ភ្នំពេញៈ ទីតាំង​កន្លែង​ជួល​លក់រាយ​ (Retail) ចំនួន ៣ បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ ដែល​ធ្វើឱ្យ​ក្រឡា​ផ្ទៃ​កន្លែង​លក់រាយ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២១ មាន​ប្រមាណ ៣៧០ ០០០ ​ម៉ែត្រការ៉េ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​បានឱ្យដឹងថា កាលពី​ត្រីមាស​ទី​ ៣ កន្លងមក​ក្នុង​រាជធានី​ភ្នំពេញ​មាន​កន្លែង​លក់រាយ​ប្រភេទ Community Mall ចំនួន ៣ បានដាក់​ចូល​ទីផ្សារ​ដែល​រួមមាន​គម្រោង SCG Design Village, The Commune និង MC Park​។

យោងតាម CBRE Cambodia សម្រាប់​អត្រា​ប្រើប្រាស់​របស់​កន្លែង​លក់រាយ​នៅ​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ គឺមាន​ចំនួន ៦៧,៧ ​ភាគរយ​ធ្លាក់ចុះ ៣,៨ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

ចំណែក​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​៣ គឺ​កន្លែង​ជួល​លក់រាយ​ប្រភេទ Prime High Street (​ហាង​លក់ទំនិញ​តាម​ផ្លូវធំៗ​) មានតម្លៃ​ជួល​មធ្យម ២៣,៦០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​រយៈពេល ១ ​ខែ ធ្លាក់ចុះ ០,៤ ​ភាគរយ​ធៀប​ត្រីមាស​ទី​២ ឆ្នាំ​ ២០២១, Shopping Mall (​ផ្សារ​ទំនើប​ខ្នាត​ធំ​) មានតម្លៃ ៤០,៨០ ​ដុល្លារ ធ្លាក់ចុះ ២,៤ ​ភាគរយ​, Retail Podium (​ហាង​លក់ទំនិញ​តាម​អគារ​ពាណិជ្ជកម្ម​) មានតម្លៃ ២៤,៣០ ​ដុល្លារ ធ្លាក់ចុះ ៩ ​ភាគរយ និង Community Mall មានតម្លៃ​ថេរ ២១,៥០ ​ដុល្លារ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៧ ខែតុលា​ថា ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក​កាលពី​ដើមឆ្នាំ​ ២០២០ ទីផ្សារ​កន្លែង​ជួល​លក់រាយ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្វីដែល​ជា​ការដាក់​សម្ពាធ​បន្ថែម​នោះ គឺ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បង្ខំ​ឱ្យ​អាជ្ញាធរ​បិទ​កន្លែង​លក់រាយ​មួយចំនួន​ ដើម្បី​កាត់ផ្តាច់​ការឆ្លង​ជំងឺ​កូវីដ ​១៩​។

អ្នកនាង គិនកេសា អះអាងថា​៖ «​ទោះបី​ពេលនេះ​រដ្ឋាភិបាល​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ជាច្រើន​វិញ​ហើយ​ក៏ដោយ ក៏​ទីផ្សារ​តម្រូវការ​កន្លែង​ជួល និង​តម្លៃ​របស់​ទីតាំង​លក់រាយ​មិនបាន​ស្ទុះ​ឡើងវិញ​ភ្លាមៗ​ទេ​។ បើតាម​ការប៉ាន់ប្រមាណ ដើម្បី​ឱ្យ​ទីផ្សារ​នេះ​មាន​ចលនា​ឡើងវិញ គេ​ត្រូវការ​ពេល​មិនតិចជាង ៦ ​ខែ​នោះទេ បន្ទាប់ពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​មាន​ដំណើរការ​ជាធម្មតា​»​។

ទាក់ទង​នឹង​តម្លៃ​ជួល និង​អត្រា​ប្រើប្រាស់ អ្នកនាង កេសា បាន​អះអាង​ថា នឹងមិន​ងាយ​ងើបឡើង​វិញ​ទេ​នៅក្នុង​អំឡុងពេល​ខាងមុខ​ឆាប់ៗ​នេះ ព្រោះ​ក្តីបារម្ភ​ពី​ការផ្ទុះ​ជាថ្មី​នៃ​ជំងឺ​កូវីដ-១៩ និង​ការដាក់ចូល​ទីផ្សារ​នៅតែមាន​ជា​បន្តបន្ទាប់​៕ LA