
ក្រុមកម្មករកំពុងរៀបចំចាក់បេតុងនៅការដ្ឋានសាងសង់មួយ។ ហ៊ាន រង្សី
ភ្នំពេញៈ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ ការផលិតស៊ីម៉ងត៍នៅកម្ពុជាសម្រេចបានជាង ១,៥ លានតោន កើន ២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)។
ទិន្នន័យភ្នំពេញប៉ុស្តិ៍ទើបទទួលបានបង្ហាញថា ក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២២ រោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ នៅកម្ពុជាផលិតស៊ីម៉ងត៍បានចំនួនសរុប ១ ៥២៤ ២៤៨ តោន កើនឡើង ២,០៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១ ៤៩៣ ២១២ តោន។
យោងតាម CCMA បរិមាណដែលផលិតបានក្នុងរយៈពេលខាងលើរួមមាន ក្រុមហ៊ុនកំពតស៊ីមេន ផលិតបាន ៤២០ ៧៣៦ តោន, ក្រុមហ៊ុនបាត់ដំបង ខនស៍ស៊ីមេន ៣៤៩ ៥០០ តោន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ីស៊ីមេន ខបភើ រេសិន ៣៤១ ៣៨៨ តោន, ក្រុមហ៊ុនស៊ីម៉ងត៍ចក្រីទីង ២១៧ ៦៥៦ តោន, និងក្រុមហ៊ុនស៊ីម៉ងត៍ ថៃប៊ុនរ៉ុង ខមភេនី លីមីធីត ចំនួន ១៩៤ ៩៦៨ តោន។
អគ្គលេខាធិការនៃ CCMA លោក ពុត ចន្តារិទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផលិតស៊ីម៉ងត៍នៅកម្ពុជាក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ កំណើនផលិតផលក្នុងស្រុកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ លោកបន្តថា បរិមាណដែលរោងចក្រទាំង ៥ ផលិតបានគឺអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុកប្រហែល ៩០ ភាគរយ ខណៈ ១០ ភាគរយទៀតគឺជាផលិតផលនាំចូល ដោយមានចំនួនប្រហែល ១ លានតោនក្នុង ១ ឆ្នាំ។
លោកបានថ្លែងថា៖ «តាមការព្យាករតម្រូវការស៊ីម៉ងត៍នៅកម្ពុជានឹងកើនឡើងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ (ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១) ព្រោះចំនួនអ្នកវិនិយោគចូលមកកម្ពុជាចាប់ផ្តើមមានឡើងវិញជាបណ្តើរហើយ ហើយការសាងសង់ក៏នឹងកើនឡើងទៅតាមនោះដែរ»។
បើតាមលោក ចន្តារិទ្ធ ជាមួយនឹងការបង្កើនទុនវិនិយោគជាបន្តបន្ទាប់រហូតដល់ជាង ២ ពាន់លានដុល្លារ បច្ចុប្បន្នរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជាអាចមានសមត្ថភាពអាចផលិតបានរហូតដល់ ១០ លានតោនក្នុង ១ ឆ្នាំប្រសិនបើរោងចក្រទាំង ៥ ដំណើរការពេញសមត្ថភាព។
បើតាម CCMA រយៈពេល ១១ ខែ ឆ្នាំ ២០២១ កម្ពុជាផលិតស៊ីម៉ងត៍បានសរុប ៧ ៩៨៩ ៨៦៤ តោន។
អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាលោក ហ៊ុយ វណ្ណា បាននិយាយថា ទោះស្ថានភាពវិស័យសំណង់នៅកម្ពុជាមិនទាន់ងើបឡើងវិញ ប៉ុន្តែសម្រាប់និន្នាការនៃការប្រើប្រាស់ស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ខណៈគុណភាពមិនចាញ់ស៊ីម៉ងត៍នាំចូលឡើយ។
លោកនិយាយថា៖ «ខ្ញុំគិតថា តម្រូវការស៊ីម៉ងត៍ផលិតក្នុងស្រុកនឹងមានកំណើនខ្ពស់ខ្លាំងនៅពេលវិស័យសំណង់នៅកម្ពុជាស្ទុះងើបឡើងវិញ គឺបន្ទាប់ពីពិភពលោកអាចគ្រប់គ្រងជំងឺកូវីដ ១៩ បានទាំងស្រុង»។
ក្រៅពីរោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ ដែលកំពុងមានដំណើរ បច្ចុប្បន្នក៏មានក្រុមហ៊ុនមួយមានផែនការវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នគម្រោងសិក្សាសាងសង់រោងចក្រផលិតស៊ីម៉ងត៍តម្លៃជាង ២៥០ លានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន Conch KT Cement បានសិក្សាបញ្ចប់អំពីសក្តានុពលធនធានរួចហើយ ដោយពេលនេះក្រុមហ៊ុនកំពុងរៀបចំបំពេញបន្ថែមនីតិវិធីច្បាប់នៅក្រសួង-ស្ថាប័ន និងផ្នែកពាក់ព័ន្ធដើម្បីឈានឆ្ពោះទៅចាប់ផ្តើមដំណើរការសាងសង់។
កាលពីថ្ងៃទី ២២ ខែមីនា ក្នុងជំនួបជាមួយ CCMA លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកសំណូមពរមួយចំនួនដល់ CCMA ដែលមានដូចជា សូមរោងចក្រផលិតស៊ីម៉ងត៍ទាំងអស់ត្រូវរក្សាគុណភាពឱ្យបានល្អ, ត្រូវរក្សាភាពត្រឹមត្រូវនូវរង្វាស់រង្វាល់, ត្រូវមានតម្លៃសមរម្យ, សូមអនុវត្តកាតព្វកិច្ចបង់ពន្ធ និងសួយសារអាករឱ្យបានត្រឹមត្រូវ និងទាន់ពេល, និងត្រូវចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយឧស្ម័នកាបូនិច។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគជាង ៥,៣៣ ពាន់លានដុល្លារ។ ចំនួនទុនវិនិយោគនេះបើធៀបនឹងឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕ LA