The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សុខ គង់ ចំណាយ​ជិត​ ៥០០ ​លាន​ដុល្លារ​ អភិវឌ្ឍ​ទីក្រុង​បូកគោ

លោក សុខ គង់ ចំណាយ​ជិត​ ៥០០ ​លាន​ដុល្លារ​ អភិវឌ្ឍ​ទីក្រុង​បូកគោ

Content image - Phnom Penh Post
ភ្ញៀវទេសចរ​នាំគ្នា​ឡើងទៅ​កម្សាន្ត​នៅលើ​ភ្នំ​បូកគោ​កន្លងមក​។ ហេង ជីវ័ន

លោក សុខ គង់ ចំណាយ​ជិត​ ៥០០ ​លាន​ដុល្លារ​ អភិវឌ្ឍ​ទីក្រុង​បូកគោ

ភ្នំពេញៈ ក្រុមហ៊ុន​សុខាអូតែល​បាន​ចំណាយ​ថវិកា​អភិវឌ្ឍន៍​អស់​ចន្លោះ​ពី​ ៤០០-៥០០​ លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោ​ថ្មី​មាន​ផ្ទៃដី ៣០ ពាន់​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កំពុង​ឈូស​ដី​ធ្វើ​ផ្លូវ​ត​ភ្ជាប់​មកកាន់​ផ្លូវជាតិ​លេខ​ ៤ (២ ​ខ្សែ​) ដែលមាន​ប្រវែង​សរុប ១២៧ ​គីឡូម៉ែត្រ​ចាប់តាំងពី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​រហូតដល់​ពេលនេះ​។

ប្រធាន​ក្រុមហ៊ុន​សុខាអូតែល លោក សុខ គង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ក្នុង​ការជួល​ដី​ឱ្យ​ក្រុមហ៊ុន​សុខាអូតែល អភិវឌ្ឍ​រហូតដល់​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​ ២១០៩ រួចមក ក្រុមហ៊ុន​លោក​បាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍ​ទីក្រុង​បូកគោ​ឱ្យ​ក្លាយជា​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​ទាំង​សម្រាប់​ការកម្សាន្ត ស្នាក់នៅ និង​វិនិយោគ​។ លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កំពុង​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ ដែលមាន​ប្រវែង​សរុប ១២៧ ​គីឡូម៉ែត្រ​តភ្ជាប់​ពី​ក្រុង​បូកគោ​ទៅកាន់​ផ្លូវជាតិ​លេខ ៤​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ផ្លូវ​នេះ​បាន​ឈូសឆាយ​បាន​ជាង ៨ ​គីឡូម៉ែត្រ​ហើយ ប៉ុន្តែ​មិនទាន់​ដឹងថា ចប់​នៅពេលណា​ទេ ដោយ​វា​អាស្រ័យ​លើ​ទុន​ដែល​ក្រុមហ៊ុន​មាន​។ ផ្លូវ​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​ជាតិ ពិសេស​សម្រាប់​អ្នក​ចង់​មកលេង​កម្សាន្ត​ទីក្រុង​បូកគោ​អាច​មក​តាមផ្លូវ​ជាតិ​លេខ​ ៤ ខណៈ​បច្ចុប្បន្ន​គេ​អាចធ្វើ​ដំណើរ​ទៅ​ក្រុង​បូកគោ​បានតែ​តាមផ្លូវ​ជាតិ​លេខ ៣ ប៉ុណ្ណោះ​»​។

លោក​ប្រាប់ទៀតថា បើ​គិតពី​ការអភិវឌ្ឍ​តាំងពី​ដើមដំបូង រាប់ទាំង​សណ្ឋាគារ កាស៊ីណូ ផ្លូវ​ឡើង​ភ្នំ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក្រុមហ៊ុន​របស់លោក​បាន​វិនិយោគ​អស់​ទឹកប្រាក់​ចន្លោះ​ពី​ ៤០០ ទៅ​ ៥០០ ​លាន​ដុល្លារ​ហើយ​មក​ដល់ពេលនេះ​។

