The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិស័យ​សំណង់​ស្ងប់ស្ងាត់ ​ធ្វើឱ្យ​ចំណូល DBD Engineering Plc ធ្លាក់ចុះ

វិស័យ​សំណង់​ស្ងប់ស្ងាត់ ​ធ្វើឱ្យ​ចំណូល DBD Engineering Plc ធ្លាក់ចុះ

Content image - Phnom Penh Post
សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

វិស័យ​សំណង់​ស្ងប់ស្ងាត់ ​ធ្វើឱ្យ​ចំណូល DBD Engineering Plc ធ្លាក់ចុះ

ភ្នំពេញៈ ក្រុមហ៊ុន DBD Engineering Plc ដែល​ចុះបញ្ជី​នៅ​ផ្សារ​កំណើន​នៃ​ផ្សា​រមូលបត្រ​កម្ពុជា​ (CSX) និង​ជា ក្រុមហ៊ុន​វិស្វកម្ម​ពហុបំណង និង​សំណង់​ក្នុងស្រុក​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី ​១​ ឆ្នាំនេះ ដោយសារតែ​ការធ្លាក់ចុះ​នៃ​សកម្មភាព​នៅក្នុង​ទីផ្សារ​សំណង់ និង​អចលនទ្រព្យ​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បាន​ផ្ញើ​ទៅ​ក្រុមហ៊ុន ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា នៅក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២២ ​នេះ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន DBD បាន​ធ្លាក់ចុះ ១៥ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ថ្លៃដើម​ទំនិញ​បាន​ធ្លាក់ចុះ ២៥ ​ភាគរយ ដែល​បណ្ដាលមកពី​ការធ្លាក់ចុះ​នៃ​តម្លៃ​សម្ភារ​ប្រើប្រាស់ និង​អ្នកម៉ៅការ​បន្ត​នាំឱ្យមាន​ការកើនឡើង​នៃ​ប្រាក់ចំណេញ​សុទ្ធ ១១៧ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំមុន​។

លោក នាង វិធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​គ្រប់គ្រង​ត្រូវបាន​ដកស្រង់​សម្ដី​ពី​របាយការណ៍​ដែល​លើកឡើងថា ក្នុង​ត្រីមាស​ទី​ ១ ប្រាក់​ចំណូល​សរុប​មាន​ចំនួន ១៦ ១៦១ ៩៣១ ​ពាន់​រៀល​ធ្លាក់ចុះ ១៥ ​ភាគរយ​បើ​ធៀប​នឹង ១៨ ៩៦៥ ៨១៨ ​ពាន់​រៀល​ក្នុង​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២១​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​រកបាន​ប្រាក់​ចំណេញ​ចំនួន ១ ៥៥៦ ៨១៨​ ពាន់​រៀល​នៅ​ត្រីមាស​នេះ​។ ទ្រព្យសកម្ម​សរុប​បាន​ធ្លាក់ចុះ ៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ ពី ៦៦ ៥៤០ ៧៤៨​ រៀល មក​នៅត្រឹម ៦០ ៦៩៨ ៥៣៣​ ដោយសារតែ​ការធ្លាក់ចុះ​នៃ​ពាណិជ្ជកម្ម​ដែល​អាច​ទទួលបាន និង​ទ្រព្យសកម្ម​ក្នុង​កិច្ចសន្យា​។

លោក វិធី លើកឡើង​ថា​៖ «​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន DBD បាន​ពី​ការលក់​សម្ភារ​បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់ ចំណែក​ប្រាក់ចំណូល​ពី​ការសាងសង់​ក៏​ធ្លាក់ចុះ​ដែរ ដោយសារ​ក្នុង​ត្រីមាស​ទី​ ១ ក្រុមហ៊ុន DBD មាន​គម្រោង​ធំ​តែមួយគត់​ដែល​កំពុង​ដំណើរការ​គឺ «Chip Mong Mega Mall 271» ​រីឯ​គម្រោង​ធំ​ផ្សេងទៀត​ដូចជា​ «Wing Tower» ទើបតែ​ចាប់ផ្ដើម​នៅក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ដូច្នេះ​ប្រាក់ចំណូល​មាន​ចំនួន​កាន់តែ​តិច​បើ​ធៀប​ត្រីមាស​ទី​ ១ ​នៃ​ឆ្នាំ​ ២០២១»​។

DBD ដែលជា​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច និង​មធ្យម​ដំបូង​គេ​ដែល​បាន​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន​របស់ CSX កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ដែល​ប្រមូល​មូលនិធិ​បាន​ជាង ៣,៨៤ ​លាន​ដុល្លារ​ពី​ទីផ្សារ​នេះ​។ DBD គឺជា​ក្រុមហ៊ុន​សំណង់​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​លើ​ការផ្ដល់​សេវាកម្ម MEP ដែលមាន​ដូចជា ផ្នែក​មេកានិក និង​អគ្គិសនី​, ប្រព័ន្ធ​ទឹក និង​ពន្លត់​អគ្គិភ័យ​, កម្ដៅ ខ្យល់​ចេញចូល និង​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​, និង​ការថែទាំ​អគារ​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៤ ៣០៣ គម្រោង ស្មើនឹង​ផ្ទៃក្រឡា​កម្រាល ១២ ៩៩៨ ០៧២ ​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប្រមាណ ៥,៣ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​អនុម័ត​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ គឺ​ថយចុះ ៣១,២១ ​ភាគរយ​៕ LA

អត្ថបទគួរចាប់អារម្មណ៍