល​បង្ខំ​ឱ្យ​ការដ្ឋាន​មួយចំនួន​បន្ថយល្បឿន​សាងសង់ និង​មួយចំនួនទៀត​ផ្អាក​សកម្មភាព​ទាំងស្រុង​។

លោក​បន្តថា ការថមថយ​ល្បឿន​ក្នុង​វិស័យ​សំណង់ គេ​អាច​មើលឃើញ​តាមរយៈ​ការធ្លាក់ចុះ​ចំនួន​ទុនវិនិយោគ​ដែល​ក្រសួង​រៀបចំ​ដែនដី បានអនុម័ត​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​។

លោក​ប្រាប់ថា​៖ «​យើង​ទទួលស្គាល់ថា ការ​នាំចូល​សម្ភារ និង​ទុនវិនិយោគ​វិស័យ​សាងសង់​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល​នៃ​ការរីករាល​កូវីដ​ ១៩ ពិសេស​សំណង់​ធំៗ​ដែល​វិនិយោគ​ដោយ​ជនបរទេស​។ ទោះយ៉ាងណា​វា​នឹងមាន​កំណើន​វិញ​នៅពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ អាច​គ្រប់គ្រង​បាន​»​។

កាលពី​ខែធ្នូ ចុងឆ្នាំ​ ២០២០ រោងចក្រ​ផលិត​ដែកថែប​របស់​ក្រុមហ៊ុន ហុងឌីសេង (​ខេមបូឌា) ​ស្ទីល ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ ១៦,៧ ​លាន​ដុល្លារ​នៅ​ខេត្តកំពង់ស្ពឺ ក៏បាន​ដាក់ឱ្យ​ដំណើរការ​ផងដែរ ដោយមាន​ទិន្នផល​ប្រចាំឆ្នាំ ៥០០ ០០០ តោន​នៅ​ដំណាក់កាល​ដំបូង​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា នៅក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចូល​ដែក ក្នុងតម្លៃ​សរុប ៤០៣,៦៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២៧,៥២ ​ភាគរយ​ពី​ចំនួន ៥៥៦,៨៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩៕LA

វីដេអូ៖