ភ្នំពេញៈ អត្រាកំណើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្ទុះ​ងើបឡើង​វិញ ក្នុង​អត្រា ២,៤​ ភាគរយ​ក្នុង​ឆ្នាំ ​២០២១ ហើយនឹង​កើន​ដល់ ៤,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ការវិនិយោគ និង​តម្រូវការ​ក្នុងស្រុក​នៅតែមាន​ភាពល្អ​ប្រសើរ​។ នេះ​បើ​យោងតាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ថ្លែង​ក្នុង​កម្មវិធី​សមាជ​លើក​ទី​២៣ របស់​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោម​ប្រធានបទ «​ការវាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩» កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ស្របតាម​និន្នាការ​សកល សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ត្រូវបាន​ព្យាករ នឹង​ងើប​ឡើងវិញ​ក្នុង​កំណើន​ទាប​ប្រមាណ ២,៤​ ភាគរយ និង​កើន​ដល់ ៤,៨​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ដោយសារ​ការ​ងើបឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​សកល​។

ដោយឡែក​សម្រាប់​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ​ក្នុង​កំណើន​ទាប ២,៤​ ភាគរយ ក្នុងឆ្នាំនេះ និង ៤,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ដោយសារ​ការកើនឡើង​សន្សឹមៗ​នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស ខណៈ​ការវិនិយោគ និង​តម្រូវការ​ក្នុងស្រុក នៅលើ​វិស័យ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ទាប និង​មធ្យម​នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ​។​

​ទោះយ៉ាងណា លោក​អះអាងថា​៖«​ខ្ញុំ​សូម​គូសបញ្ជាក់ថា ការ​ព្យាករ​ទាំងអស់នេះ​ស្ថិតក្នុង​ភាពជា​ការប៉ាន់ស្មាន​នៅឡើយ ដោយសារ​ហានិភ័យ​ពី​រលក​ថ្មី​នៃ​ការ​បំប្លែង​ខ្លួន​ថ្មី​នៃ​វីរុស​១៩ ដែលមាន​សភាព​កាន់តែ​កាច​សាហាវ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការអភិវឌ្ឍ​ក្នុង​សកលលោក និង​តំបន់​»​។​

​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម កាលពីពេល​ថ្មីៗ​នេះ បាន​និយាយថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ បានធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០-២០២១ មិនមាន​សកម្ម​ភាពល្អ​ទេ ប៉ុន្តែ​លោក​រំពឹងថា​វា​នឹងមាន​កំណើន​ឡើងវិញ​ក្នុង​ឆ្នាំ​២០២២ ខាងមុខ ជាពិសេស​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រួចរាល់​៕