ភ្នំពេញៈ ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ជះ​ផល​វិជ្ជមាន​គួរឱ្យកត់សម្គាល់​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា ជាក់ស្តែង​ទុនវិនិយោគ​សំណង់​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​ក្នុង​ឆ្នាំ ២០២១ មាន​ប្រមាណ​ជាង ៥,៣ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ៣១ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២០។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា ចាប់ពី​ខែមករា ដល់​ដំណាច់​ខែធ្នូ ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំងប្រទេស​ចំនួន ៤ ៣០៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបាន​អនុម័ត។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ គឺ​ថយចុះ ៣១,២១ ភាគរយ។

យោងតាម​ក្រសួង​រៀបចំ​ដែនដី នៅក្នុង​ចំណោម​គម្រោង​សាងសង់​ទាំងនោះ គម្រោង​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួង មាន​ចំនួន ៣៨៨ គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់ ១០ ៤២០ ២៩៣ ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន ៤ ២១៨ ៩១០ ១២៧ ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ថយចុះ ៣៦,៥៧ ភាគរយ។ ចំណែក​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត មាន​ចំនួន ៣ ៩១៥ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ២ ៥៧៧ ៧៨០ ម៉ែត្រការ៉េ តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ១ ១១៤ ៨៨៨ ៣៩៨ ដុល្លារ​ធៀប​នឹង​ឆ្នាំ ២០២០ កើនឡើង ១,១៧ ភាគរយ។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​វិធាន​ការបិទ​ខ្ទប់​ប្រទេស​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​បង្កើតជា​ឧបសគ្គ​យ៉ាង​ធំ​សម្រាប់​ការចូល​មក​ពិនិត្យ​លទ្ធភាព​វិនិយោគ និង​ការចាប់ផ្តើម​សកម្មភាព​សាងសង់​។ ទោះយ៉ាងណា ដោយសារ​ស្ថានភាព​នៃ​ការ​គ្របដណ្តប់​ការ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ បាន​ដល់​ប្រជាជន​ភាគច្រើន​នៅលើ​ពិភពលោក និង​ការបើក​ប្រទេស​ឡើងវិញ​ជា​បន្តបន្ទាប់ នឹងធ្វើ​ឱ្យចំនួន​នៃ​ការបណ្តាក់ទុន​វិស័យ​សំណង់​កើនឡើង​វិញ​ជា​បណ្តើរៗ​ចាប់ពី​ឆ្នាំ ២០២២ តទៅ។

លោក​អះអាងថា៖ «នៅក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នេះ ការ​បណ្តាក់ទុន​វិនិយោគ​បាន​ធ្លាក់ចុះ​ស្ទើរ​គ្រប់​វិស័យ ពិសេស​ការវិនិយោគ​ដែលមាន​ម្ចាស់​ជា​ជនបរទេស»។

បន្ថែម​ពីលើ​នេះ លោក​ប្រាប់ទៀតថា បើតាម​សង្កេត​ជារួម ការធ្លាក់ចុះ​ទុនវិនិយោគ​នេះ គឺ​កើតមាន​ពី​គម្រោង​ដែលមាន​អ្នកវិនិយោគ​ជា​ជនបរទេស​ប៉ុណ្ណោះ ខណៈ​គម្រោង​ដែល​វិនិយោគ​ដោយ​អ្នក​នៅក្នុង​ស្រុក គឺ​មិនមាន​បញ្ហា​ទេ ពិសេស​សំណង់​លក្ខណៈ​បែប​បុរី និង​ផ្ទះល្វែង។

គិត​ចាប់ពី​ឆ្នាំ ២០០០ ដល់​ដំណាច់ឆ្នាំ ២០២១ គម្រោង​សាងសង់​ដែល​ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាងសង់​នៅ​ទូទាំងប្រទេស មាន​ចំនួន ៥៧ ៥៩០ ស្មើនឹង​ផ្ទៃក្រឡា​កម្រាល​សំណង់ ១៦៦ ៦២៣ ៨៩១ ម៉ែត្រការ៉េ និង​មានតម្លៃ​ទុនវិនិយោគ ៦៦ ២០៥ ៨៤១ ៩៣៦ ដុល្លារ។ ដោយឡែក​ក្នុង​ឆ្នាំ ២០២០ ទុនវិនិយោគ​វិស័យ​សំណង់​មានទឹក​ប្រាក់​សរុប ៧,៨ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣២,១ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ ១១,៤ ពាន់ លាន​ដុល្លារ។ នេះ​បើ​យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