ភ្នំពេញៈ ការបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សាររបស់គម្រោងអភិវឌ្ឍន៍ខុនដូធំៗ ២ ដែលមានបន្ទប់ស្នាក់នៅជិត ១ ៦០០ យូនីតបានធ្វើឱ្យចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ កើនដល់ប្រមាណ ៣០ ០០០ យូនីត។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ១២ ខែតុលា បង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ ២០២១ មានខុនដូចំនួន ២ បានបញ្ចប់ការសាងសង់គឺ The Peak (ជិតកោះពេជ្រ) និង The Gateway (មហាវិថីសហព័ន្ធរុស្ស៊ី) ដោយគម្រោងទាំង ២ នេះមានបន្ទប់សរុប ១ ៥៨៦ យូនីត។ ចំនួននេះស្មើនឹងអត្រាកំណើន ៥,៦ ភាគរយ បើធៀបទៅនឹងចំនួនយូនីតកាលពីត្រីមាសទី ២ ឆ្នាំ ២០២១។
បើតាមការស្រាវជ្រាវរបស់ CBRE Cambodia ទាំងតម្លៃលក់ និងជួលរបស់ខុនដូក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២១ គឺនៅបន្តធ្លាក់ចុះដូចគ្នា។ មូលហេតុចម្បងគឺបណ្តាលមកពីវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យអត្រាប្រើប្រាស់ធ្លាក់ចុះយ៉ាងច្រើន។ ក្នុងនោះតម្លៃលក់ ធ្លាក់ចុះជាមធ្យមចន្លោះពី ១,៨-៣ ភាគរយ និងតម្លៃជួល ធ្លាក់ពី ៥,៦-៧,៨ ភាគរយ។
បច្ចុប្បន្នទីផ្សារខុនដូត្រូវបានគេចែកចេញជា ៣ ប្រភេទ គឺខុនដូប្រណីត (High-end) មានតម្លៃលក់មធ្យម ២ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ប្រភេទមធ្យម (Mid-Range) មានតម្លៃ ២ ០៥០ ដុល្លារ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ១ ៤៦០ ដុល្លារ។
ចំណែកតម្លៃជួលក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ គឺខុនដូប្រណីតមានតម្លៃមធ្យម ១១,៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ, ប្រភេទមធ្យម ៩,៤ ដុល្លារ និងប្រភេទតម្លៃសមរម្យមានតម្លៃ ៧,៩ ដុល្លារ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៣ ខែតុលា ថា ដើម្បីឱ្យទីផ្សារ និងតម្លៃរបស់ខុនដូនៅកម្ពុជាហក់ឡើងវិញគេត្រូវការពេលយ៉ាងតិច ៦ ខែ បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ចទូលំទូលាយឡើងវិញ។ អ្នកនាងបានបន្ថែមថា ដោយសារទីផ្សារខុនដូនៅកម្ពុជា ពឹងផ្អែកភាគច្រើនលើអតិថិជនបរទេស ហេតុនេះការបិទ ឬរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទីផ្សារមួយនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។
អ្នកនាង គិនកេសា អះអាងថា៖ «ការធ្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចពិភពលោក និងឧបសគ្គនៃការធ្វើដំណើរបានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជាធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីវិបត្តិជំងឺកូវីដ ១៩ មក»។
ការសិក្សាខាងលើក៏បានរកឃើញថា ក្នុងចំណោមគម្រោងទាំង ៦ ដែលគ្រោងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី ៣ កន្លងមក គឺមានតែគម្រោង ២ ខាងលើដែលបញ្ចប់ការកសាងតាមផែនការ ខណៈ ៤ ទៀតត្រូវពន្យារពេលទៅឆ្នាំក្រោយ។
ប្រធានផ្នែកលក់ និងជួលលំនៅឋានរបស់ក្រុមហ៊ុន CBRE Cambodia លោក ប៉ែន ដាវីត បានលើកឡើងថា ផលរំខានដោយសារចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ គឺមានន័យថា ការបញ្ចប់គម្រោងជាច្រើននឹងត្រូវបានពន្យារពេល៕ LA