ភ្នំពេញៈ សកម្មភាពការចាក់ដីបំពេញក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណបកោះនរារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ខណៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងស្ពាន ២ ខ្សែតភ្ជាប់ទៅក្រុងរណបកោះពេជ្រ និងផ្លូវជាតិលេខ ១ ទើបបញ្ចប់ប្រហែល ៣០ ភាគរយ។ នេះបើតាម លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC។
គម្រោងអភិវឌ្ឍន៍ក្រុងរណបកោះនរា ដែលមានផ្ទៃដី ១២៥ ហិកតា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទល់មុខជាមួយក្រុងរណបកោះពេជ្រ ត្រូវបានក្រុមហ៊ុន OCIC កំពុងធ្វើការអភិវឌ្ឍ ដើម្បីប្រែក្លាយទៅជាក្រុងរណបថ្មីមួយ ក្រោមទុនវិនិយោគប្រមាណ ២,៥ ពាន់លានដុល្លារ។
លោក ទូច សំណាង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែសីហា ថា ការចាក់ដីបំពេញក្នុងគម្រោងនេះសម្រេចបាន ៨០ ភាគរយហើយ ដោយឡែកសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅ (ច្រាំងទន្លេ ប្រព័ន្ធលូទឹក ផ្លូវ) និងស្ពាន ២ ខ្សែ សម្រេចបានប្រហែល ៣០ ភាគរយហើយ។
លោកថ្លែងថា៖ «សម្រាប់ការចាក់ដី យើងគិតថានឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័នទាំងមូលអាចនឹងរួចរាល់នៅចុងឆ្នាំ ២០២៣»។
លោកបន្តថា ការសាងសង់អាចយឺតជាងផែនការបន្តិច ព្រោះការរីករាលដាលកូវីដ ១៩ បានតម្រូវឱ្យក្រុមហ៊ុនរឹតបន្តឹងលើការត្រួតពិនិត្យសុខភាពក្រុមកម្មករជាប្រចាំ ដើម្បីស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកនិយាយថា៖ «ការសាងសង់នៅដំណើរការទៅមុខជាប្រចាំ គ្រាន់តែមិនមានល្បឿនលឿនដូចមុនពេលមានកូវីដ ១៩ ព្រោះយើងមិនមានកម្លាំងពលកម្មគ្រប់គ្រាន់»។
លោកបន្ថែមថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ នៅពេលនេះ នឹងជួយឱ្យវិស័យសំណង់នៅកម្ពុជា ចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញជាលំដាប់។
តាមការប៉ាន់ស្មាន នៅពេលគម្រោងនេះចាប់ផ្តើមដំណើរការសាងសង់ពេញលេញអាចនឹងត្រូវការកម្លាំងពលកម្មប្រមាណ ៧ ពាន់នាក់ក្នុង ១ ថ្ងៃ។
បើតាម លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពេលបើកការដ្ឋានសាងសង់ស្ពាន ២ ខ្សែភ្ជាប់ទៅ កោះពេជ្រ និងផ្លូវជាតិលេខ ១ កាលពីខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ ៥៥០ លានដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ននៅលើកោះនរា ដើម្បីអាចឱ្យមនុស្សរស់នៅបានប្រមាណ ៥ ម៉ឺននាក់។
ស្ពានចំនួន ២ ខ្សែដែលភ្ជាប់ពីកោះនរា ទៅក្រុងរណបកោះពេជ្រ និងផ្លូវជាតិលេខ ១ ក្នុងគម្រោងចំណាយសរុប ៣៩,៦ លានដុល្លារត្រូវរំពឹងថា នឹងក្លាយជាកម្លាំងចលករក្នុងការធ្វើឱ្យកោះនរា ក្លាយជាកន្លែងដែលមានភាពទាក់ទាញទាំងការរស់នៅ ធ្វើការងារ និងបើកអាជីវកម្ម។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា នៅពេលមានស្ពានទាំង ២ បើកដំណើរការ កោះនរានឹងក្លាយជាទីតាំងនៅជាប់ចំណុចកណ្តាលរាជធានី-ភ្នំពេញ និងផ្លូវជាតិលេខ ១។ ទីនោះនឹងក្លាយជាកន្លែងដ៏ល្អសម្រាប់ការរស់នៅ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងនៅជាប់មាត់ទន្លេដែលមានអាកាសធាតុ និងបរិស្ថានស្រស់បំព្រង។
លោកអះអាងថា៖ «កោះនរាស្ថិតចំទីតាំងល្អលើគ្រប់ទិដ្ឋភាពទាំងការរស់នៅ និងវិនិយោគ ហើយទីផ្សារអចលនទ្រព្យនៅទីនោះនឹងមានកំណើនខ្ពស់នៅពេលអនាគត»។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យការអនុម័តលើគម្រោងសាងសង់នៅកម្ពុជាក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២១ មានចំនួនសរុប ១ ៨២៣ ធ្លាក់ចុះប្រមាណ ២៧៨ គម្រោងបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២០៕ LA
វីដេអូ៖