ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ «​ផ្សារទំនើប​សិនជូរីផ្លាហ្សា​» ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី បាន​បញ្ចប់​ការសាងសង់​គ្រោង​អគារ​រួចរាល់​ហើយ ដោយ​គ្រោង​បើក​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​សិនជូរី ផ្លាហ្សា បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ លើ​ទីតាំង​ចាស់​នៃ​ផ្សារ​សិនជូរីផ្លាហ្សា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន JLECC និង​មាន​កម្ពស់ ៦ ​ជាន់​។ ជាន់​ផ្ទាល់​ដី គ្រោង​ប្រើប្រាស់​ជា​កន្លែង​លក់​ត្រី សាច់ បន្លែ ផ្លែឈើ​, ជាន់​ទី​ ១ កន្លែង​លក់ទំនិញ​ទូទៅ (​គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ គ្រឿងអលង្ការ​), ជាន់ទី​ ២ ហាង​ប្រណីត កន្លែង​ថែរក្សា​សុខភាព និង​សម្ផស្ស​, ជាន់​ទី​ ៣ ភោជនីយដ្ឋាន ជាន់​ទី​ ៤, ៥ និង​ ៦ ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ ព្រមទាំង​មាន​សួនច្បារ​នៅ​ខាងលើ​ផងដែរ​។

នៅក្នុង​ «​ពិធី​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ការសាងសង់​ផ្នែក​គ្រឿង​បង្គុំ​សំណង់​នៃ​គម្រោង​សាងសង់​អគារ​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា​» កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា លោក នួន ផារ័ត្ន អភិបាលរង​រាជធានី-ភ្នំពេញ​បាន​លើកឡើងថា នៅពេល​បើក​ឱ្យ​ដំណើរការ​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត​ ដែល​ជួយ​លើកស្ទួយ​កិត្យានុភាព​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ធំៗ​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក៏ដូចជា​ការប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២៣ ខាងមុខ​ផងដែរ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នា​ថ្ងៃទី​ ៤ ខែវិច្ឆិកា ថា ចំណុចខ្លាំង​របស់​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា គឺ​ស្ថិតនៅ​ទីតាំង​មាន​មនុស្ស​រស់នៅ​ច្រើន និង​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​កន្លែង​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​។ ដោយសារ​អគារ​ផ្សារទំនើប​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​លក្ខណៈ​ចម្រុះ​រាប់​ចាប់តាំងពី​កន្លែង​លក់​ម្ហូបអាហារ ហាង​ទំនើបៗ និង​សណ្ឋាគារ​នោះ ដូច្នេះ​ទីនោះ​នឹង​អាច​មាន​អតិថិជន​ច្រើន​ពេល​បើក​ដំណើរការ​។

អ្នកនាង​អះអាង​ថា​៖ «​ជាមួយ​នឹង​សក្តានុពល​ទីតាំង ខ្ញុំ​គិតថា​ផ្សារ​ទំនើប​នេះ​អាច​នឹង​ឆាប់​ទទួល​ជោគជ័យ​»​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា ផ្ទៃក្រឡា​ទីតាំង​លក់រាយ​ (Retail) នៅ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​ ២០២១ មាន​ចំនួន​ប្រមាណ ៣៧០ ០០០ ​ម៉ែត្រការ៉េ ដោយ​អត្រា​ប្រើប្រាស់​មាន​ចំនួន ៦៧,៧ ​ភាគរយ​៕ LA