ភ្នំពេញៈ ស្របពេល​ប្រទេស​កម្ពុជា​ បានប្រកាស​បើក​សេដ្ឋកិច្ច​លើ​វិស័យ​នានា​ជា​បន្តបន្ទាប់ ជាពិសេស​ការបើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ជា​លើកដំបូង​ឱ្យ​ចូលមក​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​កំពុង​ជះឥទ្ធិពល​ជំរុញ​ឱ្យ​មាន​ការស្ទុះងើប​ឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជា​បណ្តើរៗ​ហើយ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ក្នុង​វិស័យ​​អចលនទ្រព្យ​។

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ២៦ ខែតុលា បានប្រកាស​ពី​ការសម្រេច​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួចរាល់ ចាប់ពី​ថ្ងៃទី​ ៣០ វិច្ឆិកា បន្ទាប់ពី​ករណី​ឆ្លង​កូវីដ​ ១៩ នៅ​កម្ពុជា​ចាប់ផ្ដើម​ធូរស្បើយ​ជា​បន្តបន្ទាប់​។ សម្រាប់​ដំណាក់កាល​ដំបូង ក្រសួងទេសចរណ៍​បាន​ជ្រើស​យក​ខេត្ត​ព្រះសីហនុ និង​កោះកុង ជា​ខេត្ត​គោលដៅ​ដំបូង​នៃ​ការចាប់ផ្ដើម​។

លើសពីនេះទៅទៀត​កាលពី​ថ្ងៃទី​ ១៧ ខែតុលា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជ្រើសរើស​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញស៊ិនជិន​ (UPDIS) របស់​ប្រទេស​ចិន ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទីក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។ ផែនការ​មេនេះ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅជា​ «​ទីក្រុង Shenzhen ទី​២» ​ស្របតាម​ការគោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥​។

លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ១០ ខែវិច្ឆិកា​ថា ព័ត៌មាន​ស្តីពី​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​កម្រើក​ឡើង​មួយកម្រិត ដោយ​បច្ចុប្បន្ន​មាន​អតិថិជន​មួយចំនួន​បានមក​រក​ក្រុមហ៊ុន​លោក​ឱ្យជួយ​ស្វែងរក​ទិញ និង​ជួល​ទីតាំង​មួយចំនួន សម្រាប់​ត្រៀម​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។

លោក​បន្តថា ទោះបីយ៉ាងណា​សកម្មភាព​ទីផ្សារ​នៅពេលនេះ​មិនបាន​ហក់​ឡើងជា​គំហុក​ទេ ដោយ​ភាគច្រើន​ជា​ការទិញ លក់ និង​ជួល​របស់​វិនិយោគិន​ក្នុង​ស្រុក​តែប៉ុណ្ណោះ​។

លោក​អះអាងថា​៖ «​ពេល​ថ្មីៗ​នេះ​ខ្ញុំ​សង្កេតឃើញ​មាន​អ្នកវិនិយោគ​ក្នុងស្រុក​មួយចំនួន​បាន​ចាប់ផ្តើម​ដើរ​ប្រមូល​ទិញ​សំណង់​ដែល​កំពុង​សាងសង់ ឬ​ផ្អាក​ការសាងសង់ ដើម្បី​ទុក​លក់​បន្ត ឬ​យកទៅ​វិនិយោគ​ដោយ​ខ្លួនឯង ខណៈ​តម្លៃ​ពេលនេះ​ក៏​មិនទាន់​ខ្ពស់​ដូច​កាលពី​ឆ្នាំ​ ២០១៨ ដែរ ដែល​ពេលនោះ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​បាន​កើន​ខ្ពស់​ប្រហែល​ក្រុងភ្នំពេញ​»​។

បើតាម​លោក សេងហួ ក្នុង​ពេលនេះ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ តំបន់​ល្អ​បំផុត​មាន​តម្លៃ​ពី​ ៤ ០០០-៤ ៥០០ ​ដុល្លារ ​ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តំបន់​លំនៅឋាន​មានតម្លៃ​ពី ៨០០- ១ ២០០ ​ដុល្លារ​។ កាលពី​អំឡុងពេល​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ឡើងថ្លៃ នៅ​ទីតាំង​ល្អ​បំផុត​អាចមាន​តម្លៃ​រហូតដល់ ៥ ៥០០-៦ ០០០ ​ដុល្លារ ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក សេងហួ ប្រាប់ទៀតថា ឧបសគ្គ​មួយ​ដែល​ធ្វើឱ្យ​សម្ទុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​មិនទាន់មាន​កើនឡើង​ខ្លាំង គឺ​បណ្តាល​មកពី​ការកើនឡើង​នៃ​តម្លៃ​ធ្វើដំណើរ​ឆ្លង​ប្រទេស ពិសេស​ពី​ប្រទេស​ចិន ដែលជា​ក្រុម​អ្នកវិនិយោគ​មាន​សក្តានុពល និង​មាន​ចំនួន​ច្រើន​បំផុត​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បញ្ជាក់ថា​៖ «​បើសិន​តម្លៃ​សំបុត្រ​យន្តហោះ​ធ្លាក់​មក​នៅត្រឹម​ចន្លោះ​ ៤០០-៥០០ ​ដុល្លារ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទាំង​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ ព្រមទាំង​តម្លៃ​អចលនទ្រព្យ​នឹងមាន​កំណើន​ឡើង​ខ្ពស់ជាង​ពេលនេះ​បន្ថែមទៀត​»​។

លោក ឌឹត ចណ្ណា នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​និយាយថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ស្ងប់ស្ងាត់​ដោយសារ​វិបត្តិ​សុខភាព​កូវីដ​ ១៩ បានចាប់ផ្តើម​ងើបឡើង​វិញ​បណ្តើរៗ​ហើយ ប៉ុន្តែ​មិន​ខ្លាំង​ទេ ព្រោះ​វា​គ្រាន់តែ​ជា​សកម្មភាព​របស់​អ្នក​ក្នុងស្រុក​ប៉ុណ្ណោះ​។ វា​ត្រូវការ​ពេល​បន្ថែមទៀត ពិសេស​វា​នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​ការធ្វើដំណើរ​របស់​អ្នកវិនិយោគ​បរទេស​មាន​ភាពងាយស្រួល ដោយ​មិនមាន​ការតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​ទាំង​មកដល់ និង​ត្រឡប់​ទៅ​ប្រទេស​វិញ​។

លោក​អះអាងថា​៖ «​ខ្ញុំ​ដឹងថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​ងើបឡើង​វិញ​បន្តិច​ហើយ​បើ​ធៀប​រយៈពេល​កន្លះ​ឆ្នាំមុន​។ ដោយសារ​ទីផ្សារ​នេះ​ត្រូវបាន​វិនិយោគ​ភាគច្រើន​ដោយ​វិនិយោគិន​បរទេស​ (​ចិន​) ដូច្នេះ​បើ​សួរថា ពេលណា​ទើប​មាន​សកម្មភាព​ខ្លាំង គឺ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ការធ្វើដំណើរ​ឆ្លង​ប្រទេស​មាន​ភាពងាយស្រួល​ជាមុនសិន​»​។

ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ គម្រោង​សាងសង់​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ចំនួន ២ ៩០១ ធ្លាក់ចុះ ៤៤៩ ​គម្រោង ចំណែក​ទុនវិនិយោគ​មាន​ទឹកប្រាក់​សរុប ៣ ៨៤៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៤ ​ភាគរយ​៕ LA

វីដេអូ៖