ភ្នំពេញៈ ឥទ្ធិពលនៃការរីករាលជំងឺកូវីដ ១៩ បានធ្វើឱ្យគម្រោងវិនិយោគខុនដូ (ថ្មី) ដែលបានប្រកាសបើកលក់ក្នុងឆ្នាំ ២០២១ នៅរាជធានីភ្នំពេញមានចំនួនត្រឹមតែ ៤ ប៉ុណ្ណោះដោយធ្លាក់ចុះពីចំនួន ១៧ កាលពីឆ្នាំ ២០២០។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ស្រាវជ្រាវបង្ហាញថាចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ គម្រោងវិនិយោគអគារខុនដូដែលប្រកាសបើកលក់មានចំនួន ៤ គម្រោងស្មើនឹងបន្ទប់ស្នាក់នៅជាង ១ ០០០ យូនីត ខណៈក្នុងឆ្នាំ ២០២០ គម្រោងខុនដូដែលបានប្រកាសបើកលក់មានចំនួន ១៧ គម្រោង ស្មើនឹងបន្ទប់ស្នាក់នៅសរុប ១០ ៨៦៦ យូនីត។
សម្រាប់តម្លៃលក់របស់ខុនដូ ក្នុងឆ្នាំ ២០២១ គឺបង្ហាញពីនិន្នាការធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២០។ យោងតាម CBRE Cambodia ខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម ២ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះពីតម្លៃ ៣ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េកាលពីដំណាច់ឆ្នាំ ២០២០, ខុនដូ ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃមធ្យម ២ ០០០ ដុល្លារ ធ្លាក់ពីចំនួន ២ ២៥០ ដុល្លារ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ១ ៤០០ ដុល្លារ ធ្លាក់ចុះពីចំនួន ១ ៥០០ ដុល្លារ។
ដោយឡែកតម្លៃជួលនាដំណាច់ឆ្នាំ ២០២១ គឺមានប្រមាណពី ៧-១២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែធ្លាក់ចុះប្រហែល ១០ ភាគរយបើធៀបនឹងចុងឆ្នាំ ២០២០។
តាមការព្យាកររបស់ CBRE Cambodia ក្នុងឆ្នាំ ២០២២ នេះនឹងមានគម្រោងចំនួន ២២ បញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ដែលរួមមានបន្ទប់ស្នាក់នៅសរុបជាង ១៣ ០០០ យូនីត។
អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមករា ថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកបានធ្វើឱ្យសកម្មភាពនៃការទិញ-លក់ និងតម្លៃខុនដូនារយៈពេល ២ ឆ្នាំចុងក្រោយនេះមិនមានភាពល្អប្រសើរឡើយ។ ក្តីបារម្ភពីការឆ្លងជំងឺកូវីដ ១៩ និងការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេសបានធ្វើឱ្យចំនួនអតិថិជន ពិសេសជនបរទេសដែលមានចំណាប់អារម្មណ៍ការទិញ-លក់ និងស្នាក់នៅតាមខុនដូធ្លាក់ចុះយ៉ាងគំហុក។ អ្នកនាង គិនកេសា បន្តថា ទោះបីពេលនេះប្រទេសនីមួយៗហាក់បានបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរក៏ដោយ ក៏ទីផ្សារខុនដូនៅកម្ពុជានៅតែត្រូវការពេលវេលាយូរទៀត ដើម្បីមានកំណើនឡើងវិញ។
អ្នកនាង គិនកេសា ថ្លែងថា៖ «ដោយសារតែទីផ្សារខុនដូនៅកម្ពុជាបច្ចុប្បន្ន ពិសេសខុនដូប្រភេទប្រណីតមានអតិថិជនជាជនបរទេស ហេតុនេះគេត្រូវការពេលយូរទៅមុខទៀតដើម្បីធ្វើឱ្យទីផ្សារនេះល្អប្រសើរឡើងវិញ»។
សម្រាប់ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន CBRE Cambodia បានព្យាករថានឹងមិនមានការបើកលក់គម្រោងខុនដូថ្មីៗច្រើនដូចឆ្នាំកន្លងទៅទេ ហើយតម្លៃលក់អាចស្ថិតនៅទ្រឹង ខណៈទីផ្សារត្រូវការពេលវេលាបន្ថែមដើម្បីស្រូបយកចំនួនយូនីតខុនដូ ដែលមានស្រាប់នាពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀត ទីផ្សារខុនដូ ដែលកន្លងមកធ្លាប់តែពឹងផ្អែកលើអ្នកទិញជាជនបរទេសអាចនឹងត្រូវពិនិត្យឡើងវិញទៅលើការរចនា សេវាកម្ម និងតម្លៃលក់ដើម្បីទាក់ទាញយកអ្នកទិញក្នុងស្រុក និងរក្សាបាននូវភាពប្រកួតប្រជែង។
ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ចាប់ពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសកម្ពុជាចំនួន ៤ ៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារត្រូវបានអនុម័ត។ ចំនួនទុនវិនិយោគនេះបើធៀបជាមួយនឹងឆ្នាំ ២០២០ គឺបានថយចុះប្រមាណ ៣១,២១ ភាគរយ៕ LA