The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អគារ ជីប ម៉ុង ថៅវើ តម្លៃ $២៣០ ​លាន​បាន​បញ្ចប់​ការសាងសង់​ដល់​ជាន់ខ្ពស់​ជាងគេ​បង្អស់

អគារ ជីប ម៉ុង ថៅវើ តម្លៃ $២៣០ ​លាន​បាន​បញ្ចប់​ការសាងសង់​ដល់​ជាន់ខ្ពស់​ជាងគេ​បង្អស់

Content image - Phnom Penh Post
ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីប ម៉ុង ប្រកាស​ពី​ការសាងសង់​អគារ​ដល់​ជាន់​ទី ៤៥​។ ហេង ជីវ័ន

អគារ ជីប ម៉ុង ថៅវើ តម្លៃ $២៣០ ​លាន​បាន​បញ្ចប់​ការសាងសង់​ដល់​ជាន់ខ្ពស់​ជាងគេ​បង្អស់

ភ្នំពេញៈ បន្ទាប់ពី​ចាប់ផ្តើម​សាងសង់​ក្នុងអំឡុង​ដើមឆ្នាំ​ ២០១៩ អគារ​កម្ពស់ ៤៥ ​ជាន់ (១៨៥​ ម៉ែត្រ​) ជីប ម៉ុង ថៅវើ ដែល​ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្រោម​ទុនវិនិយោគ​សរុប ២៣០ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន ជីប ម៉ុង បានប្រកាស​ពី​ការបញ្ចប់​គ្រោង​អគារ​ដល់​ជាន់​កំពូល​ហើយ​កាលពី​ថ្ងៃទី​ ១៤ ខែមករា​។

ជីប ម៉ុង ថៅវើ ដែលមាន​ទីតាំងនៅ​ជិត​ស្ពាន​អាកាស​សាលា​តិចណូ និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ​ ២០១៩ លើ​ផ្ទៃដី​ទំហំ ១៤ ០៤២​ ម៉ែត្រការ៉េ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ស្ថាបត្យកម្ម​ដ៏​ទំនើប​ហើយនឹង​ត្រូវ​ប្រើប្រាស់​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ មានដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​ម៉ាក​ល្បីៗ ការិយាល័យ រោង​ភាពយន្ត​ខ្នាត​ធំ​ទំនើប កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​រៀបចំ​ពិធី​ផ្សេងៗ សាលប្រជុំ សណ្ឋាគារ​លំដាប់​ពិភពលោក​ (Fairfield by Marriott Phnom Penh) ភោជនីយដ្ឋាន និង​ស្កាយបារ៍ ជាដើម​។

សហស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការសាងសង់​គ្រោង​អគារ​ដល់​ជាន់​កំពូល​នៃ ជីប ម៉ុង ថៅវើ ថា សមិទ្ធផល​ដ៏ថ្មី និង​ធំធេង​នេះ គឺ​កើតចេញពី​កិច្ចខិតខំ​របស់​គណៈ​គ្រប់គ្រង ក្រុម​ការងារ និង​ដៃគូ​ទាំងអស់​។ អគារ​ពាណិជ្ជកម្ម​ចម្រុះ​នេះ គឺជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ និង​ការវិនិយោគ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន ជាក់ស្តែង​ទោះបី​ក្នុង​អំឡុងពេល​នៃ​បរិបទ​ជំងឺ​កូវីដ​ ១៩ ក៏​ក្រុមហ៊ុន​បាន​បន្ត​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​ជា​បន្តបន្ទាប់​ដែលមាន​ដូចជា ផាកលែន​ពោធិ៍ចិនតុង​, លែនម៉ាក ៦០ ​ម៉ែត្រ និង​ជីប ម៉ុង សែនសុខ ជាដើម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អគារ ជីប ម៉ុង ថៅវើ ដែល​នឹង​បង្ហាញខ្លួន​យ៉ាង​ពេញលេញ​នាពេល​ដ៏ខ្លី​ខាងមុខ​នឹង​នាំ​មុខមាត់​ថ្មី​ជូន​កម្ពុជា​ក្នុងនាម​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ប្រកបដោយ​សក្តានុពល ដែល​នឹង​ផ្តល់នូវ​ភាពប្រណីត​ទាន់សម័យ និង​បម្រើ​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​បំពេញតម្រូវការ​របស់​ធុរជន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​»​។

អគ្គនាយករង​ជាន់ខ្ពស់​ផ្នែក​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន ជីប ម៉ុង លោក Simon DELL បាន​និយាយថា​ក្រៅពី​គាំទ្រ​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នេះ​ក៏បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន​ដែល​រួមចំណែក​លើកស្ទួយ​ជីវភាព​របស់​សហគមន៍ ក៏ដូចជា​លើកកម្ពស់​វិស័យ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​បាន​គាំទ្រ​ដល់​អាជីវកម្ម​តូចៗ​ជុំវិញ​តំបន់​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៦ ខែមករា​ថា ការបញ្ចប់​គ្រោង​អគារ​របស់ ជីប ម៉ុង ថៅវើ បញ្ជាក់ថា ទោះ​ក្នុងអំឡុងពេល​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩ ក៏​ក្រុមហ៊ុន ជីប ម៉ុង នៅតែមាន​ថវិកា និង​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​ការបញ្ចប់​គម្រោង​របស់​ខ្លួន​ទៅតាម​ផែនការ ទោះ​ការសាងសង់​មាន​ជួប​បញ្ហា​មួយចំនួន​ដូចជា ការផ្គត់ផ្គង់​សម្ភារ​សំណង់ និង​កម្លាំង​ពលកម្ម ក៏ដោយ​។ លោក​បន្តថា សមិទ្ធផល​នេះ ក៏​ជា​គំរូ​ល្អ​មួយ​បង្ហាញ​ទៅកាន់​អ្នក​អភិវឌ្ឍន៍​ដទៃទៀត​ឱ្យ​ខិតខំ​បង្កើនល្បឿន​សាងសង់​របស់ខ្លួន​ផងដែរ​។

លោក​បន្ថែមទៀតថា អគារ​ដ៏ធំ​លំដាប់​ពិភពលោក​នេះ​មិន​ត្រឹមតែ​ជួយ​លើកមុខ​មាត់​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បង្ហាញ​ដល់​អ្នកវិនិយោគ​អន្តរជាតិ​ធំៗ​ពី​ភាពរឹងមាំ​នៃ​កំណើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​វឌ្ឍនភាព​របស់​គម្រោង នេះ​នឹងមិន​ត្រឹមតែ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ក្រុមហ៊ុន​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​សំណង់ អចលនទ្រព្យ និង​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ផងដែរ​។ នៅពេល​មាន​កន្លែង​​ធ្វើការ និង​ស្នាក់នៅ​ល្អៗ វា​នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ និង​វិនិយោគិន​ចូលចិត្ត​ធ្វើដំណើរ​មក​កម្ពុជា​កាន់តែ​ច្រើន​»៕ LA

អត្ថបទគួរចាប់អារម្មណ៍