ភ្នំពេញៈ ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យ​ដំណើរការ​សាងសង់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ «​ទីក្រុង​រណប​សិរី​មង្គល​» ដែលមាន​ទុនវិនិយោគ​ប្រមាណ ១០០ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅ​ក្រុង​តាខ្មៅ យឺត​ជាង​ការគ្រោងទុក ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សម្រុក​សាងសង់​ដើម្បី​អាច​បញ្ចប់​តាម​ផែនការ​នា​ដំណាច់ឆ្នាំ​ ២០២១ នេះ​។

«​ទីក្រុង​រណប​សិរី​មង្គល​» ​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ដើមឆ្នាំ​ ២០១៨ លើ​ផ្ទៃដី​ ៤៥ ​ហិកតា ដោយមាន​ខ្នង​ផ្ទះ​សរុប ២ ៤៥៧​។ គម្រោង​នេះ​ស្ថិតក្នុង​សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ចម្ងាយ​ប្រមាណ ១៤ ​គីឡូម៉ែត្រ​ពី​រាជធានី-ភ្នំពេញ (​ស្ពាន​ព្រះមុនីវង្ស​)​។

Worldbridge Home Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Worldbridge Group ដែល​កំពុងអភិវឌ្ឍន៍​គម្រោង​ធំៗ​នៅក្នុង​រាជធានី-ភ្នំពេញ​មានដូចជា The Bridge និង The Peak​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Worldbridge Home Co., Ltd លោក យក់ សុធីរិទ្ធ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ថា គម្រោង​​ «​ទីក្រុង​រណប​សិរី​មង្គល​» បាន​និង​កំពុង​ពន្លឿន​ការសាងសង់​ដើម្បី​ធ្វើឱ្យ​ការ​គម្រោង​ទាំងមូល​អាច​បញ្ចប់​នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២១ នេះ ខណៈ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ខំ​ឱ្យ​មាន​ការរឹតត្បិត​ការធ្វើដំណើរ និង​ការបិទ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់​មួយរយៈ​។

លោក​ថ្លែងថា​៖ «​អំឡុង​ការផ្ទុះ​រាលដាល​ជំងឺ​កូវីដ​ ១៩ ខ្លាំង​វា​បាន​ធ្វើឱ្យ​ការសាងសង់​នៅ​ផ្នែក​ខ្លះ​មិន​ដំណើរការ​មួយរយៈ ហេតុនេះ​យើង​កំពុង​ខិតខំ​បង្កើន​ល្បឿ​ង​សាងសង់​ឡើងវិញ​នៅពេលនេះ​»​។

លោក ឌឹត ចណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​មិន​ត្រឹមតែ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​បង្កើន​លទ្ធភាព​ឱ្យ​ប្រជាជន​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​ផងដែរ​។ ការអភិវឌ្ឍ​គម្រោង​បែបនេះ​នឹង​កាន់តែ​ងាយ​ទទួលជោគជ័យ​ប្រសិនបើ​ស្ថិតនៅ​ទីតាំង​សមស្រប​មាន​តម្លៃ​សមរម្យ និង​ជាពិសេស​មាន​វិធីសាស្ត្រ​បង់ប្រាក់​ងាយស្រួល​។

លោក​និយាយថា​៖ «​សម្រាប់​គម្រោង​នេះ​ខ្ញុំ​អាច​និយាយថា វា​ស្ថិតនៅ​ទីតាំង​សមរម្យ និង​ទទួល​ជោគជ័យ​មួយចំនួន​រួចហើយ ដោយ​មាន​អតិថិជន​ខ្លះ​បាន​ចូលទៅ​រស់នៅ​ហើយ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បន្ថែមទៀតថា ប្រសិនបើ​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​បែបនេះ​កាន់តែ​ច្រើន គឺជា​ការល្អ ព្រោះ​វា​អាច​ផ្តល់នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល​ក្នុង​ការស្វែងរក​ទីតាំង​ដែល​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​ដំណើរ​ទៅ​ធ្វើការ ឬ​រៀនសូត្រ​។

យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ នៅ​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៥ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៨ ៣៣១ (​ខ្នង​ផ្ទះ​) និង​ចំនួន ៧ ២៥៦ យូនីត​ (​ខុនដូ​)​។

កាលពី​ឆ្នាំ​ ២០១៤ ប្រទេស​កម្ពុជា​បានអនុម័ត​គោលនយោបាយ​លំនៅឋាន​ថ្នាក់ជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លំនៅឋាន​ឱ្យបាន​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ​។ បើ​យោងតាម​គោលនយោបាយ​នេះ កម្ពុជា​នឹង​ត្រូវការ​ផ្ទះ​បន្ថែម​ប្រមាណ ៥ ​ម៉ឺន​ខ្នង​ក្នុង ១ ​ឆ្នាំៗ​រហូតដល់​ឆ្នាំ​ ២០៣០​។

ទិន្នន័យ​និន្នាការ​សេដ្ឋកិច្ច-សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពី​ខែមករា-ខែសីហា ឆ្នាំ​ ២០២១ គម្រោង​សាងសង់​ដែល​បានទទួល​ការអនុញ្ញាត​ឱ្យ​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មាន​ចំនួន ២ ៩០១ គម្រោង ធ្លាក់ចុះ ៤៤៩ ​គម្រោង ចំណែក​ទុនវិនិយោគ​មាន​តម្លៃ ៣ ៨៤៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៤ ​ភាគរយ​៕ LA

វីដេអូ៖