ភ្នំពេញៈ ឧបសគ្គ​ធ្វើដំណើរ​ឆ្លង​ប្រទេស​របស់​វិនិយោគិន​បរទេស ដែល​បណ្តាល​មក​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ទុនវិនិយោគ​វិស័យ​សំណង់​កម្ពុជា រយៈពេល ៣ ​ត្រីមាស ឆ្នាំ​ ២០២១ សម្រេចបាន​ជាង​ ៤,៦ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្តល់​ការអនុញ្ញាត​ឱ្យ​គម្រោង​សាងសង់​ចំនួន ៣ ២៦៣ ​គម្រោង ធ្លាក់ចុះ ៤៧៦ ​គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​គម្រោង​ប្រភេទ​លំនៅឋាន​មាន ២ ៩០៩ ​គម្រោង ធ្លាក់ចុះ ៣៤៤ ​គម្រោង​។ សម្រាប់​ទុនវិនិយោគ​ដែល​បានអនុញ្ញាត​ឱ្យ​សាងសង់​មាន​ចំនួន ៤ ៦៥៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២០,៦ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៥ ៨៦៨ ​លាន​ដុល្លារ​។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែធ្នូ​ថា ហេតុផល​ដែល​ធ្វើឱ្យ​ប្រាក់​វិនិយោគ​វិស័យ​សំណង់ និង​ចំនួន​គម្រោង​សាងសង់​ធ្លាក់ចុះ គឺ​មកពី​ការរឹតត្បិត​ការធ្វើដំណើរ​ឆ្លង​ប្រទេស ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិនិយោគិន​បរទេស​ក្នុងការ​ចូលមក​ស្វែងរក និង​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ទោះបី​យ៉ាងណា​បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​បើកទទួល​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ចាក់​វ៉ាក់សាំង​គ្រប់ដូស លោក​សង្កេតឃើញ​សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​ការសិក្សា​ពី​លទ្ធភាព​វិនិយោគ​ចាប់​កម្រើក​បណ្តើរៗ​វិញ​ហើយ​។

លោក​និយាយថា​៖ «​ការរីករាលដាល​កូវីដ​ ១៩ បាន​បង្អាក់​សកម្មភាព​ស្ទើរ​គ្រប់​វិស័យ រួមទាំង​វិស័យ​សំណង់​។ ចំនួន​ទឹកប្រាក់​វិនិយោគ និង​ចំនួន​គម្រោង ដែល​ធ្លាក់ចុះ​នេះ ភាគច្រើន​កើតមាន​ចំពោះ​គម្រោង​វិនិយោគ​ដោយ​ជនបរទេស ប៉ុន្តែ​សម្រាប់​គម្រោង​របស់​វិនិយោគ​នៅក្នុង​ស្រុក គឺ​ដំណើរ​ការធម្មតា​»​។

អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា ទទួលស្គាល់ថា វត្តមាន​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​គម្រោង​សាងសង់​អគារ​ធំៗ​ជាច្រើន​ដែលមាន​ម្ចាស់​ជា​ជនបរទេស​ថយចុះ​សកម្មភាព ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​បុរី និង​លំនៅឋាន ដែលមាន​ម្ចាស់​ជា​វិនិយោគ​ក្នុង​ស្រុក​មិនមាន​អ្វី​ជា​បញ្ហា​នោះទេ​។

លោក​បន្តថា​៖ «​ការធ្លាក់ចុះ​វិស័យ​សំណង់ គឺ​បណ្តាលមកពី​ការធ្លាក់ចុះ​សម្រាប់​គម្រោង​ធំៗ​ដែល​វិនិយោគ​ដោយ​ជនបរទេស​តែប៉ុណ្ណោះ​»​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា និយាយថា បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​បាន​រើប​ឡើងវិញ​ជា​បន្តបន្ទាប់ គ្រាន់តែ​ក្នុងដំណាក់កាល​នេះ​ភាគច្រើន​ជា​គម្រោង​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​។

លោក​លើកឡើង​ថា​៖ «​ទីផ្សារ​អចលនទ្រព្យ​មាន​ចលនា និង​ក្លាយជា​កម្លាំងចលករ​ទាញ​ឱ្យ​វិស័យ​សំណង់​មាន​ដំណើរ​ការឡើង​វិញ​ព្រម​គ្នា​»៕ LA

វីដេអូ៖