ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ចំនួន ២៨៧​ ក្រុមហ៊ុន ដែលមាន​គម្រោង​សរុប ៤០៨ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​សាងសង់​ពី​ឆ្នាំ​ ២០១០-២០២១​។ នៅក្នុង​ចំណោម​គម្រោង​ទាំង​ ៤០៨ គឺមាន​ ២៣០ ជា​គម្រោង​លំនៅឋាន​លក្ខណៈ​ជា​បុរី​។ នេះ​បើ​យោងតាម​លោក ជូ វណ្ណៈ អគ្គនាយក​នៃ​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ «​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ការគ្រប់គ្រង​អាជីវកម្ម​ផ្តល់​សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​»​ដែល​រៀបចំ​ដោយ​សមាគម​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ លោក ជូ វណ្ណៈ បាន​លើកឡើងថា គិត​ចាប់​តាំងពី​ឆ្នាំ​ ២០១០ ដល់​ដំណាច់ឆ្នាំ​ ២០២១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ បានផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ចំនួន ២៨៧ ក្រុមហ៊ុន ដែលមាន​ចំនួន ៤០៨ ​គម្រោង និង​មាន​ទុនវិនិយោគ​ជាង ៧ ​ពាន់​លាន​ដុល្លារ​។

លោក​បន្តថា ក្នុងចំណោម​គម្រោង​ទាំងអស់ គម្រោង​អភិវឌ្ឍន៍​ដែលមាន​លក្ខណៈ​បុរី​មាន​ចំនួន ២៣០ ​គម្រោង​, គម្រោង​អភិវឌ្ឍន៍​ប្រភេទ​ជា​អគារ​សហកម្ម​សិទ្ធិ​មាន​ចំនួន ១៥២ ​គម្រោង​, គម្រោង​ផ្សារ ២, គម្រោង​ដីឡូត៍ ១ ​គម្រោង និង​គម្រោង​ចម្រុះ​មាន​ចំនួន ២៣ ​គម្រោង​។

បើតាម​លោក ជូ វណ្ណៈ ក្នុងអំឡុងពេល​ខាងលើ​គម្រោង​លំនៅឋាន​ប្រភេទ​ផ្ទះល្វែង​មាន​សរុប ៥២ ១២៦ ​ផ្ទះ​, លំនៅឋាន​ប្រភេទ​វីឡា ១៣ ៨៨៨, លំនៅឋាន​ប្រភេទ​ខុនដូ ១០៤ ៩៧៥ ​យូនីត​, តូប​អាជីវកម្ម ៨១២ ​តូប និង​ដីឡូត៍​មាន​ចំនួន ១៨៩ ​ឡូត៍​។ ដោយឡែក​រាជធានី​ភ្នំពេញ​មាន​គម្រោង​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​ច្រើន ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍ គឺ​ពុំបាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច ឬ​និយតករ​អចលនវត្ថុ​ និង​បញ្ចាំ​ឡើយ​។

លោក​ សំ សុខនឿន ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ថា នៅ​មុនពេល​មានការ​ផ្ទុះ​ជំងឺ​កូវីដ ​១៩ តម្រូវការ​លំនៅឋាន និង​ការវិនិយោគ​សំណង់​លំនៅឋាន​មាន​សម្ទុះ​កើនឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅពេលនេះ​គឺ​មិនមាន​ភាពខ្លាំង​ដូច​មុន​ទេ ព្រោះ​វិបត្តិ​កូវីដ​ ១៩ បានធ្វើឱ្យ​ប្រាក់ចំណូល​របស់​ប្រជាជន និង​អ្នកវិនិយោគ​ធ្លាក់ចុះ​ព្រម​គ្នា​។ លោក​ថ្លែងថា​៖ «​បើតាម​សង្កេត​របស់ខ្ញុំ​តម្រូការ​លំនៅឋាន​តាម​បុរី​នាពេល​បច្ចុប្បន្ន​ហាក់​នៅ​ទ្រឹង ហើយ​ការសាងសង់​គម្រោង​នីមួយៗ​ក៏​មិនសូវ​ស្វាហាប់​ដែរ​»​។

លោក​បន្តថា ទោះយ៉ាងណា សម្រាប់​តម្រូវការ​លំនៅ​ឋាន​តម្លៃ​ទាប ​(​ក្រោម​ ៥​ ម៉ឺន​ដុល្លារ​) ​គឺ​នៅតែមាន​ច្រើន ប៉ុន្តែ​តម្លៃ​នេះ គឺ​គេ​មិនអាច​រកបាន​ទេ​ក្នុង​រាជធានី​ភ្នំពេញ​នាពេលនេះ ព្រោះ​តម្លៃ​ដី និង​សម្ភារ​សំណង់​បាន​កើនឡើង​ខ្ពស់​ព្រម​គ្នា​។

ចំណែក​អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​និយាយថា ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​គ្រួសារ​ថ្មី បានធ្វើឱ្យ​តម្រូវការ​លំនៅឋាន​កើនឡើង​ជាប្រចាំ​។ ជាក់ស្តែង​ក្នុងអំឡុង​ពេលដែល​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​រង​ផលអវិជ្ជមាន​ពី​វិបត្តិ​កូវីដ​ ១៩ ក៏​តម្រូវការ និង​សកម្មភាព​នៃ​ការអភិវឌ្ឍ​លំនៅឋាន​មិនបាន​ធ្លាក់ចុះ​នោះទេ​។ សកម្មភាព​នៃ​ការសាងសង់​ជារួម​ពិតជា​ធ្លាក់ចុះ ប៉ុន្តែ​ការធ្លាក់ចុះ​នោះ គឺ​កើតមាន​ចំពោះ​សំណង់​ធំៗ​តែប៉ុណ្ណោះ​។

លោក​បាន​ប្រាប់ថា​៖ «​តម្រូវការ និង​ទីផ្សារ​លំនៅឋាន​នៅតែមាន​ដំណើរការ​ល្អ ទោះ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ក៏ដោយ​។ ទីផ្សារ​នេះ​នឹង​បន្ត​ភាពវិជ្ជមាន​បន្ថែមទៀត គ្រាន់តែ​ទីតាំង​នៃ​សំណង់​លំនៅឋាន (​ផ្ទះល្វែង និង​បុរី​) កាន់តែ​ឃ្លាត​ចេញពី​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ​»​។

កាលពី​ឆ្នាំ​ ២០១៤ ប្រទេស​កម្ពុជា​បានអនុម័ត​គោលនយោបាយ​លំនៅឋាន​ថ្នាក់ជាតិ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លំនៅឋាន​ឱ្យបាន​កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ​។ តាម​គោលនយោបាយ​នេះ កម្ពុជា​នឹងត្រូវការ​ផ្ទះ​បន្ថែម​ប្រមាណ ៥​ ម៉ឺន​ខ្នង​ក្នុង ១​ ឆ្នាំៗ​រហូតដល់​ឆ្នាំ​ ២០៣០៕ LA