ភ្នំពេញៈ ទោះបី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការដ្ឋាន​សំណង់​មួយចំនួន​ត្រូវ​ជាប់គាំង ឬ​បន្ថយល្បឿន​សាងសង់ ក៏​ចំនួន​ទឹកប្រាក់​នាំចូល​គ្រឿង​​សំណង់​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​ក្នុង​រយៈពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២១ ការនាំចូល​គ្រឿងសំណង់​មានតម្លៃ​សរុប​ជាង ១,៤ ​ពាន់​លាន​ដុល្លារ កើន​ ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។

ស្ថិតិ​នៃ​ការ​នាំចូល​មុខទំនិញ​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ចាប់​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់ ក្នុង​ទឹកប្រាក់​សរុប ១ ៤២៩ ​លាន​ដុល្លារ កើនឡើង ២០,៨៩ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន ១ ១៨២​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចូល​សម្ភារ​សំណង់ មាន​ទឹកប្រាក់ ១ ០៦៣ លាន​ដុល្លារ កើន ៣៣ ភាគរយ និង​ការ​នាំចូល​ដែក មាន ៣២៦ ​លាន​ដុល្លារ កើន ១ ​ភាគរយ​។ ដោយឡែក​ការនាំ​ចូល​ស៊ីម៉ងត៍ មានតម្លៃ ៤០ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៣ ​ភាគរយ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នកសាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​នៃ​ការ​នាំចូល​គ្រឿងសំណង់ បង្ហាញថា សកម្មភាព​សាងសង់​នៅ​កម្ពុជា​នៅក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ រីក​រាលដាល​ក្នុងប្រទេស​កន្លងមក​ (​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​) មិនបាន​ធ្លាក់ចុះ​ទេ​។ ការថយចុះ​អាច​កើតមាន​ខ្លះ​សម្រាប់​គម្រោង​ធំៗ​ដែលមាន​ម្ចាស់​ជា​ជនបរទេស ប៉ុន្តែ​សម្រាប់​គម្រោង​តូចៗ​លក្ខណៈ​លំនៅឋាន​ដែលមាន​វិនិយោគិន​ជា​អ្នក​នៅក្នុង​ស្រុក គឺ​កើន​ជាង​មុន​។

លោក​លើកឡើង​ថា​៖ «​ជារួម​សកម្មភាព​នៃ​ការសាងសង់​ក្នុង​ឆ្នាំ​ ២០២១ មិនបាន​ធ្លាក់ចុះ​ទេ​។ នេះ​ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ទឹកប្រាក់​នាំចូល​គ្រឿងសំណង់​កើនឡើង​។ កំណើន​ទឹកប្រាក់​នាំចូល​នេះ ក៏​បណ្តាលមកពី​តម្រូវការ​សម្ភារ​មាន​គុណភាព​ខ្ពស់ និង​ប្រណីតៗ កើនឡើង​ផងដែរ​»​។

ក្រុមកម្មករ​រៀបចំ​ចង​ដែក ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ហ៊ាន រង្សី

លោក​ប្រាប់ទៀតថា ទឹកប្រាក់​ពី​ការនាំចូល​គ្រឿងសំណង់​នឹងមាន​កំណើន​ខ្ពស់​ថែមទៀត​ក្នុង​ឆ្នាំ ​២០២២​ នេះ ព្រោះ​នារយៈពេល​ចុង​ក្រោយ​នេះ លោក​សង្កេតឃើញ​គម្រោង​វិនិយោគ​ធំៗ​ចាប់​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា កាលពី​ពេល​ថ្មីៗ​នេះ​និយាយថា ទោះ​ក្នុងអំឡុង​ពេល​ជំងឺ​កូវីដ ​១៩ រីករាលដាល​ខ្លាំង​នៅ​កម្ពុជា​ដែល​ឈានដល់​ការបិទ​សកម្មភាព​សេដ្ឋកិច្ច និង​ផលិតកម្ម​មួយរយៈ​ពេល​ខ្លី ក៏​ការសាងសង់​សំណង់​លក្ខណៈ​លំនៅឋាន​នៅ​កម្ពុជា​មិនបាន​ធ្លាក់ចុះ​ទេ​។ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក​បាន​លេចឡើង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ លោក​បន្ថែមថា​៖ «​ចំនួន​នៃ​តម្រូវការ​លំនៅឋាន និង​សកម្មភាព​សាងសង់​នឹងមាន​ដំណើរការ​កាន់តែ​ល្អ​នៅក្នុង​ឆ្នាំ​ ២០២២»​។

ចំពោះ​ការធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​នាំចូល​ស៊ីម៉ងត៍​ពី​ក្រៅប្រទេស លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា បាន​ប្រាប់ថា ក្នុង​ឆ្នាំ​ ២០២១ ការផលិត​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រេចបាន ៨ ៤៦៩ ៧៨២ ​តោន កើន​ក្នុង​រង្វង់ ៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ជាង ៧,៩ ​លាន​តោន​។ ការធ្លាក់ចុះ​បរិមាណ​នាំចូល​ស៊ីម៉ងត៍​ពី​ក្រៅប្រទេស គឺ​មកពី​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ក្នុងស្រុក​កាន់​តែមាន​ភាពរឹងមាំ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ស្ថានភាព និង​ទីផ្សារ​ស៊ីម៉ងត៍​ផលិត​ក្នុងស្រុក​បង្ហាញ​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់​។ ការផលិត​របស់​យើង​មិនបាន​ធ្លាក់ចុះ​ទេ​ក្នុង​ឆ្នាំ​ ២០២១ ទោះបី​ជាមាន​ផល​រំខាន​ខ្លះ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ក៏ដោយ​»​។

លោក​បន្ថែមថា ផលិតផល​ក្នុងស្រុក​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ដើម្បី​ជំនួស​ឱ្យ​ការ​នាំចូល ខណៈ​កម្ពុជា​នាំចូល​ស៊ីម៉ងត៍​ពី​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ចិន ជាដើម​។

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការ​ដែល​រួមមាន រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​កំពត​ស៊ីមេន​, ក្រុមហ៊ុន​ជីបម៉ុង​, អ៊ិនស៊ីស៊ីមេន ខបភើរេសិន​, ស៊ីម៉ងត៍ ចក្រី​ទីង​, ក្រុមហ៊ុន​បាត់ដំបង ខនស៍ ស៊ីមេន និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង​៕ LA

វីដេអូ៖