ភ្នំពេញៈ ទោះបី​វិបត្តិ​ជំងឺ​កូវីដ ១៩ នៅតែ​បន្ត​ការគំរាមកំហែង​ដល់​សេដ្ឋកិច្ច​ក៏​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែមាន​សក្តានុពល​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ការវិនិយោគ ជាពិសេស​នៅ​តំបន់​សំខាន់ៗ ដែល​កំពុងមាន​កំណើន​នៃ​ការចាប់​អារម្មណ៍ និង​សកម្មភាព​វិនិយោគ​ជា​បន្តបន្ទាប់​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ក្នុង​ឱកាស​បើក​សមាជ​លើក​ទី​ ២៣ របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន (The 23rd AS-EAN Valuers Association Congress) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា និង​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ មិន​ត្រឹមតែ​ជា​វិបត្តិ​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​គ្រប់​វិស័យ​។ លោក​បន្តថា ទោះយ៉ាងណា​ជាមួយ​នឹង​វិបត្តិ​នេះ​កម្ពុជា​បាននិង​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការរស់នៅ និង​សម្របសម្រួល​បរិយាកាស​អាជីវកម្ម​របស់ខ្លួន​ឱ្យស្រប​ទៅ​បរិបទ​ថ្មី​នៃ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩ និង​បន្ត​សម្រប​ខ្លួន​ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្ដី ក៏​វិស័យ​អចលនវត្ថុ​ក្នុងប្រទេស​នៅតែ​មាន​សក្តានុពល​ខ្ពស់ និង​មានតម្លៃ​ទាប​សមរម្យ​សម្រាប់​ការវិនិយោគ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​»​។

យោងតាម​លោក ព័ន្ធមុនីរ័ត្ន តំបន់​សំខាន់ៗ​ចំនួន ៤ នៅ​កម្ពុជា​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ រួមមាន រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ជា​កន្លែង​មាន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​, ខេត្ត​ព្រះសីហនុ កំពុង​ត្រូវបាន​ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​, ខេត្តសៀមរាប ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​, និង​ក្រុង​ប៉ាវិត និង​ក្រុង​ប៉ោយប៉ែត ជា​តំបន់​មាត់ច្រក​ព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ​។

ជាមួយ​គ្នា​នេះ លោក ព័ន្ធមុនីរ័ត្ន ក៏បាន​ជំរុញ​ឱ្យ​ប្រតិបត្តិករ​អចលនទ្រព្យ និង​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រមទាំង​អ្នកចូលរួម​ក្នុង​សមាជ​លើក​ទី​ ២៣ របស់​សមាគម​អ្នកវាយតម្លៃ​អាស៊ាន​ទាំងអស់​ត្រូវ​បង្កើន​ការខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​កិច្ចសហការ និង​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​ថ្មីៗ​ដែល​កំពុង​កើតមាន ដើម្បី​ឈាន​ឈ្ពោះ​ទៅ​ការបង្កើត​បាន​នូវ​ស្តង់ដា​នៃ​ការវាយតម្លៃ​មួយ​ដែលមាន​លក្ខណៈ​ស្តង់ដា​សម្រាប់​សមាជិកសមាគម​អ្នក​វាយតម្លៃ​អាស៊ាន​ទាំងអស់​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​បាន​និយាយថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​ទីផ្សារ​នេះ​រំពឹង​មាន​ដំណើរការ​ល្អ​ឡើងវិញ ខណៈ​យុទ្ធនាការ​នៃ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​ប្រជាជន​ក្នុង​ស្រុក និង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បានចាប់ផ្តើម​ជា​បន្តបន្ទាប់​។

លោក​អះអាងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​ឱកាស​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​»៕ LA