ភ្នំពេញៈ ទឹកប្រាក់​ជិត ១២០ ​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប​ (Iron & Steel) ​ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើន​ជិត​ ២០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ក្នុង​ខែមេសា​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​បាន​កើនឡើង​ជាង ៨៣ ​ភាគរយ​។

តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញថា ចាប់ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប​ក្នុង​ទឹកប្រាក់ ១១៩,៧២ ​លាន​ដុល្លារ កើន ១៩ ​ភាគរយ​ពី​ចំនួន ១០០,៦៤ ​លាន​ដុល្លារ​នា​អំឡុងពេល​ដូចគ្នា​ឆ្នាំមុន​។ ចំនួន​ទឹកប្រាក់​នេះ គឺ​ស្មើ ១,២ ​ភាគរយ​នៃ​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​ការ​នាំចូល​ទំនិញ​ពី​បរទេស​ដែលមាន ១០ ០៤៣ ​លាន​ដុល្លារ​។ ដោយឡែក​សម្រាប់​ខែមេសា ការនាំ​ចូល​ដែក និង​ដែកថែប​មាន​ទឹកប្រាក់ ៣៥,៦៣ ​លាន​ដុល្លារ កើន ៨៣,៦ ​ភាគរយ​បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៩,៤១ ​លាន​ដុល្លារ​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១៨ ខែឧសភា​ថា សកម្មភាព​នៃ​ការសាងសង់​នៅ​កម្ពុជា​ពេលនេះ​បានបង្ហាញ​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ពិសេស​សំណង់​លំនៅឋាន​ដែលមាន​តម្រូវការ​ខ្ពស់​ពី​អតិថិជន​ក្នុងស្រុក​មានដូចជា ផ្ទះល្វែង និង​ផ្ទះ​បុរី ជាដើម​។ នៅពេល​ការសាងសង់​មាន​ដំណើរការ​កាន់តែ​ល្អ តម្រូវការ​ប្រើប្រាស់​ដែក​ក៏​កើនឡើង​ដែរ​។ លោក​បន្តថា ទន្ទឹមនឹង​កំណើន​តម្រូវការ​ប្រើប្រាស់​ដែក តម្លៃ​ដែក​នៅ​ទីផ្សារ​អន្តរជាតិ​ក៏​កើនឡើង​ដែរ​។ ការកើនឡើង​តម្លៃ​ដែក​ភាគច្រើន​គឺ​បណ្តាល​មកពី​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​បាន​រុញឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ទឹកប្រាក់​នាំចូល​ដែក​អាច​បណ្តាល​មកពី​កត្តា​ចម្បង​ ២ គឺ​តម្រូវការ​ប្រើប្រាស់​ដែក​ក្នុង​វិស័យ​សំណង់​កើនឡើង និង​តម្លៃ​ដែក និង​ដែកថែប​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​»​។

យោងតាម​លោក វណ្ណា តម្លៃ​ដែក​ក្នុង​វិស័យ​សំណង់​នៅពេលនេះ​បាន​កើនឡើង​ពី ១០-២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​បន្ថែមថា ការកើនឡើង​តម្លៃ​ដែក ក៏​កំពុង​ធ្វើឱ្យ​តម្លៃ​សំណង់​កើនឡើង​ដែរ ព្រោះ​នៅពេល​ថ្លៃដើម​ផលិតកម្ម​កើនឡើង តម្លៃ​ផលិតផល​សម្រេច​នឹង​កើនឡើង​ដែរ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នកសាងសង់​កម្ពុជា លោក ជីវ ស៊ីផេង បាន​និយាយថា ទោះបី​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ដែក​សម្រាប់​ប្រើ​ក្នុង​វិស័យ​សំណង់​ក៏ដោយ ក៏​តម្រូវ​ការនាំចូល​នៅតែមាន​។ កំណើន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​នេះ​បញ្ជាក់ថា វិស័យ​សំណង់​កម្ពុជា​នៅតែមាន​ភាពរឹងមាំ ទោះ​ក្នុងអំឡុងពេល​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង​ក៏ដោយ​។

លោក​ប្រាប់ថា ដើម្បី​បំពេញ​តម្រូវការ​កម្ពុជា​បាន​នាំចូល​ដែក​ពី​ប្រទេស​វៀតណាម ថៃ ចិន និង​កូរ៉េ ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ការកើនឡើង​នេះ​បញ្ជាក់ថា វិស័យ​សំណង់​កម្ពុជា​នៅតែមាន​ដំណើរ​ការល្អ​។ កំណើន​នេះ​នឹង​បន្ត​ថែមទៀត ខណៈ​បច្ចុប្បន្ន​វិស័យ​សំណង់ ពិសេស​សំណង់​ធំៗ​ (​ម្ចាស់​ជា​វិនិយោគិន​បរទេស​) បាន​ផ្តើម​កម្រើក​ឡើងវិញ​បណ្តើរៗ​ហើយ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​»​។

កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុង ឌីសេង (​ខេមបូឌា​) ស្ទីល ឯ.ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧​ លាន​ដុល្លារ​បាន​បើក​ដំណើរការ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលមាន​សមត្ថភាព​អាច​ផលិត​បាន ៥០ ​ម៉ឺន​តោន​ក្នុង​ដំណាក់កាល​ដំបូង​៕ LA