ភ្នំពេញៈ ខុនដូ​ថ្មី​ចំនួន​ ៣ បានបញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ ដែល​ធ្វើឱ្យ​បន្ទប់​ស្នាក់នៅ​ខុនដូ​ក្នុង​រាជធានី​-​ភ្នំពេញ កើន​ដល់ ៣៣ ៨០០ ​យូនីត ខណៈ​តម្លៃ​ជួល និង​លក់​របស់​ខុនដូ​ប្រណីត​ (High-End) បាន​បន្ត​ធ្លាក់ចុះ​ថែមទៀត​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០២១​។

របាយការណ៍​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ​បាន​បង្ហាញថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​គម្រោង​ខុនដូ​ចំនួន​ ៣ បានបញ្ចប់​ការសាងសង់​ដែល​គម្រោង​ទាំង​ ៣ នេះ​មាន​បន្ទប់​ស្នាក់នៅ​សរុប ៧០០ ​យូនីត​។ ទោះយ៉ាងណា​ក្នុងអំឡុងពេល​ខាងលើ​មិនមាន​គម្រោង​ថ្មី​ណាមួយ​ប្រកាស​ចាប់ផ្តើម​បើក​លក់ ឬ​សាងសង់​ឡើយ​។

យោងតាម CBRE Cambodia ភាពស្ងប់ស្ងាត់​នេះ​បានធ្វើឱ្យ​តម្លៃ​លក់​ខុនដូ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មិនសូវមាន​សញ្ញា​វិជ្ជមាន​ទេ​បើ​ធៀប​នឹង​ចុងឆ្នាំ​មុន ដោយ​ខុនដូ​ប្រណីត (High-End) មានតម្លៃ​ជា​មធ្យម ២ ៦០០​ ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​ធ្លាក់ចុះ ៤,១ ​ភាគរយ​ធៀប​ត្រីមាស​ទី​ ៤ ឆ្នាំ ​២០២១, ប្រភេទ​តម្លៃ​មធ្យម (Mid-Range) មានតម្លៃ​មធ្យម ២ ០០០ ​ដុល្លារ ធ្លាក់ចុះ ០,៣ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable) ​ដែលមាន​អតិថិជន​ភាគច្រើន​ជា​ប្រជាជន​ខ្មែរ​មានតម្លៃ​ជា​មធ្យម ១ ៤០០ ​ដុល្លារ កើនឡើង ១,៦ ​ភាគរយ​។

ចំណែក​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ គឺ​ខុនដូ​ប្រណីត មាន​តម្លៃ​មធ្យម ១០,៧០​ ដុល្លារ​ក្នុង ១​ ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ​ខែ ធ្លាក់ចុះ ៤ ​ភាគរយ​, ប្រភេទ​តម្លៃ​មធ្យម មានតម្លៃ​មធ្យម ៩,២ ​ដុល្លារ កើន ១,១ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ​ ៧,៨ ​ដុល្លារ កើនឡើង ១,៤ ​ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី CBER Cambodia ឱ្យដឹងថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ធ្វើការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ឆ្លង​ប្រទេស​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងដំណំ​ដល់ទី​ផ្សារ​ខុនដូ​នៅ​កម្ពុជា ពិសេស​ខុនដូ​ដែលមាន​ទីផ្សារ​គោលដៅ​ជា​អតិថិជន​ជនបរទេស​។ កាលពី​ឆ្នាំ​ ២០២១ មាន​គម្រោង​ខុនដូ​ជាច្រើន​បាន​ពន្យារពេល​សាងសង់​មក​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

តាម​ការព្យាករ​ក្នុង​ឆ្នាំ ​២០២២ នេះ​នឹងមាន​បន្ទប់​ខុនដូ​ជាង ១៣ ០០០ ​យូនីត​នឹងត្រូវ​បញ្ចប់​ការសាងសង់​។

អ្នកនាង គឹម គិនកេសា នាយិកា​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​ថា ទោះបី​ពេលនេះ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​ស្ទើរ ១០០ ​ភាគរយ​ហើយក៏​ដោយ ក៏​តម្លៃ​ខុនដូ​មិនទាន់​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​ភ្លាមៗ​ទេ​។ តម្លៃ​អាច​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​ខ្លះ​ចាប់ពី​ដើមឆ្នាំ​ ២០២៣ តទៅ​។ អ្នកនាង​បន្តទៀតថា សម្រាប់​ចំនួន​គម្រោង​ដែល​ប្រកាស​បើក​លក់​នឹង​មិនសូវមាន​ទេ​ក្នុង​ឆ្នាំ ​២០២២ នេះ​។

អ្នកនាង​ថ្លែងថា​៖ «​តម្លៃ​ខុន​ដូ​អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត ដែល​អាច​នឹង​អូសបន្លាយ​ដល់​ចុងឆ្នាំ​ ២០២២»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ពេលនេះ​មិនទាន់​មាន​ដំណើរការ​ល្អ​ទេ ព្រោះ​ភាគច្រើន​អ្នក​ដែល​ចូលចិត្ត​ស្នាក់​នៅតាម​ខុនដូ​គឺជា​ជនបរទេស ខណៈ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ចំនួន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន​។

លោក​ប្រាប់ថា​៖ «​គម្រោង​ខុនដូ​ភាគច្រើន​រំពឹង​លើ​អតិថិជន​ជា​ជនបរទេស ដូច្នេះ​បើ​គ្មាន​ជនបរទេស​ចូលមក វា​ក៏​ស្ងប់ស្ងាត់ និង​មានតម្លៃ​ចុះ​ទាប​ទៅតាម​នោះដែរ​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២២ គម្រោង​វិនិយោគ​ដែល​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​មាន​ចំនួន ៦៥២ គម្រោង ធ្លាក់ចុះ ២០៧ ​គម្រោង​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ គម្រោង​ទាំង ៦៥២ មាន​ទុនវិនិយោគ​សរុប ១៣៧ ​លាន​ដុល្លារ ធ្លាក់ចុះ ៨៨,៩ ​ភាគរយ​៕ LA