ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ​កំពុង​ជំរុញ​ធ្វើឱ្យ​នីតិវិធី និង​បច្ចេកទេស​នៃ​ការវាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ដើរ​ស្រប​ជាមួយ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន​ (ASEAN Valuers Association-AVA) ខណៈ​ការវាយតម្លៃ​អចលនទ្រព្យ​ដែលមាន​ភាពច្បាស់លាស់ និង​សុក្រឹត​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ជំនឿ​ចិត្ត​ដល់​អ្នកវិនិយោគ ក៏ដូចជា​កំណើន​សេដ្ឋកិច្ចជាតិ​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) លោក ច្រឹក សុខនីម បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា​ថា ស្តីពី​ការត្រៀម​រៀបចំ​សមាជ​នៃ​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន​ថា ការវាយតម្លៃ​អចលនទ្រព្យ​មិន​ត្រឹមតែ​ជួយ​សម្រួល​ឱ្យ​ប្រតិបត្តិ​ការទិញ លក់ ជួល អចលនទ្រព្យ​មាន​ភាពងាយស្រួល និង​ធានា​បាន​នូវ​តម្លាភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួមចំណែក​ជួយ​ដល់​វិស័យ​ធនាគារ តាមរយៈ​ការផ្តល់​នូវ​ឥណទាន​ដែលមាន​ប្រសិទ្ធភាព និង​គុណភាព​។

លោក​បន្តថា នៅពេល​សេដ្ឋកិច្ច​ប្រទេស​រីកចម្រើន​ខ្លាំង ការទិញ-លក់ និង​ជួល​ទីតាំង​ក៏មាន​ច្រើន​ទៅតាម​នោះដែរ ហេតុនេះ​កម្ពុជា​ចាំបាច់​ត្រូវតែមាន​អ្នកជំនាញ​/​ស្ថាប័ន​វាយតម្លៃ​មួយ​ដែលមាន​លក្ខណៈ​ឯករាជ្យ វិជ្ជាជីវៈ និង​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។

លោក​បន្ថែមទៀតថា ដោយសារ​នៅពេល​ខាងមុខ​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ AVA ដែលមាន​ការចូលរួម​ពី​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​ជាច្រើន​រូបនោះ ហេតុនេះ​កម្ពុជា​សង្ឃឹម​ថានឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​យកមក​អភិវឌ្ឍ​ជំនាញ​មួយ​នេះ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​សមាជ AVA នាពេលខាងមុខ​ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​អាច​ដកស្រង់​បទពិសោធ និង​បច្ចេកទេស​នៃ​ការតម្លៃ​អចលនទ្រព្យ​ពី​សំណាក់​អ្នក​ជំនាញ​នៅតាម​ប្រទេស​នីមួយៗ ដើម្បី​ធ្វើឱ្យ​ការវាយតម្លៃ​អចលនទ្រព្យ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នឹង​ទទួលបាន​ការគាំទ្រ​ពី​ស្ថាប័ន​រដ្ឋាភិបាល ឯកជន អ្នកវិនិយោគ និង​វិស័យ​ធនាគារ​ជាដើម​»​។

AVA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨១ ដោយមាន​សមាជិក​ស្ថាបនិក ៥ ​ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​សិង្ហបុរី​។ បច្ចុប្បន្ន AVA មាន​សមាជិក ៨ ប្រទេស ដោយ​លើកលែង​ប្រទេស​ឡាវ​ និង​មីយ៉ាន់ម៉ា​។

ទាក់ទង​នឹង​ទីផ្សារ​អចលនទ្រព្យ លោក សុខនីម បាន​លើកឡើងថា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ចម្រុះ​សាសន៍​ជាច្រើន​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​ការចូល​មក​របស់​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្រើក​ឡើងវិញ​។ ខ្ញុំ​គិតថា ទីផ្សារ​នេះ​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​»​។

លោកស្រី Susan Widjojo អគ្គលេខាធិការ​នៃ​សមាគម​អចលនវត្ថុ​អាស៊ាន​បាន​និយាយថា បើទោះបី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅតាម​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​មិន​ដូចគ្នា ប៉ុន្តែ AVA ពិតជា​មាន​គោលបំណង​ចង់​ធ្វើឱ្យ​ការវាយតម្លៃ​របស់​សមាជិក​ប្រទេស​ទាំង ៨ មាន​ស្តង់ដា​រួម​ដូចគ្នា​។ ការផ្តល់​សេវាកម្ម​ដែលមាន​លក្ខណៈ​ស្តង់ដា​រួម គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការបង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​នឹង​ពិភាក្សា​គ្នា​ ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការបង្កើន​នូវ​ស្តង់ដា​វាយតម្លៃ​រួមគ្នា​»​។

ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​សមាជ​លើក​ទី​ ២៣ នៅ​ថ្ងៃទី​ ២៤-២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ «​ការវាយតម្លៃ​អចលនវត្ថុ​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

សមាជ AVA លើក​ទី​២៣ នឹង​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​កម្មវិធី Zoom ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​សមាជិក និង​សមាជិកា ព្រមទាំង​ពិភាក្សា​អំពី​ទីផ្សារ​អចលនទ្រព្យ និង​ស្តង់ដា​បច្ចេកទេស​នៃ​ការវាយតម្លៃ​ក្នុង​តំបន់​អាស៊ាន នា​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ តាម​ការរំពឹងទុក AVA លើក​ទី​ ២៣ នឹងមាន​អ្នកចូលរួម​ពី ៥-៦ ​ពាន់​នាក់​ ដោយ​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ជិត ៥០០ ​នាក់​៕LA