
ដីដាក់លក់ ១ កន្លែង ក្នុងខេត្តកោះកុង។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យលើកឡើងថា ការត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា ព្រមជាមួយនឹងផែនការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ខេត្តកោះកុង) នៅដំណាច់ឆ្នាំនេះនឹងរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តកោះកុង និងតំបន់ក្បែរខាងមានសម្ទុះកើនឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកញ្ញា បានប្រកាសថា ការទទួលជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងផ្តល់លទ្ធភាពឱ្យប្រទេសកម្ពុជា អាចបើកទ្វារទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ក្នុងពេលឆាប់ៗ។
បន្ថែមពីលើនេះក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីថ្ងៃទី ២១ កញ្ញា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក៏បានឯកភាពឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះត្រៀមបើកដំណើរការសាកល្បងតាមលក្ខណៈបច្ចេកទេសនៅដំណាច់ឆ្នាំនេះផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២២ ខែកញ្ញា ថា នៅពេលមានការអភិវឌ្ឍ ឬការធ្វើដំណើរឆ្លងកាត់ច្រើន តម្លៃអចលនទ្រព្យនឹងកើនឡើងដោយស្វ័យប្រវត្តិ។ អាកាសយានដ្ឋានអន្តរជាតិនេះនឹងរួមចំណែកច្រើនដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់នោះ ព្រោះនៅពេលព្រលានយន្តហោះចាប់ផ្តើមដំណើរការ វិស័យសំខាន់ៗដូចជាវិស័យដឹកជញ្ជូន និងទេសចរណ៍ ប្រាកដជានឹងមានដំណើរការល្អ ដូចជាតម្រូវការកន្លែងស្នាក់នៅ កម្សាន្ត និងឃ្លាំងស្តុកទំនិញជាដើម។ នៅពេលមានតម្រូវការកន្លែងទាំងអស់នេះ តម្លៃអចលនទ្រព្យនឹងកើនឡើងតាមនោះដែរ។
លោកលើកឡើងថា៖ «ការត្រៀមបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ព្រមជាមួយផែនការបើកដំណើរការព្រលានយន្តហោះនេះនឹងធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតំបន់ក្បែរខាងព្រលានយន្តហោះតារាសាគរ កើនឡើងមួយកម្រិត។
លោកបន្តថា ទោះយ៉ាងណាការកើនឡើងតម្លៃ និងតម្រូវការអចលនទ្រព្យនៅទីនោះនឹងមិនមានសម្ទុះខ្លាំងដូចក្នុងខេត្តព្រះសីហនុ ដែលនៅជាប់នោះទេ ដោយវានៅត្រូវការពេលបន្ថែមទៀត។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA លោក នួន រិទ្ធី និយាយថា នៅពេលព្រលានយន្តហោះតារាសាគរបើកដំណើរការ ហើយជើងហោះហើរលក្ខណៈអន្តរជាតិចាប់ផ្តើមចូលមក កំណើនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានចំនួនច្រើន ដែលវានឹងធ្វើឱ្យទីផ្សារអចលនទ្រព្យនៅទីនោះអាចកើនឡើងច្រើន ឬអាចជិតទ្វេដងបើធៀបនឹងបច្ចុប្បន្ន។
លោកបន្តថា មួយវិញទៀត ដោយសារវាជាព្រលានយន្តហោះខ្នាតអន្តរជាតិ និងនៅជាប់មាត់សមុទ្រ ដូច្នេះវានឹងមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគធំៗ ឱ្យទៅបណ្តាក់ទុននៅក្បែរៗនោះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ការមកដល់នៃយន្តហោះធំៗនៅក្នុងព្រលានយន្តហោះខេត្តកោះកុង នឹងចូលរួមចំណែកច្រើនក្នុងការជំរុញកំណើនតម្លៃ និងតម្រូវការអចលនទ្រព្យឱ្យមានសម្ទុះខ្លាំង។ តម្លៃអចលនទ្រព្យក៏នឹងកើនទៅតាមនោះដែរ»៕ LA