ទីក្រុងប៉េកាំងៈ តួលេខ​ផ្លូវការ​បានបង្ហាញ​នៅ​ថ្ងៃ​អង្គារ​ឱ្យដឹងថា វិស័យ​អចលនទ្រព្យ​ និង​ការសាងសង់​របស់​ប្រទេស​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី ​៣ ជា​លើកដំបូង​ចាប់តាំងពី​មាន​ការរីករាលដាល​កូវីដ​ ១៩ ពេលដែល​វិស័យនេះ​ប្រឈម​សម្ពាធ​កើនឡើង​ពី​ការបង្ក្រាប​កាន់តែ​ធំ​ឡើង​លើ​ឧស្សាហកម្ម​អចលនទ្រព្យ​កំពុង​អាប់អួរ​របស់​ប្រទេស​នេះ​។

តួលេខ​ត្រូវបាន​ផ្សព្វផ្សាយ​ចេញ​ ១ ​ថ្ងៃ​បន្ទាប់​តួលេខ​បង្ហាញថា សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក កើតឡើង​យឺត​ជាង​ការព្យាករ​ក្នុង​រយៈពេល​ដូចគ្នា ដោយសារ​ការរឹតបន្តឹង​បញ្ញត្តិ​ព្រមទាំង​វិបត្តិ​ថាមពល​។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​លើកឡើង​ក្នុង​របាយការណ៍​ដោយ​បែងចែក​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ផលិតផល​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ ១,៦ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

របាយការណ៍​បង្ហាញ​ពី​ការធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​ត្រីមាស​ទីមួយ​ឆ្នាំ​ ២០២០ ពេល​ដែល​ការផ្ទុះ​ឡើង​កូវីដ​ ១៩ ​នៅ​ចិន​នៅ​ចំណុច​ខ្ពស់បំផុត ហើយ​ស្ទុះ​ងើបឡើង​វិញ​ពី​កំណើន​ ៧,១ ​ភាគរយ​ក្នុង​ត្រីមាស​បន្ទាប់​នៃ​ឆ្នាំ​នោះ​។

របាយការណ៍​បាន​ឱ្យដឹងថា នៅពេល​ជាមួយ​គ្នា​នោះ ទិន្នផល​ពី​ការសាងសង់​ធ្លាក់ចុះ​ ១,៨ ​ភាគរយ​ដែល​ក៏បាន​បង្ហាញ​នូវ​ការធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​ត្រីមាស​ដំបូង​នៃ​ឆ្នាំមុន​។

យោងតាម​ទិន្នន័យ​លើកឡើង​ដោយ Bloomberg News មុន​ការរីករាលដាល វិស័យ​សំណង់​របស់​ប្រទេស​ចិន​មិន​ដែល​ធ្លាក់ចុះ​នោះទេ ចាប់តាំងពី​ឆ្នាំ​ ១៩៩២ ពេលដែល​ទិន្នន័យ​ត្រូវបាន​គេ​ចាប់ផ្តើម​ចងក្រង​។

អចលនទ្រព្យ​ និង​ការសាងសង់​ជា​សសរស្តម​នៃ​សេដ្ឋកិច្ច​ចិន ដែល​ធ្វើជា​គ្រឹះ​សម្រាប់​វិស័យ​ផ្សេងៗ​ទៀត ដូចជា សម្ភារ​ប្រើប្រាស់​ និង​ការតុបតែង​លម្អ​។

ប៉ុន្តែ​វិស័យ​នេះ​រង​ការវាយប្រហារ​ពេល​ដែល​ទីក្រុង​ប៉េកាំង​រៀបចំ​បទបញ្ញត្តិ​រឹតត្បិត​លើ​វិស័យ​អចលនទ្រព្យ រួមទាំង​ច្បាប់​រឹតបន្តឹង​ការផ្តល់​ប្រាក់កម្ចី​។

ការសម្រេច​នេះ​ធ្វើឱ្យ​ប៉ះ​ដល់​ការរអិល​ចូលទៅក្នុង​វិបត្តិ​បំណុល​តម្លៃ​ ៣០០ ​ពាន់​លាន​ដុល្លារ​នៅ​ក្រុមហ៊ុន Evergrande របស់​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​របស់​ជាតិ ដែល​វាយដំ​សតិអារម្មណ៍​អ្នក​វិនិយោគិន និង​បង្កើន​ការភ័យខ្លាច​នៃ​ការរីករាលដាល​ទៅក្នុង​សេដ្ឋកិច្ច​កាន់តែ​ធំ​ជាង​នេះ​។

ធនាគារ​កណ្តាល​ចិន​បាន​និយាយថា ហានិភ័យ​នៃ​ជាប់​បន្ត​គ្នា​អាច​គ្រប់គ្រង​បាន​ហើយ Evergrande នឹង​អាច​បន្ត​គម្រោង​ដែល​មិនទាន់​បញ្ចប់​បាន​៕ RR