ភ្នំពេញៈ ឥទ្ធិពលនៃការអូសបន្លាយពេលការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទុនវិនិយោគវិស័យសំណង់នៅកម្ពុជា ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២៤,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ ២០២១ គម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតឱ្យសាងសង់មានចំនួន ២ ៩០១ ធ្លាក់ចុះ ៤៤៩ គម្រោង ចំណែកទុនវិនិយោគមានតម្លៃសរុប ៣ ៨៤៣ លានដុល្លារ ធ្លាក់ចុះ ២៤,៤ ភាគរយ។
ទិន្នន័យឱ្យដឹងទៀតថា ក្នុងនោះប្រភេទសំណង់លំនៅឋានមាន ២ ៥៣០ គម្រោងស្មើនឹង ៨៧,២ ភាគរយនៃសំណើសុំសាងសង់សរុប ធ្លាក់ចុះ ៤៤៥ គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តទទួលផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ជាពិសេសពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយពេលរហូតដល់ពេលបច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗនៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិធានការរបស់ប្រទេសនីមួយៗក្នុងការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេសរបស់មនុស្ស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បានបង្អាក់ដល់ក្រុមវិនិយោគិនបរទេសក្នុងការចូលមកវិនិយោគលើវិស័យសំណង់ធំៗនៅកម្ពុជា។
ការធ្លាក់ចុះចំនួនគម្រោង និងទុនវិនិយោគភាគច្រើន កើតមានតែចំពោះគម្រោងវិនិយោគធំៗ ដែលមានវិនិយោគិនជាជនជាតិបរទេស ខណៈការវិនិយោគលើសំណង់ផ្ទះល្វែង និងសំណង់លក្ខណៈបុរី ដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក គឺមិនមានបញ្ហាអ្វីនោះទេ។
លោកបន្តទៀតថា៖ «ចំនួនគម្រោង និងទឹកប្រាក់វិនិយោគវិស័យសំណង់ នឹងកើនឡើងវិញ នៅពេលការធ្វើដំណើរឆ្លងប្រទេសបានបើកទូលាយ»។
លោកប្រាប់ទៀតថា អ្វីជាការកត់សម្គាល់នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩ នេះ គឺការវិនិយោគរបស់វិនិយោគិនក្នុងស្រុក បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់។
កម្ពុជាកំពុងមានផែនការបើកទទួលភ្ញៀវបរទេសចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ រួចនាពេលឆាប់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្លួនឡើងវិញ។
ក្នុងឆ្នាំ ២០២០ ទុនវិនិយោគក្នុងវិស័យសំណង់មានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣២,១ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ដោយឡែកចំនួនគម្រោងដែលត្រូវក្រសួងបានអនុម័តក្នុងឆ្នាំ ២០២០ មាន ៤ ៨៤១ កើន ១ ភាគរយ។ នេះបើយោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា៕ LA