The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង Arakawa Residence បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​នៃ​ដំណាក់កាល​ទី ​២




គម្រោង Arakawa Residence បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​នៃ​ដំណាក់កាល​ទី ​២

Content image - Phnom Penh Post
ទិដ្ឋភាព​អគារ​ទាំង ១៦ នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ Arakawa Residence​។ សហការី

គម្រោង Arakawa Residence បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​នៃ​ដំណាក់កាល​ទី ​២

ភ្នំពេញៈ ដំណើរការ​សាងសង់​គម្រោង​អគារ​ស្នាក់នៅ​រួម​តម្លៃ​សមរម្យ​អារ៉ាខាវ៉ា (Arakawa Residence) ដែលមាន​ទុនវិនិយោគ​ជាង ៧០ ​លាន​ដុល្លារ​បាននិង​កំពុង​ដំណើរ​ទៅមុខ​ជាប្រចាំ ដោយ​ដំណាក់កាល​ទី​ ១ មាន​អតិថិជន​ចូល​ស្នាក់នៅ​ប្រហែល ១០០ ​យូនីត ចំណែក​ដំណាក់កាល​ទី២ បានបញ្ចប់​គ្រោង​អគារ​រួច​ទាំងស្រុង​។

Arakawa Residence គឺជា​គម្រោង​អភិវឌ្ឍន៍​ខុនដូ​តម្លៃ​សមរម្យ​ដែល​សាងសង់​នៅលើ​ផ្ទៃដី ១,៣៦ ​ហិកតា​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​ចែកចេញជា ២ ដំណាក់កាល​ក្នុង​នោះ​ដំណាក់កាល​ទី​ ១ មាន​អគារ​កម្ពស់ ២១ ​ជាន់​ចំនួន ១០ និង​ដំណាក់កាល​ទី​២ ចំនួន ៦​។

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co.,Ltd បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២០ ខែតុលា​ថា បើទោះបី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ទៅដល់​មនុស្ស​ជាច្រើន ក៏​សកម្មភាព​សាងសង់​របស់​គម្រោង​នេះ​មិនបាន​ផ្អាក​ឡើយ​។ ជាក់ស្តែង​ការសាងសង់​ក្នុង​ដំណាក់កាល​ទី​ ២ ដែលមាន​អគារ​ចំនួន ៦ នៅពេលនេះ​បានបញ្ចប់​គ្រោង​អគារ ១០០ ​ភាគរយ​រួចហើយ ដោយ​រំពឹងថា​នឹង​អាច​បើក​ឱ្យ​អតិថិជន​ចូល​ស្នាក់នៅ​ចាប់ពី​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ តទៅ​។ លោក​បន្តថា គម្រោង​នេះ​ត្រូវបាន​សាងសង់​ដោយ​ផ្តោតលើ​គុណភាព​សំណង់ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​។

លោក​បន្ថែមថា​៖ «​មហិច្ឆតា​ក្នុង​ការបញ្ចប់​ការសាងសង់​ទៅតាម​ផែនការ បានធ្វើឱ្យ​ដំណើរការ​សាងសង់​របស់​យើង​ដំណើរការ​ទៅមុខ​ដោយ​រលូន​។ ពេលនេះ​ក្រុមការងារ​កំពុង​រៀបចំ​តភ្ជាប់​បណ្តាញទឹក ភ្លើង និង​រៀប​ឥដ្ឋ​ជា​បណ្តើរៗ​ហើយ​សម្រាប់​ដំណាក់កាល​ទី ២​។ យើង​រំពឹងថា Arakawa Residence នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​»​។

ទាក់ទង​នឹង​ការលក់ លោក សុធារ៉ា អះអាងថា វិបត្តិ​ជំងឺ​កូវីដ ១៩ បានធ្វើឱ្យ​ការលក់​ថមថយ​មួយកម្រិត​។ លោក​និយាយថា​៖ «​កូវីដ​ ១៩ ធ្វើឱ្យ​អតិថិជន​មួយចំនួន​ជួប​បញ្ហា​ក្នុង​ការបង់ប្រាក់ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ខិតខំ​ជួយ​សម្របសម្រួល​ដល់​ពួកគេ​»​។

បើតាម​ក្រុមហ៊ុន Arakawa Co., Ltd ចំនួន​បន្ទប់​ (​យូនីត​) ទាំង​ ១ ៦៨០ ​យូនីត​នៃ​ដំណាក់កាល​ទី​ ១ បាន​លក់​អស់​ ១០០ ​ភាគរយ ខណៈ​ដំណាក់កាល​ទី​ ២ ចំនួន ១ ៤៨៤ យូនីត លក់បាន​ប្រហែល​ ៣០០ ​យូនីត​។ បន្ទប់​ក្នុង​គម្រោង​នេះ​មាន ២ ប្រភេទ គឺ​ទំហំ ២៣ ម៉ែត្រការ៉េ និង ៤៦ ម៉ែត្រការ៉េ និង​មានតម្លៃ​ចាប់ពី ៣០ ៥០០ ដល់ ៧១ ៣៣០ ​ដុល្លារ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាន​និយាយថា គម្រោង Arakawa Residence បានទទួល​ការចាប់អារម្មណ៍​ច្រើន ព្រោះ​ជា​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​មាន​ទីតាំង​ល្អ​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ផ្តល់​លទ្ធភាព​ច្រើន​ដល់​អ្នកមាន​ប្រាក់ចំណូល​មធ្យម ទាំង​តម្លៃ​លក់ និង​វិធីសាស្ត្រ​បង់ប្រាក់​។

លោក​ប្រាប់ថា​៖ «Arakawa Residence ជា​គម្រោង​មាន​ភាពទាក់ទាញ ព្រោះ​នៅ​ជិត​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ និង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​អ្នក​ដែល​មិនសូវមាន​ថវិកា​ក្នុង​ដៃ​ច្រើន​»​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាលពី​ថ្ងៃទី​ ១២ ខែតុលា បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ ២០២១ ចំនួន​បន្ទប់​ស្នាក់​នៅក្នុង​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ ៣០ ០០០ ​យូនីត​។

បើ​យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៥ ដោយមាន​លក្ខណៈ​ជា​សំណង់​លំនៅឋាន (​ផ្ទះ​) ចំនួន ៨ ៣៣១ ខ្នង និង​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ​ (​ខុនដូ​) ​ចំនួន ៧ ២៥៦ យូនីត​៕ LA

អត្ថបទគួរចាប់អារម្មណ៍