
ស្រឡាងដឹកអ្នកដំណើរពីកំពង់ចម្លងស្វាយជ្រុំ ទៅកាន់អរិយក្សត្រ។ ហុង មិនា
ភ្នំពេញៈ ការបង្ហើបឱ្យដឹងពីផែនការចាប់ផ្តើមសាងសង់ស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ (ខេត្តកណ្តាល) ក្នុងឆ្នាំ ២០២៣ ហាក់មិនបានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតំបន់អរិយក្សត្រមានចលនាខ្លាំងជាងមុនទេ ខណៈសម្ទុះនៃការទិញ លក់ និងតម្លៃអាចនឹងហក់ឡើងខ្ពស់នៅពេលការសាងសង់ជាក់ស្តែងលេចរូបរាង។ នេះបើយោងតាមក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ក្នុងពេលចុះពិនិត្យសកម្មភាពសាងសង់ផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបកាលពីថ្ងៃទី ១០ ខែមករា បានឱ្យដឹងថា ការសិក្សាលើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ ជិតចប់សព្វគ្រប់ហើយដោយការសាងសង់អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២៣។ ចំណែកទីតាំងសាងសង់ គឺមានជម្រើស ២ ដោយទី ១ នៅជិតស្ថានីយបូមទឹករបស់រដ្ឋាករទឹកភ្នំពេញ (ស្វាយជ្រុំ) និងទី ២ នៅម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវកសាងស្ពានចំនួន ២។ ក្រសួងកំពុងសិក្សា តើទីតាំងណាមានផលប៉ះពាល់តិច និងចំណាយថវិកាតិច។
លោកនិយាយថា៖ «ឥឡូវការសិក្សាជិតចប់ហើយ ដោយមានជម្រើស ៣ ប្រភេទ គឺស្ពានធម្មតា ស្ពានមានខ្សែកាប្លិ៍ ដូចនៅអ្នកលឿង។ល។ យើងកំពុងពិនិត្យចុងក្រោយ ដើម្បីជ្រើសរើស និងរៀបចំដាក់ដេញថ្លៃសាងសង់ស្ពានឆ្លងទន្លេមេគង្គ»។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១២ ខែមករា ថា ដោយសារព័ត៌មានពីការសាងសង់ស្ពាននេះត្រូវបានលេចឡើងជាបន្តបន្ទាប់ ហេតុនេះសកម្មភាពនៃការទិញ លក់ និងតម្លៃអចលនទ្រព្យនៅអរិយក្សត្រមិនសូវមានការប្រែប្រួលនោះទេនារយៈពេល ២-៣ ឆ្នាំមកនេះ។ ម្យ៉ាងទៀតអចលនទ្រព្យនៅទីនោះក៏មានតម្លៃខ្ពស់គួរសមដែរពេលនេះ។ តម្លៃដីនឹងកើនឡើងខ្ពស់នៅពេលការដ្ឋានសាងសង់ស្ពានចាប់ផ្តើម។
លោកថ្លែងថា៖ «អចលនទ្រព្យនៅតំបន់អរិយក្សត្រ គឺប្រៀបចំជាគ្រាប់ពេជ្រដែលមិនទាន់ច្នៃរួចរាល់ ប៉ុន្តែនៅពេលមានការតភ្ជាប់ស្ពានពីភ្នំពេញទៅ វានឹងធ្វើឱ្យតំបន់អរិយក្សត្រក្លាយជាគ្រាប់ពេជ្រ ដូចតំបន់ជ្រោយចង្វារនាពេលនេះ។ នៅពេលនោះតម្លៃដីអាចនឹងមានកម្រិតប្រហាក់ប្រហែលតំបន់ជ្រោយចង្វារដែរ»។
យោងតាមលោក សុខនឿន បច្ចុប្បន្នដីនៅអរិយក្សត្រតំបន់ល្អបំផុត (ជាប់មាត់ទន្លេ) មានតម្លៃជាមធ្យមក្នុងរង្វង់ ១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីឡូត៍លំនៅឋានមានតម្លៃក្នុងរង្វង់ ១០០-៣០០ ដុល្លារ និងដីសម្រាប់អភិវឌ្ឍន៍ធំៗ មានតម្លៃជាមធ្យមចន្លោះពី ១៨០-២៥០ ដុល្លារ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA លោក នួន រិទ្ធី បាននិយាយថា សម្រាប់រយៈពេលខ្លី គឺមិនមានអ្វីប្រែប្រួលទេ ប៉ុន្តែនៅពេលអនាគតពេលមានស្ពានឆ្លងទន្លេពីរាជធានីភ្នំពេញ និងមានផ្លូវក្រវាត់ក្រុងទី ៣ ទៅដល់តំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងមួយដ៏ល្អស្អាត និងនៅជិតបំផុតជាមួយរាជធានីភ្នំពេញ។ តំបន់អរិយក្សត្រនឹងក្លាយជាកន្លែងប្រកបការងារ និងរស់នៅដ៏ស្រស់បំព្រងពេលអនាគត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយទីផ្សារអចលនទ្រព្យ។
លោកបញ្ជាក់ថា៖ «ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់របស់រដ្ឋាភិបាល គឺជាការបង្កើតកាលានុវត្តភាពថ្មីៗ និងជាកម្លាំងចលករក្នុងការជំរុញឱ្យទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាឆាប់មានកំណើនខ្ពស់ឡើងវិញដូចមុនពេលមានវិបត្តិកូវីដ ១៩»។
សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០២២ នេះ លោក រិទ្ធី អះអាងថា នឹងមានភាពល្អប្រសើរជាងឆ្នាំ ២០២១ ទោះបីជាកូវីដ ១៩ នៅបន្តការគំរាមកំហែងដល់សេដ្ឋកិច្ចក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយថា ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនឹងជួយឱ្យតំបន់អរិយក្សត្រក្លាយជាទីក្រុងរណប នៅពេលអនាគត៕ LA
វីដេអូ៖