The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អត្រា​ប្រើប្រាស់​កន្លែង​ជួល​លក់រាយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម​ ៦៧ ​ភាគរយ

អត្រា​ប្រើប្រាស់​កន្លែង​ជួល​លក់រាយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម​ ៦៧ ​ភាគរយ

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​ការសាងសង់​អគារ​ពាណិជ្ជកម្ម ១ នៅក្នុង​រាជធានី​ភ្នំពេញ​។ ហ៊ាន រង្សី

អត្រា​ប្រើប្រាស់​កន្លែង​ជួល​លក់រាយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម​ ៦៧ ​ភាគរយ

ភ្នំពេញៈ ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការប្រកាស​ដាក់ចូល​ទីផ្សារ​ចំនួន ១២ ​គម្រោង ​(Retail Project) ​បានធ្វើឱ្យ​អត្រា​ប្រើប្រាស់​កន្លែង​លក់រាយ​ (Retail Occupancy rate) នៅក្នុង​រាជធានី-​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០២១ មាន​ប្រមាណ ៦៧ ​ភាគរយ ខណៈ​កាលពី​ឆ្នាំ​ ២០២០ អត្រា​ប្រើប្រាស់​មាន ៨៤ ​ភាគរយ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ CBRE Cambodia កាលពី​ពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ មាន​ទីតាំង​លក់រាយ​ថ្មី​ចំនួន ១២ ​ទីតាំង​បាន​បើក​ដំណើរការ ដែល​ស្មើនឹង​ផ្ទៃក្រឡា​សរុប​ជាង ៨៨ ០០០ ​ម៉ែត្រការ៉េ ខណៈ​កាលពី​ឆ្នាំ​ ២០២០ ទីតាំង​ថ្មី​ដាក់ចូល​ទីផ្សារ​មាន ៥​ ទីតាំង ស្មើនឹង​ផ្ទៃក្រឡា​ជាង ៤០ ០០០ ​ម៉ែត្រការ៉េ​។ ចំណែក​អត្រា​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២១ មាន ៦៧ ​ភាគរយ ធ្លាក់ចុះ​ពី ៨៤​ ភាគរយ​កាលពី​ឆ្នាំ​ ២០២០​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ ផ្ទៃក្រឡា​កន្លែង​លក់រាយ​នៅ​ភ្នំពេញ​មាន​ជាង ៤០ ​ម៉ឺន​ម៉ែត្រការ៉េ​។

សម្រាប់​តម្លៃ​ជួលរ​បស់ទីតាំង​លក់រាយ​នា​ដំណាច់ឆ្នាំ​ ២០២១ គឺ​ប្រភេទ Shopping Mall មានតម្លៃ​ជា​មធ្យម ២៧ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១​ ខែ ធ្លាក់ចុះ ៦ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០, ប្រភេទ Prime High Street មានតម្លៃ ២៤ ​ដុល្លារ ធ្លាក់ចុះ ១០ ​ភាគរយ​, ប្រភេទ Prime Retail Podium តម្លៃ ២០ ​ដុល្លារ​ថយចុះ ១៧ ​ភាគរយ និង​ប្រភេទ Community Mall មានតម្លៃ ២១ ​ដុល្លារ​ធ្លាក់ចុះ ៣៦​ ភាគរយ​។

បើតាម CBRE Cambodia នៅក្នុង​ឆ្នាំ ​២០២១ មាន​ហាង​/​យីហោ​លំដាប់​អន្តរជាតិ ២០ បាន​បើក​ដំណើរការ​មាន​ចូល​ជា 7 eleven, Pizza Hut, PAPA John's, Fila និង Ralph Lauren ជាដើម​។

