ភ្នំពេញៈ ការអូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការបើក​ដំណើរការ​គម្រោង​ថ្មីៗ​ចំនួន​ ៣ ធ្វើឱ្យ​អត្រា​ប្រើប្រាស់​ (Occupancy Rate) សម្រាប់​ការិយាល័យ​ជួល​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ បន្ត​ធ្លាក់ចុះ​ប្រមាណ ១,២​ ភាគរយ​បន្ថែមទៀត ធៀប​នឹង​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CBRE Cambodia ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ៦ ខែមេសា បង្ហាញថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​អគារ​ការិយាល័យ​ជួល​ចំនួន​ ៣ បាន​បើក​ដំណើរ​ការដែល​ធ្វើឱ្យ​ក្រឡា​ផ្ទៃ​នៃ​អគារ​ការិយាល័យ​ជួល​ក្នុង​រាជធានី​-​ភ្នំពេញ កើនឡើង​ដល់ ៨៥៦ ០០០ ​ម៉ែត្រការ៉េ ជាមួយ​ចំនួន​អគារ​សរុប ជាង ១០០ ​អគារ​។ ទោះជា​យ៉ាងណា អត្រា​នៃ​ការប្រើប្រាស់​មិនបាន​កើនឡើង​ទេ ដោយមាន​អត្រា​ប្រើប្រាស់​ជា​មធ្យម​ត្រឹមតែ ៦៦,៩ ​ភាគរយ​។

បើតាម CBRE Cambodia អគារ​ការិយាល័យ​ដែល​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ រួមមាន​ ២ ជា​អគារ​ការិយាល័យ​កម្រិត B (Grade B) គឺ​អគារ The Peak នៅក្នុង​ខណ្ឌ​ចំការមន និង Business Development Center នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ ចំណែក ១ ​ទៀត ជា​ការិយាល័យ​កម្រិត C គឺ​អគារ SP Building នៅក្នុង​ខណ្ឌទួលគោក​។

កញ្ញា ជិន ច័ន្ទដាលុច្ស ប្រធាន​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែមេសា​ថា ភាព​មិនទាន់​ច្បាស់លាស់​នៃ​ការគ្រប់គ្រង​ការរីក​​រាលដាល​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក និង​ការ​ដាក់ចូល​ទីផ្សារ​អគារ​ការិយាល័យ​ចំនួន ៣ ​គម្រោង​ដែលមាន​ផ្ទៃក្រឡា​សរុប​ជាង ៣០ ០០០​ ម៉ែត្រការ៉េ បានធ្វើឱ្យ​អត្រា​ប្រើប្រាស់​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ បន្ត​ធ្លាក់​ចុះ​ជា​មធ្យម ១,២​ ភាគរយ​បន្ថែមទៀត​ធៀប​ទៅនឹង​ត្រីមាស​ទី ​៤ ឆ្នាំ ​២០២១ ដោយ​អត្រា​ប្រើប្រាស់​មាន​ចំនួន​ត្រឹម ៦៦,៩​ ភាគរយ​។ កញ្ញា ច័ន្ទដាលុច្ស បាន​បន្តទៀតថា ស្ថានភាព​នេះ​នឹងត្រូវ​អូសបន្លាយ​ពេល​ទៅមុខទៀត​។

កញ្ញា ច័ន្ទដាលុច្ស បាន​និយាយថា​៖ «​ដោយសារ​បរិមាណ​ដាក់ឱ្យ​ប្រើប្រាស់​នៅតែ​បន្ត​កើនឡើង រួមជាមួយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​មិនទាន់​អាច​បញ្ចប់​ទាំងស្រុង ដូច្នេះ​ខ្ញុំ​គិតថា ក្នុង​ឆ្នាំ​ ២០២២ ​នេះ​អត្រា​ប្រើប្រាស់ និង​តម្លៃ​ជួល​របស់​ការិយាល័យ​នឹងមិន​ទាន់​អាច​ល្អប្រសើរ​ឡើងវិញ​ទេ​។ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ទើប​អាច​ល្អប្រសើរ​ឡើងវិញ​ដូច​អំឡុង​ឆ្នាំ​ ២០១៨-២០១៩»​។

ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ការិយាល័យ​ជួល​កម្រិត A មានតម្លៃ​ជា​មធ្យម ២៦,៥​ ដុល្លារ​ក្នុង​ ១​ ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ​ខែ ដោយ​តម្លៃ​នៅ​ថេរ​បើ​ធៀប​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១, ការិយាល័យ​កម្រិត B (​តំបន់​កណ្តាល​ក្រុង​) មានតម្លៃ​មធ្យម ២១,៦​ ដុល្លារ​ (​តម្លៃ​ថេរ​), និង​ការិយាល័យ​កម្រិត C (​តំបន់​កណ្តាល​ក្រុង​) មានតម្លៃ​ជា​មធ្យម ១៥,៣ ​ដុល្លារ កើនឡើង ១,៩​ ភាគរយ​។ នេះ​បើ​យោងតាម​កញ្ញា ជិន ច័ន្ទដាលុច្ស​។

យោងតាម​ការព្យាករ​របស់ CBRE Cambodia នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២២ ​នេះ ផ្ទៃ​អគារ​ការិយាល័យ​ជួល​ក្នុង​រាជធានី​ភ្នំពេញ នឹង​កើន​ដល់​ប្រមាណ ៩២៧ ០០០​ម៉ែត្រការ៉េ​។

កម្មវិធី​ចាក់​វ៉ាក់សាំង​ដ៏មាន​ប្រសិទ្ធភាព​របស់​កម្ពុជា គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​ក្នុងការ​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើងវិញ ដោយ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​មាន​ប្រមាណ​ជាង ​៨៥​ ភាគរយ​នៃ​ចំនួន​ប្រជាជន​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ពេញលេញ​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon បាន​និយាយថា​៖ «​កំណើន​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ គឺ​បានផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន និង​ម្ចាស់​ជំនួញ​នៅទីនេះ​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​ឡើងវិញ​ដូច​ធម្មតា ជាជាង​អ្វីដែល​យើង​និយាយ​ការ​រស់នៅ​តាម​គន្លង​ប្រក្រតី​ថ្មី​»៕ LA