ភ្នំពេញៈ ប្រទេស​កម្ពុជា​ត្រូវបាន​កម្មវិធី PropertyGuru Asia Property Awards ជ្រើសរើស​ជា​កន្លែង​ប្រកាស​លទ្ធផល​ការប្រកួតប្រជែង​ពានរង្វាន់​ផ្នែក​អចលនទ្រព្យ​ (​នៅតាម​ប្រទេស​នីមួយៗ​) ​មុនគេ ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំង ១៥ ក្នុង​ទ្វីបអាស៊ី ខណៈ​ការប្រកាស​លទ្ធផល​ប្រចាំឆ្នាំ​នៃ​ពានរង្វាន់​នេះ​នឹងត្រូវ​ធ្វើ​នៅ​ចុងឆ្នាំ​ ២០២២ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបាន​រៀបចំឡើង​នៅ​កម្ពុជា​ជា​លើកដំបូង​ឆ្នាំ​ ២០១៥ ដោយ​ឆ្នាំ​ ២០២២ នេះ គឺជា​លើក​ទី​ ៧​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការទទួល​ពាក្យ​ចូលរួម​ការប្រកួតប្រជែង​ពានរង្វាន់ 2022 PropertyGuru Cambodia Property Awards ដែល​រៀបចំ​នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៣ កុម្ភៈ លោក សន សៀប ប្រធាន​គណៈកម្មការ​វិនិច្ឆ័យ​ឯករាជ្យ​ពានរង្វាន់ 2022 PropertyGuru Cambodia Property Awards បាន​និយាយថា ភាព​ជោគជ័យ​នៃ​អត្រា​ដ៏ខ្ពស់​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩, ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ បានល្អ​ប្រសើរ ព្រមទាំង​ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ពេញលេញ គឺជា​ធាតុ​ផ្សំ​ដ៏ចម្បង​ដែល​ធ្វើឱ្យ​ក្រុមការងារ​របស់​ក្រុមហ៊ុន PropertyGuru Asia Property Awards សម្រេច​ជ្រើសរើស​យក​កម្ពុជា​ធ្វើជា​ប្រទេស​មុនគេ ដែល​រៀបចំ​ការប្រកាស​លទ្ធផល​ការប្រកួតប្រជែង​នេះ​។ ប្រទេស និង​ដែនដី​ចំនួន ១៥ ក្នុង​ទ្វីបអាស៊ី​បាន​ចូលរួម​ក្នុងការ​ប្រកួត​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​លើកឡើងថា​៖ «​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានល្អ​នាំឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​មុនគេ​ដែល​នឹងធ្វើ​ការប្រកាស​លទ្ធផល​នៃ​ការប្រកួតប្រជែង​ (​ក្នុងប្រទេស​)»​។

លោក​បន្ថែមថា PropertyGuru Cambodia Property Awards នឹងមិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធ្វើឱ្យ​ការពង្រឹង​ផ្នែក​គុណភាព​សំណង់ និង​ការរចនា​សំណង់​អគារ កាន់តែ​មាន​ភាពទាក់ទាញ និង​មាន​ស្តង់ដា​រឹងមាំ​ផងដែរ​។

ប្រទេស និង​ដែនដី​ចំនួន ១៥ ដែល​ចូលរួម​ក្នុង​ការប្រកួតប្រជែង​សម្រាប់​ពានរង្វាន់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PropertyGuru Group ក្នុងឆ្នាំនេះ មានដូចជា កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន ហ្វីលីពីន អូស្ត្រាលី ចិន ស្រីលង្កា និង​ឥណ្ឌា ជាដើម​។

លោក Richard Allan Aquino ប្រធាន​ផ្នែក​ទីផ្សារ PropertyGuru Asia Property Awards បានឱ្យដឹងថា នេះ​ជា​លើក​ទី ៧ ហើយ​ដែល​ការប្រកួត​ដណ្តើមពាន​រង្វាន់ PropertyGuru Asia Property Awards ត្រូវបាន​រៀបចំ​នៅ​កម្ពុជា ដែលជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ លោក​បន្តថា ក្រុមហ៊ុន និង​អ្នកឈ្នះ​ពានរង្វាន់​នៅ​កម្ពុជា​នឹង​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​បន្ត​ជាមួយ​ក្រុមហ៊ុន និង​អ្នកឈ្នះ​ពី​បណ្តា​ប្រទេស​មួយចំនួន​ទៀត​។

ម្ចាស់​ជយលាភី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៧ នឹងមាន​សិទ្ធិ​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​កិត្តិយស «​ជយលាភី​ឆ្នើម​បំផុត​ប្រចាំ​អាស៊ី​»​ នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្លូវការ PropertyGuru លើក​ទី ​១៧ ដែល​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​ ៩ ខែធ្នូ​។ បេក្ខជន​ជាប់​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នឹង​ដើរ​តាម​គន្លង​ជោគជ័យ​របស់​ក្រុមហ៊ុន Urbanland ដែល​បានឈ្នះ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​ពី​ឆ្នាំ​ ២០២១ នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ៦ និង​បាន​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា PropertyGuru លើក​ទី ១៦ ទៅលើ​ពានរង្វាន់​ចំនួន ៤ ​ប្រភេទ​។

កញ្ញា កឹម ស៊ីធិន នាយិកា​ផ្នែក​លក់នៃ​ក្រុមហ៊ុន Urbanland បាន​ប្រាប់ថា​៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​បានឈ្នះ​ពានរង្វាន់ ៧ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​ដំបូង​គេ​របស់​យើង គឺ​គម្រោង​ព្រែក​ចន្ទគិរី រួមទាំង​ពានរង្វាន់​ «​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​» ​ពី​ពានរង្វាន់​ PropertyGuru​។ ចក្ខុវិស័យ​របស់​យើង​គឺ​ផ្លាស់ប្តូរ​របៀប​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដោយ​យើង​ប្តេជ្ញា​នឹង​បន្ត​លើកកម្ពស់​គុណភាព ភាព​រឹងមាំ និង​ទឹកដៃ​ដ៏​ពិសេស​ក្នុងការ​អភិវឌ្ឍ​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​»​។

សម្រាប់ 2022 PropertyGuru Cambodia Property Awards គឺ​ចាប់ផ្តើម​ទទួល​ពាក្យ​ចូលរួម​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២២​។ បន្ទាប់ពីនោះ​ក្រុម​គណៈកម្មការវិនិច្ឆ័យ​ឯករាជ្យ​នៃ​ពានរង្វាន់​នេះ​នឹង​ចុះ​ពិនិត្យ​វាយតម្លៃ មុននឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២២​។

លោក សន សៀ​ប បាន​ប្រាប់ថា មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និង​អចលនទ្រព្យ​ជាច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍​ចូលរួម​ក្នុង​ពានរង្វាន់​ឆ្នាំ​ ២០២២​នេះ ប៉ុន្តែ​លោក​មិនមាន​ចំនួន​តួលេខ​ជាក់លាក់​ទេ​។ កាលពី​ឆ្នាំ ​២០២១ ក្រុមហ៊ុន​ដែល​បាន​ចូល​រួមមាន​ប្រហែល ៤០៕ LA