ក្នុង​ឆ្នាំ ​២០២២ នេះ​ផ្ទៃក្រឡា​កន្លែង​លក់រាយ​ដែល​គ្រោង​នឹងដាក់​ចូលក្នុង​រាជធានី​-​ភ្នំពេញ មាន​ចំនួន​ជាង ១៩ ​ម៉ឺន​ម៉ែត្រការ៉េ ដោយ​ប្រភេទ Shopping Mall មាន​ជាង ១១០ ០០០ ​ម៉ែត្រការ៉េ​, Community Mall ជាង ៥០ ០០០ ​ម៉ែត្រការ៉េ​, Retail Podium ជាង ២៥ ០០០​ ម៉ែត្រការ៉េ និង​ប្រភេទ​ផ្សេងទៀត​ជាង ១ ០០០ ​ម៉ែត្រការ៉េ​។ គម្រោង​ទាំងនោះ​មានដូចជា Chip Mong Sen Sok Mall, Chip Mong 271 Mega Mall, Prince International Plaza និង Lucky Pavilion Mall​។ នេះ​បើតាម​ការ​ព្យាករ​របស់ CBRE Cambodia​។

អ្នកនាង គឹម គិនកេសា នាយិកា​រង​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា កន្លែង​ជួល​លក់រាយ​បាន​រង​ផលប៉ះពាល់​ខ្លាំង​នា​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ដោយ​ធ្លាក់ចុះ​ទាំង​ចំនួន​អតិថិជន​ដើរ​ទិញ​ទំនិញ និង​ការបើក​ដំណើរការ​អាជីវកម្ម​ថ្មី​។ ស្របពេល​ជាមួយ​គ្នា​នេះ​និន្នាការ​នៃ​ការទិញ​ទំនិញ​តាម​អនឡាញ​ក៏​កាន់​តែមាន​សកម្មភាព​ខ្លាំង​ផងដែរ​។ អ្នកនាង​បន្តថា ទោះយ៉ាងណា​ស្ថានភាព​នេះ​បានចាប់ផ្តើម​ល្អ​ឡើងវិញ​បណ្តើរៗ​ហើយ​ចាប់ពី​ចុងឆ្នាំ​ ២០២១ មក​។

អ្នកនាង គិនកេសា និយាយថា​៖ «​ទីផ្សារ​នេះ​បានល្អ​ឡើងវិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​វា​អាច​នឹងមាន​បញ្ហា​ប្រឈម​ខ្លះ​សម្រាប់​ឆ្នាំ ​២០២២ នេះ​»​។

យោងតាម អ្នកនាង គិនកេសា អ្វី​ដែលជា​បញ្ហា​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ឆ្នាំនេះ​គឺ​ចំនួន​នៃ​ការផ្គត់ផ្គង់​កន្លែង​លក់រាយ​ដាក់ចូល​ទីផ្សារ​នឹងមាន​រហូតដល់​ជិត ២០ ​ម៉ឺន​ម៉ែត្រការ៉េ ដែល​នឹងធ្វើ​ឱ្យមាន​ការប្រកួតប្រជែង​តម្លៃ​ដាក់​ជួល​កាន់តែខ្លាំង​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​យល់ឃើញ​ប្រហាក់​ប្រហែល​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​និយាយថា ទីផ្សារ​កន្លែង​ជួល​សម្រាប់​លក់ទំនិញ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​អំឡុង​ចុង​ត្រីមាស​ទី ២ និង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២១ ដែល​បណ្តាលមកពី​ក្តី​ព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​កូវីដ​ ១៩​។ ទោះយ៉ាងណា​ទីផ្សារ​នេះ​ចាប់ផ្តើម​ល្អ​ឡើងវិញ​ហើយ​។ លោក​បន្តថា ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​ប្រទេស​ឡើងវិញ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​តម្រូវការ​កន្លែង​លក់រាយ មាន​សម្ទុះ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​អត្រា​ដ៏​ខ្ពស់​នៃ​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង និង​ការគ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ នឹងធ្វើ​ឱ្យ​អត្រា​នៃ​ភាព​ទំនេរ​របស់​ទីតាំង​នៅសល់​ធ្លាក់ចុះ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