ទីក្រុងហាណូយៈ ទីផ្សារអាផាតមិននៅទីក្រុង ហាណូយ បានធ្លាក់ចុះប្រតិបត្តិការច្រើនក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ដោយសារការបិទទីក្រុងរយៈពេល ២ ខែ អំឡុងពេលផ្ទុះឡើងនៃកូវីដ ១៩។
ចំពេលមានការរំខានចំពោះសកម្មភាពលក់ ដោយសាររលកថ្មីនៃកូវីដ១៩ ចាប់ពីចុងខែកក្កដា ទៅដល់ចុងខែកញ្ញា ចំនួនយូនីតដែលបានលក់កត់ត្រាក្នុងត្រីមាសទី៣ មានចំនួន ៣០០០ យូនីត ដេលធ្លាក់ចុះ ៣៣ ភាគរយ ធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍ CBRE ប្រចាំប្រទេសវៀតណាម ដោយផ្តោតសំខាន់លើទីផ្សារអចលនទ្រព្យក្នុងរដ្ឋធានី ហាណូយ។ មានចំនួនយូនីតសរុប ១១ ០០០ ត្រូវបានលក់ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ដោយធ្លាក់ចុះត្រឹម ១ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។
ទោះបីជាបែបណា ទីផ្សារអចលនទ្រព្យមើលឃើញនូវសញ្ញាវិជ្ជមានលើអត្រាដែលបានលក់នៃគម្រោងថ្មីៗ។ ក្នុងត្រីមាសទី៣ គម្រោងថ្មីៗដែលបានដាក់លក់មានអត្រារហូតដល់ទៅ ៥២ ភាគរយ អំឡុងពេលត្រីមាសដែលបានដាក់លក់ដំបូង ដែលជាអត្រាខ្ពស់ជាងការកត់ត្រាទុកក្នុងឆ្នាំ ២០១៩-២០២០ ដែលមាន ៤១ និង ៤២ ភាគរយ។
ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ ការដាក់លក់អាផាតមិនថ្មីសរុបក្នុងទីក្រុងហាណូយ កើនឡើងបន្តិចធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទោះបីមានកម្រិតទាបជាងមុនពេលរីករាលដាលកូវីដ១៩។
ជាពិសេស ការដាក់ដំណើរការគម្រោងថ្មីសរុបអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំនេះ មាន ១១ ៤៣០ យូនីត ដែលកើនឡើង ៧ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះការដាក់ដំណើរការក្នុងត្រីមាសទី៣មានចំនួន ៣ ៤៨៣យូនីត កើនឡើង ១ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ៩៣ ភាគរយនៃយូនីតដាក់ដំណើរការថ្មីសរុបគឺកើតមានពីការអភិវឌ្ឍក្រុងក្នុងភាគខាងកើតនិងខាងលិចនៃទីក្រុង ហាណូយ។
សកម្មភាពដំណើរការគឺភាគច្រើនលើសលុបក្នុងខែកក្កដាមុនពេលបិទខ្ទប់រយៈពេល២ខែ និងបន្តរហូតដល់ចុងខែកញ្ញា ពេលដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយ៕ VNS-ANN/RR