​ភ្នំពេញៈ ចលនា​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​វិញ​ជា​បណ្តើរៗ​ហើយ បន្ទាប់ពី​ជាប់គាំង​មួយរយៈ​ក្រោយ​ការ​​ចាកចេញ​យ៉ាងគំហុក​នៃ​ភ្ញៀវ​ជនជាតិ​ចិន និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​ ១៩​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​ក្នុង​គោលបំណង​អភិវឌ្ឍ​ខេត្ត​ព្រះ​​សីហនុ​ឱ្យក្លាយ​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» រដ្ឋាភិបាល​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ បានសម្រេច​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​ច្ចេកទេស​អន្តរក្រសួង ដើម្បី​រៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើ​​ប្រាស់​ដីធ្លី​នៅ​ទីនោះ​ឱ្យមាន​ប្រសិទ្ធ​​ភាព និង​និរន្តរភាព​។​

​បន្ថែម​ពីលើ​នេះ កាលពី​សប្តាហ៍​មុន រដ្ឋសភាជាតិ ទើបបាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​វិនិយោគ និង​កិច្ចព្រមព្រៀង​លក្ខណៈ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​​ជ្រុងជ្រោយ​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​អ្នក​​វិនិយោគ​រំពឹងថា កម្ពុជា​នឹង​ទទួល​បានការ​ចូលមក​បណ្តាក់ទុន​ពី​វិនិយោគិន​បរទេស​កាន់តែច្រើន ពិសេស​បន្ទាប់ពី​វិបត្តិ​កូ​វីដ ​១៩ មាន​ភាព​ធូរស្រាល​។​

​ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៥ ខែកញ្ញា​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​កំពុង​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ដោយមាន​ក្រុម​អ្នក​វិ​និ​-​យោគ​ក្នុងស្រុក​មួយចំនួន​ចាប់ផ្តើម​ស្វែងរក​ទិញ និង​ជួល​អចលនទ្រព្យ​សម្រាប់​បើក​អាជីវកម្ម​។

លោក​បន្តថា ភាពល្អប្រសើរ​នេះ អាចមកពី​កត្តារួម​ផ្សំ​មួយចំនួន​ដូចជា កំណើន​ភ្ញៀវ​ទេស​ចរ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ការចាក់​វ៉ា​ក់​សាំង​ប្រឆាំងនឹង​កូ​វីដ ​១៩ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ព្រលាន​​យន្តហោះ និង​ការវិនិយោគ​នៅតាម​បណ្តា​កោះ​ជាដើម​។​

​លោក​បាន​លើកឡើងថា​៖ «​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​មាន​ចលនា​ឡើងវិញ​ហើយ ពិសេស​ទីផ្សារ​ជួល ខណៈ​តម្លៃ​មានការ​ប្រែប្រួល​តិច​តួច​បើ​ធៀប​នឹង​ដើមឆ្នាំ​។ សម្រាប់​ទីផ្សារ​ជួល​ទីតាំង​បើក​អាជីវកម្ម​នៅ​ចុង​ត្រីមាស​ទី​៣​នេះ ខ្ញុំ​គិតថា ​អាចមាន​កំណើន​ប្រហែល ២០ ​ភាគរយ ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១»​។​

​លោក​ឱ្យដឹងទៀតថា ចលនា​ទីផ្សារ​នេះ​នឹងមាន​ភាព​មមាញឹក​ខ្លាំង​នៅក្នុងពេល​ឆាប់ៗ ព្រោះ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​ ១៩ អាច​គ្រប់គ្រង​បាន នឹងមាន​អ្នកវិនិយោគ​កាន់តែច្រើន​សម្រុក​មក​វិ​និ​​យោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទីតាំង​នេះ​មាន​លក្ខណៈ​អំណោយ​ផល​លើ​គ្រប់​វិស័យ​រាប់​ចាប់តាំងពី​វិស័យ​ទេសចរណ៍ ការវិនិយោគ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ផ្លូវ​សមុទ្រ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា ​ផងដែរ​។​

​កម្ពុជា​គ្រោង​រៀបចំ​វេទិកា​ទេសចរ​ណ៍​អាស៊ាន​ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះ​សីហនុ ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែ មករា ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​អាស៊ាន​សហគមន៍​សន្តិ​ភាព និង​វាសនា​តែមួយ​» ឆ្ពោះទៅកាន់​ការស្តារ និង​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ប្រកបដោយ​ភាព​ធន់ និរន្តរភាព និង​ភាព​ទទួលខុសត្រូវ​នាពេល​អនាគត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​។​

​លោក សំ សុខ​នឿន ប្រធាន​សមា​​គម​អចលនទ្រព្យ​សកលបានឱ្យដឹងថា វឌ្ឍនភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​ ១៩ និង​ការសម្រេចបាន​ជោគជ័យ​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩ ព្រមទាំង​ការអនុម័ត​របស់​រដ្ឋ​សភា លើ​សេចក្តីព្រាងច្បាប់​វិនិយោគ និង FTA ជាមួយ​ប្រទេស​ចិន កាលពី​ថ្មីៗ​នេះ កំពុង​ចូលរួមចំណែក​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចកម្ពុជា​ងើប​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។

លោក​បន្តថា សកម្មភាព​ទិញ លក់ ជួល​អ​ច​លន​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹងមាន​កំណើន​កាន់តែ​ខ្ពស់​។ ទោះយ៉ាងណា តម្លៃ​នឹងមិន​លោត​ឡើង​ខ្ពស់​ដូច​កាល​​ពី​អំឡុង​ឆ្នាំ​ ២០១៨-២០១៩ ទៀត​ទេ ព្រោះ​ទីនោះ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​រួចទៅហើយ​។​

​លោក​អះអាង​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ថា​៖ «​ទីផ្សារ​នេះ​ចាប់ផ្តើម​មាន​ចលនា​វិញ​ហើយ ហើយ​វា​នឹង​កាន់តែ​រស់​រវើក​នៅពេល​កូ​វីដ ​១៩ អាច​គ្រប់គ្រង​បាន​។ វិធានការ និង​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើត និង​កែសម្រួល​ច្បាប់​វិនិយោគ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​កំណើន​លើ​គ្រប់​វិស័យ​»​។​

​លោក​ប្រាប់ទៀតថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ស្ថាបនា ក៏​នឹង​ក្លាយជា​ចំណែក​ក្នុងការ​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​មាន​កំណើន​។​

​លោក​បន្ថែមថា ដោយសារ​អចលន​​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ពឹងផ្អែក​ភាគច្រើន​លើ​វិនិយោគិន​ចិន ដូច្នេះ​អចលនទ្រព្យ​នៅ​ទីនោះ​មាន​សម្ទុះ​ខ្លាំង​កម្រិតណា ក៏​អាស្រ័យទៅលើ ការមកដល់​នៃ​វិនិយោគិន​ចិន​ផងដែរ​។​

​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ថ្ងៃទី​ ១១ ខែ មិថុនា ឆ្នាំ​ ២០២១ ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង ១៩០​ គីឡូម៉ែត្រ​ បានសម្រេច​ការសាងសង់​ប្រមាណ ​៥៥,០៥​ ភាគរយ និង​គ្រោង​បញ្ចប់​នៅចុងខែ​ឧសភា ឆ្នាំ ​២០២៣៕ LA​

វីដេអូ៖