ភ្នំពេញៈ បើទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្កឱ្យ​មាន​ផលប៉ះពាល់​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ជិត ២ ​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​ខុនដូ​ប្រណីត​ស្តង់ដា​ L''attrait ដែលមាន​ទុនវិនិយោគ​ប្រមាណ ២០ ​លាន​ដុល្លារ​នៅតែ​ដំណើរការ​ទៅមុខ​ជាប្រចាំ និង​បានបញ្ចប់​ការសាងសង់​រួចរាល់​ហើយ​កាលពី​ដំណាច់ខែ​វិច្ឆិកា កន្លងទៅ​។

L''attrait មាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងកេងកង​ ១ បាន​ចាប់​បើក​ដំណើរការ​ពី​ថ្ងៃទី​ ១ ខែកក្កដា និង​ទើបបាន​ដំណើរការ​ពេញលេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ដើមឆ្នាំ​ ២០១៨ ដោយមាន​កម្ពស់ ២៦ ​ជាន់ ស្មើនឹង ១៤៩ ​យូនីត​។

គម្រោង​នេះ​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ជាពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការសាងសង់​នៅពេលដែល​ការរំខាន​ខ្សែចង្វាក់​ផ្គត់ផ្គង់​បាន​បង្ហាញ​បញ្ហា​ប្រឈម ជាពិសេស​ក្នុង​ការធានា​ថា​អ្វីៗ​ទាំងអស់​អាច​ត្រូវបាន​ផ្តល់ជូន​ទាន់ពេលវេលា​។

លោក Shinji Muto នាយក​ប្រតិបត្តិ LAPD ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង L''attrait បាន​ថ្លែងថា​៖ «​ខ្ញុំ​រីករាយ​ក្នុង​ការប្រកាស​ពី​ការបញ្ចប់​គម្រោង​របស់​យើង​។ ដំណើរការ​វា​ពិតជា​មិន​ងាយស្រួល​សម្រាប់​យើង​គិត​នោះទេ​។ មានការ​សង្ស័យ​ជាច្រើន​នៅពេល​ចាប់ផ្តើម​គម្រោង​របស់​យើង​។ ជំងឺ​រាតត្បាត គឺ​ប៉ះចំ​កាលបរិច្ឆេទ​នៃ​ដំណាក់កាល​ក្រោយ​នៃ​គម្រោង​របស់​យើង ដូច្នេះ​វា​បានផ្តល់​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដល់​ពួកយើង​។ ទោះ​យ៉ាងណា ខ្ញុំ​ជឿជាក់ថា​យើង​អាច​សម្រេច​បាន​ប្រកបដោយ​ជោគជ័យ​នូវ​ស្តង់ដា​គុណភាព​ថ្មី​នៅក្នុង​ទីផ្សារ​នេះ​។

លោក James Hodge នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានឱ្យ​ដឹងថា ក្រុមហ៊ុន CBRE Cambodia មាន​សេចក្តី​រីករាយ​ក្នុង​ការធ្វើការ​ជាមួយ​ក្រុមហ៊ុន LAPD ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​គម្រោង L''attrait​។ ការយកចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ការប្ដេជ្ញាចិត្ត​ក្នុង​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ដែល​ពួកគេ​កំណត់ បាន​ធ្វើ​ឡើង​ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងរឹងមាំ​។ នេះ​ពិតជា​បង្ហាញ​នៅក្នុង​លទ្ធផល​ចុងក្រោយ​។

លោក​បន្ថែមថា​៖ «​ខណៈពេល​យើង​បានបញ្ចប់​ការលក់​ក្នុង​ស្រុក​ភាគច្រើន​នៅមុន​ការរីករាលដាល​ជំងឺ​កូវីដ ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ឆន្ទៈ​ក្នុង​ការស្តាប់ និង​កែតម្រូវ​តាម​ការប្រែប្រួល​នៃ​សម្ទុះ​ទីផ្សារ ក៏ដូចជា​ការជូនដំណឹង​ដល់​អ្នកទិញ​ឱ្យ​បានដឹង​ពី​ការរំខាន​ដល់​ការកំណត់​ពេលវេលា​នៃ​ការសាងសង់ និង​ធានាថា ទោះ​ពួកគេ​ជួប​ការលំបាក​យ៉ាងណា ក៏​នៅតែ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​របស់​ពួកគេ​ផងដែរ​»៕ LA