ទីក្រុងវ៉ាស៊ីនតោនៈ ប្រឈមមុខ​នឹង​ការខ្វះខាត​ការផ្គត់ផ្គង់​លំនៅឋាន​ដែល​ជំរុញ​ឱ្យ​តម្លៃ និង​ការជួល​ឡើងថ្លៃ សេតវិមាន​របស់​ប្រធានាធិបតី Joe Biden នៅ​ថ្ងៃ​ចន្ទ​បានបង្ហាញ​ផែនការ​ ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​លំនៅឋាន និង​តម្លៃ​សមរម្យ​។

តម្លៃ​ទិញ​កំពុង​កើនឡើង​ក្នុង​ល្បឿន​ដ៏លឿន​បំផុត​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ដែល​ជិត​ ១ ​ភាគ​ ៣ ​នៃ​តម្លៃ​លំនៅឋាន ហើយ​លោក Biden បាន​និយាយថា ការដោះស្រាយ​អតិផរណា​របស់​សហរដ្ឋ​អាមេរិក​គឺជា​អាទិភាព​សំខាន់​របស់លោក​។

ផែនការ​ថ្មី​នេះ​មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួលបាន​ឥណទាន​សម្រាប់​អ្នក​សាងសង់​លំនៅឋាន និង​អ្នកទិញ ជាពិសេស​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​ជំនួយ​ដល់​អ្នក​ជួល ខណៈពេល​ដែល​បន្ធូរបន្ថយ​ឧបសគ្គ​ផ្គត់ផ្គង់​សម្រាប់​សម្ភារ​សំណង់ និង​កម្មករ​សំណង់​។

ការសម្រេច​នេះ​ក៏​នឹង​ចាត់វិធានការ​ ដើម្បី​បង្អាក់​និន្នាការ​ថ្មីៗ​នៃ​អ្នកវិនិយោគ​ដែល​ចាប់យក​ផ្ទះ​ដែលមាន​ស្រាប់​ច្រើន ខណៈពេល​ដែល​រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​លើក​ទឹកចិត្ត​ឱ្យ​បន្ធូរបន្ថយ​ការដាក់​កម្រិត​តាម​តំបន់ ដើម្បី​អនុញ្ញាត​ឱ្យមាន​ដង់ស៊ីតេ​កាន់តែ​ច្រើន ជាពិសេស​អគារ​គ្រួសារ​ចម្រុះ​។

សេតវិមាន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដ៏ទូលំទូលាយ​បំផុត​ ដើម្បី​បិទ​បញ្ចប់​ការខ្វះខាត​ការផ្គត់ផ្គង់​លំនៅឋាន​ក្នុង​ប្រវត្តិសាស្ត្រ​» ដោយ​កត់សម្គាល់​ថា លំនៅឋាន​ថ្មី​មួយចំនួន​តូច​ត្រូវ​បាន​សាងសង់​នៅក្នុង​ទសវត្សរ៍ បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​ ២០០៨ ជាង​នៅក្នុង​ទសវត្សរ៍​ណាមួយ​តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៦០​។

បញ្ហា​នេះ​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ខណៈដែល​អត្រា​ប្រាក់កម្ចី​ទិញ​ផ្ទះ​ទាប​បំផុត និង​ការជំរុញ​របស់​រដ្ឋាភិបាល​ដ៏ធំ​បាន​បង្កើត​ឱ្យ​មាន​ការកើនឡើង​នៃ​ការទិញ​ផ្ទះ ខណៈ​ដែល​ការផ្គត់ផ្គង់​ឈើ និង​សម្ភារ​ផ្សេងទៀត​ត្រូវបាន​រំខាន​ដោយ​ជំងឺ​រាតត្បាត​។

សន្ទស្សន៍​តម្លៃ​លំនៅឋាន Case-Schiller បាន​បង្ហាញថា​តម្លៃ​ផ្ទះ​បាន​កើនឡើង​ជិត​ ២០ ​ភាគរយ​ក្នុង​រយៈពេល ១២ ​ខែ​ដែល​បានបញ្ចប់​ក្នុង​ខែកុម្ភៈ​។

ហើយ​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ក៏បាន​បង្កើត​ឲ្យ​មានការ​ខ្វះខាត​កម្មករ​នៅ​គ្រប់​កម្រិត​។

សេតវិមាន​បាន​និយាយថា​៖ «​ការកើនឡើង​ថ្លៃ​លំនៅឋាន​បានធ្វើឱ្យ​គ្រួសារ​មាន​បន្ទុក​លើ​បញ្ហា​ប្រាក់ចំណូល ដោយ​មាន​ផលប៉ះពាល់​ជាក់ស្តែង​ទៅលើ​គ្រួសារ ប្រជាជន និង សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​»​។

ផែនការ​សកម្មភាព​ផ្គត់ផ្គង់​លំនៅឋាន​មាន​គោលបំណង «​ជួយ​បិទ​កង្វះខាត​ការផ្គត់ផ្គង់​លំនៅឋាន​របស់​អាមេរិក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​»​។

ការប្រកាស​ទទួលបាន​ការសរសើរ​ពី​វិស័យ​ឯកជន​។

លោក Jerry Konter ប្រធាន​សមាគមជាតិ​នៃ​អ្នក​សាងសង់​គេហឋាន (NAHB) បាន​និយាយថា​៖ «​យើង​យល់ស្រប​ជាមួយ​សេត​វិមាន​ដែលថា គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លទ្ធភាព​ទិញ​ផ្ទះ​របស់​ប្រទេស​យើង គឺ​ត្រូវ​សាងសង់​ផ្ទះ​បន្ថែមទៀត​»​។

លោក​បាន​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​លើ «​ការដឹកនាំ​មុខ​ក្នុង​រយៈពេល​វែង ដូចជា​ការរាំងស្ទះ​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​ដ៏រុំារ៉ៃ​» ដែល​កំពុង​រារាំង​ការសាងសង់​លំនៅឋាន​៕ RR