ភ្នំពេញៈ បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​រយៈ​​ពេល​ជិត ២ ​ឆ្នាំ និន្នាការ​នៃ​ការ​ស្វែង​​រក​អគារ​ជួល​សម្រាប់​បម្រើ​សេវាកម្ម​ជា​សណ្ឋាគារ និង​កន្លែង​ស្នាក់នៅ នៅ​កម្ពុជា​បានចាប់ផ្តើម​មាន​សកម្ម​ភាព​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ខណៈ​តម្លៃ​ជួល​មិនបាន​ប្រែប្រួល​ទេ​បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២០​។ នេះ​បើតាម​ក្រុម​-​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​វត្តមាន​នៃ​ជំងឺ​កូ​វីដ​ ១៩ កាលពី​ចុងឆ្នាំ​ ២០១៩ បានធ្វើឱ្យ​អាជីវកម្ម​កន្លែង​ជួល​ស្នាក់នៅ​រយៈពេល​ខ្លី​ (​សណ្ឋាគារ និង​ផ្ទះសំណាក់​)​ ជួបប្រទះ​នូវ​ការធ្លាក់​​ចុះ​យ៉ាងគំហុក ដោយ​មួយចំនួន​បាន​ឈានដល់​ការបិទ​អាជីវកម្ម​ផងដែរ​។ ទោះយ៉ាងណា សញ្ញា​វិជ្ជមាន​ចាប់ផ្តើម​បង្ហាញ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់​គី រៀល​ធី លោក ឌឹ​ត ច​ណ្ណា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​២៩ ខែធ្នូ​ថា ការប្រកាស​បើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ​ពី​សំណាក់​រាជរដ្ឋាភិបាល ធ្វើឱ្យ​ចលនា​ស្វែងរក​អគារ​ជួល​សម្រាប់​បម្រើសេវា​ស្នាក់​នៅ​ដូចជា សណ្ឋាគារ និង​ផ្ទះសំណាក់ នា​ចុងឆ្នាំ​ ២០២១ ​នេះ​ងើប​ឡើងជា​សន្សឹមៗ​ហើយ បន្ទាប់ពី​ជាប់គាំង​ជិត ២ ​ឆ្នាំ ​ដោយសារ​ក្តីបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ និង​ការដាក់​នូវ​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​នៅ​ពាសពេញ​ពិភពលោក​។

លោក​បន្តថា និន្នាការ​នេះ​កំពុង​ផ្តើមចេញពី​រាជធានី​​ភ្នំពេញ និង​ក្រុងព្រះសីហនុ ហើយនឹង​បន្តទៅ​ខេត្ត​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត ជាមួយ​ក្តី​រំពឹងថា វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​នឹង​បើកទូលាយ​កាន់តែច្រើន​ចាប់ពី​ដើមឆ្នាំ ​២០២២​។​

​លោក​បញ្ជាក់ថា​៖ «​ការប្រកាស​បើក​សេដ្ឋកិច្ច និង​ទទួលភ្ញៀវ​បរទេស​ចាក់​​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ ​១៩ ​គ្រប់​ដូ​ស បាន​ជំរុញ​អ្នកវិនិយោគ​ចាប់ផ្តើម​ស្វែង​​រក​អគារ​ជួល​ ដើម្បី​រៀបចំ​ជា​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ទុក​ទទួលភ្ញៀវ​ដែល​រំពឹងថា នឹងមាន​កំណើន​ឡើងវិញ​ចាប់ពី​ដើមឆ្នាំ​ ២០២២ ខាងមុខ​តទៅ​»​។​

​បើតាម​លោក ច​ណ្ណា បច្ចុប្បន្ន​អគារ​ធំៗ​សម្រាប់​ជួល​ (​មិនមែន​អគារ​កា​រិ​យា​ល័យ​ជួល​កម្រិត A និង B) ​ក្នុង​រាជធានី​ភ្នំពេញ មានតម្លៃ​ក្រោម ១០ ដុល្លារ ​ក្នុង ​១ ​ម៉ែត្រការ៉េ​ សម្រាប់​រយៈ​​ពេល ១​ខែ ដែល​តម្លៃ​នេះ​ប្រហាក់​​ប្រហែល​នឹង​ចុងឆ្នាំ ​២០២០​។​

​លោក​លើកឡើង​ទៀតថា អ្នក​វិ​និ​យោគ​ដែល​កំពុង​ស្វែងរក​អគារ​ជួល​ទាំងនោះ គឺមាន​ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។​

​ស្របគ្នា​នឹង​ការលើកឡើង​ខាងលើ លោក សំ សុខ​នឿន ប្រធាន​សមាគម​​អចលនទ្រព្យ​សកល បានឱ្យដឹងថា បន្ទាប់ពី​ការប្រកាស​បើក​ប្រទេស​ឡើងវិញ អ្វីដែល​គេ​សង្កេតឃើញ​គឺ​ការវិល​​ចូល​មកវិញ​បណ្តើរៗ​នៃ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ ដែល​ពួកគេ​សុទ្ធតែ​ត្រូវការ​កន្លែង​ស្នាក់នៅ​។ កំណើន​ចំនួន​ភ្ញៀវទេសចរ និង​វិនិយោគិន ពិសេស​ជនជាតិ​ចិន ត្រូវ​រំពឹងថា​ នឹងមាន​ច្រើន​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។​

​លោក​ថ្លែងថា​៖ «​ពេលនេះ​មិន​ត្រឹម​តែមាន​តម្រូវ​ការជួល​ទេ សូម្បី​ការ​ស្វែង​​រក​ទិញ​សណ្ឋាគារ​យកទៅ​វិនិយោគ​បន្ត ក៏​ចាប់ផ្តើម​កើតមាន​ផងដែរ​»​។​

​លោក​ប្រាប់ទៀតថា កំណើន​តម្រូវ​ការជួល និង​ទិញ​អគារ​យកទៅ​រៀបចំ​ជា​សណ្ឋាគារ ឬ​កន្លែង​ស្នាក់នៅ អាចមកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា តម្រូវការ​ស្នាក់នៅ​រប​ស់​ប្រជាជន​ក្នុងស្រុក​, តម្រូវការ​កន្លែង​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ និង​តម្រូវ​ការយកទៅ​ជួល​បន្ត​ឱ្យ​ក្រុម​ការ​​ងារ​ស្នាក់នៅ​រួមគ្នា​ដើម្បី​ធ្វើការ​។

​យោងតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គិត​ត្រឹម​ឆ្នាំ ​២០២០ នៅ​កម្ពុ​ជាមាន​សណ្ឋាគារ​សរុប ១ ០២៨ ស្មើនឹង ៤៤ ៤២៨ បន្ទប់ និង​មានផ្ទះ​សំណាក់ ២ ៧៥៥ ស្មើនឹង ៣៥ ៧៩១​ បន្ទប់​៕ LA