លោក​ សុខ គង់ បាន​លើកឡើង​ថា ដោយសារ​គម្រោង​នេះ​មាន​ទំហំ​ធំ និង​ប្រើពេល​អភិវឌ្ឍន៍​យូរ ដូច្នេះ​ក្រុមហ៊ុន​លោក​ក៏​ប្រកាស​បើកទទួល​ការចូលរួម​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ព្រមទាំង​អាជ្ញាធរ​ដើម្បី​ជួយ​ឱ្យ​គម្រោង​នេះ​អាច​សម្រេចបាន​តាម​ផែនការមេ​កំណត់​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាននិង​កំពុង​កសាង​ទីក្រុង​ថ្មី​នេះ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ទំហំ​ចំណាយ​ច្រើនណាស់ ដែល​ទុនវិនិយោគ​ពី​ ១០ ទៅ​ ២០ ​ពាន់​លាន​ដុល្លារ​មិន​គ្រប់​ទេ ហេតុនេះ​ក្រុមហ៊ុន​សូម​ស្នើ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បន្ត​គាំទ្រ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ក្រុមហ៊ុន​មាន​ទឹកចិត្ត​ពង្រីក​ការវិនិយោគ​ឱ្យ​កាន់តែ​លឿន​ថែម​មួយកម្រិត​ទៀត​»​។

លោក ពៅ វណ្ណថា ប្រធាន​ក្រុម​វិស្វករ​ប្រចាំ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ​បាន​និយាយថា ការសាងសង់​ផ្លូវ​នេះ​បាន​ជួប​ឧបសគ្គ​ច្រើន ដោយសារ​ជា​ផ្លូវ​ថ្មី​សុទ្ធសាធ និង​ត្រូវ​ពុះ​កាត់​ភ្នំ និង​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន ហេតុនេះ​ការសាងសង់​នឹងត្រូវ​ចំណាយ ពេល និង​ថវិកា​ច្រើន​។

យោងតាម​លោក វណ្ណា ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​សរុប ១២៧ គីឡូម៉ែត្រ​ដោយ​ចេញពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ៣៣ គីឡូម៉ែត្រ វា​នឹងត្រូវ​បែកចេញ​ជា ២ គឺ​មួយ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៤ ដោយ​កាត់​តាម​ចម្ការ​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប និង​មួយ​ខ្សែ​ទៀត​នឹង​ឆ្ពោះទៅកាន់​ពេជ្រនិល ​(​យាយម៉ៅ​)​។

លោក​ប្រាប់ថា​៖ «​ផ្លូវ​ថ្មី​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ផ្លូវជាតិ​លេខ​ ៤ ទៅកាន់​ក្រុង​បូកគោ និង​ជួយ​លើកកម្ពស់​ជីវភាព សេដ្ឋកិច្ច សង្គម​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផងដែរ​”​។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ដែល​ត្រូវបាន​គេ​ស្គាល់​ភាគច្រើន​ថា ឧទ្យាន​ជាតិ​បូកគោ​មាន​ចម្ងាយ​ប្រមាណ ១១ ​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ទៅកាន់​ជើងភ្នំ និង​ចម្ងាយ ៣២ ​គីឡូម៉ែត្រ​ពី​ជើងភ្នំ​ដល់​កំពូលភ្នំ​។

បើ​យោងតាម​លោក សុខ គង់ បានឱ្យ​ដឹងថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ មាន​ផ្ទៃដី​ប្រមាណ ១៤០ ០០០ ​ហិកតា ប៉ុន្តែ​មានតែ​ផ្ទៃដី ៣០ ០០០ ​ហិកតា​ប៉ុណ្ណោះ​សម្រាប់​យកមក​អភិវឌ្ឍ​៕ LA

អត្ថបទគួរចាប់អារម្មណ៍