The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Frasers Hospitality នឹង​បើក​ដំណើរការ​គម្រោង​ដំបូង​របស់ខ្លួន​នៅ​ភ្នំពេញ​ក្នុងឆ្នាំនេះ

Frasers Hospitality នឹង​បើក​ដំណើរការ​គម្រោង​ដំបូង​របស់ខ្លួន​នៅ​ភ្នំពេញ​ក្នុងឆ្នាំនេះ

Content image - Phnom Penh Post
អគារ​របស់ Frasers Hospitality​។ រូបថត សហការី

Frasers Hospitality នឹង​បើក​ដំណើរការ​គម្រោង​ដំបូង​របស់ខ្លួន​នៅ​ភ្នំពេញ​ក្នុងឆ្នាំនេះ

ភ្នំពេញៈ ក្រុមហ៊ុន Frasers Hospitality មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ចូល​ទីផ្សារ​ថ្មី​មួយ​នៅ​អាស៊ីអាគ្នេយ៍ ព្រមទាំង​នឹង​បើក​គម្រោង​អចលនទ្រព្យ​ដំបូង​របស់ខ្លួន​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​ផងដែរ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន Frasers Hospitality នឹងមាន​អចលនទ្រព្យ​ចំនួន​ ៣ នៅ​តំបន់​ពាណិជ្ជកម្ម​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​រួមមាន គម្រោង Capri by Fraser ចំនួន ៨៨ ​បន្ទប់ (​បើក​ដំណើរការ​នៅ​ខែតុលា ឆ្នាំ ​២០២២),Capri by Fraser មាន ៧៨ ​បន្ទប់​ (​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០២៤) និង​គម្រោង Fraser Residence Sen Sok មាន ២០០ ​បន្ទប់​ (​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៦)​។

Capri by Fraser ទាំង​ ២​ នេះ​មាន​ទីតាំងនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ចម្ងាយ​ពីគ្នា​ប្រហែល ៥ ​នាទី​ (​ជិះ​រថយន្ត​)​។ អចលនទ្រព្យ​ទាំង​ ២ ​នេះ​នឹងត្រូវ​ប្រើប្រាស់​ចម្រុះ​មានដូចជា​បន្ទប់​សណ្ឋាគារ អាផាតមិន ដែល​រចនា​ឡើង​ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នកធ្វើដំណើរ និង​ភ្ញៀវ​កម្រិត​មធ្យម​ស្នាក់នៅ​។

រីឯ Fraser Residence Sen Sok ស្ថិតនៅ​ខណ្ឌ​សែនសុខ ជា​ទីតាំង​ដែល​មានការ​រីកចម្រើន​ខ្លាំង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ដោយសារ​កម្ពុជា​មាន​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ ធុរកិច្ច​អន្តរជាតិ​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​បង្កើន​វត្តមាន​របស់​ពួកគេ​នៅក្នុង​រាជធានី​ភ្នំពេញ​។

ប្រទេស​កម្ពុជា គឺជា​ទីតាំង​ដ៏គួរឱ្យ​ទាក់ទាញ​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង និង​ដូស​ជំរុញ​ខ្ពស់បំផុត​នៅលើ​ពិភពលោក និង​មានការ​រឹតបន្តឹង​តាម​ច្រក​ព្រំដែន​តិចតួច​។ អាកាសយានដ្ឋាន​ថ្មី​ដែល​បច្ចុប្បន្នកំពុង​សាងសង់​នៅ​ភ្នំពេញ​នឹង​គាំទ្រ​ដល់​ការមកដល់​របស់​ភ្ញៀវទេសចរ ដែល​ឃើញ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ចន្លោះ​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០១៩​។

លោកស្រី Tonya Khong អនុប្រធាន​ជាន់ខ្ពស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Frasers Hospitality ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយនេះ រាជធានី​ភ្នំពេញ​បាន​វិវឌ្ឍ​ក្លាយ​ទៅជា​ទីក្រុង​មួយ​ដែល​រីកចម្រើន និង​រស់​រវើក​។ គួបផ្សំ​ជាមួយនឹង​សេដ្ឋកិច្ច​វ័យក្មេង ថាមវន្ត និង​វិធានការ​ស្តារឡើងវិញ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ដ៏រឹងមាំ​នៅ​កម្ពុជា យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការបង្ហាញ យីហោ​អចលនទ្រព្យ Frasers Hospitality របស់​យើង ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ផ្សេងៗ និង​ផ្តល់​បទពិសោធ​ប្រកបដោយ​គុណភាព​ខាង​អចលនទ្រព្យ​»​។

លោកស្រី​លើកឡើងថា ចក្ខុវិស័យ​សម្រាប់​អាស៊ីអាគ្នេយ៍​ក៏គ្រោង​នឹង​ទទួលបាន​ជោគជ័យ ជាពិសេស​ជាមួយនឹង​ប្លុក​ពាណិជ្ជកម្ម​សេរី​ឈានមុខ​គេ​លើ​ពិភពលោក កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ក៏បាន​ចូល​ជាធរមាន​នៅក្នុង​ឆ្នាំនេះ​ផងដែរ​។ ក្រុម​វិនិយោគិន និង​ក្រុម​អ្នកវិភាគ​រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​នឹង​ជំរុញឱ្យមាន​សកម្មភាព​អាជីវកម្ម និង​ការចូលរួម​កាន់តែច្រើន​។

លោកស្រី​បន្ថែមថា​៖ «​អចលនទ្រព្យ​ទាំង ៣ ​របស់​យើង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សម្រួល​ដល់​ការវិល​ត្រឡប់មកវិញ ការធ្វើដំណើរ ក៏ដូចជា​ការជំរុញ​ដែល​រំពឹងទុក​ពី​ព្រឹត្តិការណ៍​ក្នុង​តំបន់​ជាច្រើន​ដូចជា ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២៣ និង​កិច្ចព្រមព្រៀង RCEP ជាដើម​។ ការ​ចូលមក​ទីផ្សារ​កម្ពុជា គឺជា​មហិច្ឆតា​រយៈពេល​វែង​របស់​យើង​ក្នុងការ​បង្កើន​វត្តមាន​របស់​យើង​នៅក្នុង​ប្រទេសមួយ​នេះ និង​តំបន់​អាស៊ីអាគ្នេយ៍​»​។

Frasers Property Limi-ted (Frasers Property រួមជាមួយ Frasers Property Group ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ គ្រប់គ្រង ប្រតិបត្តិករ​អន្តរជាតិ​នៃ​ផលិតផល និង​សេវាកម្ម​អចលនទ្រព្យ​នៅ​ទូទាំង​ចង្វាក់​តម្លៃ​អចលនទ្រព្យ​។ ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​នៅ​ផ្សារគោល​នៅ​ផ្សារហ៊ុន​ Singapore Exchange Securities Trading Limited និង​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​។ ក្រុមហ៊ុន​មួយ​នេះ​មាន​ទ្រព្យសកម្ម​ប្រមាណ ៤០,៣ ​ពាន់​លាន​ដុល្លារ​សិង្ហបុរី គិតត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១៕ LA

អត្ថបទគួរចាប់អារម្មណ៍