ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុ​​ជា ​(NBC) និង​វិទ្យាស្ថាន​ជាតិ​​ស្ថិតិ នៃ​ក្រសួងផែនការ​បាន​ប្រ​កាស​ដាក់​ដំណើរការ​ជា​ផ្លូវការ​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​ (Residential Property Price Index=RPPI)​ ដែលជា​ការ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ​សម្រាប់​បម្រើ​ទៅដល់​ការ​​វិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ពិសេស​វិស័យ​អចល​​ន​ទ្រព្យ និង​សំណង់ ដែល​រីក​ចម្រើន​លឿន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោកស្រី ហង់ លី​ណា អគ្គ​នាយិកា​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ចុះ​ផ្សព្វផ្សាយ​លទ្ធផល​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​ដែល​រៀបចំឡើង​ដោយ NBC កាលពី​ថ្ងៃទី​ ៦ ខែ មិថុនា ឆ្នាំ ​២០២២ ថា វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​ គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​សំខាន់ ​៤ (​ទេសចរណ៍ កម្មន្តសាល​កាត់ដេរ សំណង់ និង​កសិកម្ម​) ​ដែល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា នា​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក (​ជា​មធ្យម​មាន​កំណើន ៩ ​ភាគរយ ចាប់តាំងពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ ​២០១៩) ហើយក៏​បាន​ជួយ​ជំរុញឱ្យមាន​កំណើន​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដូចជា វិស័យ​ធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង សំណង់ ទីផ្សារ​លក់ដុំ​លក់រាយ និង​ដឹកជញ្ជូន ជាដើម​។​

​លោកស្រី​ថ្លែងថា​៖ «​ស​ន្ទ​ស្សន៍​តម្លៃ​លំនៅឋាន ​(Resident Property Rice Index) គឺជា​សូចនាករ​មួយ​ដ៏​សំខាន់​ក្នុងការ​តាមដាន​ការវិវត្ត​នៃ​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នារ​យៈ​ពេល ២ ទសវត្សរ៍​មកនេះ​»​។​

«​ការតាមដាន និង​ត្រួតពិនិត្យ​ទាន់ពេល​នឹង​ជួយ​បង្ការ​ហា​និ​​ភ័យ​ផ្សេងៗ រួមទាំង​វិធានការ​ទប់ទល់​មាន​ប្រសិទ្ធភាព និង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ ចៀស​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​ទាំងឡាយ​ដែល​អាច​កើតចេញពី​វិបត្តិ​នៃ​វិស័យ​អចលនទ្រព្យ​នេះ ដូចដែល​ប្រទេស​មួយចំនួន​ជួបប្រទះ​នៅក្នុង​អតីតកាល​»​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់​អ្នកស្រី ហង់ លី​ណា​។​

​អគ្គនាយិកា​បច្ចេកទេស​នៃ NBC លោកស្រី ជា សិរី បាន​និយាយថា សិក្ខាសាលា​ក្នុងថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​លើក​ទី​៤ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង ​២ ​ក្នុងការ​ធ្វើឱ្យ​ប្រ​សើរ​ឡើង​នូវ​គុណភាព និង​ការ​ផ្សព្វផ្សាយ​ស្ថិតិ​ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​យល់ដឹង​អំពី​សារៈសំខាន់​ស្ថិតិ​នៅក្នុង​ការ​​រៀបចំ​គោលនយោបាយ និង​ការសម្រេចចិត្ត ព្រមទាំង​លើក​​ទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​​អស់​ចូលរួម​សហការ​ក្នុងការ​​ផ្តល់​ទិន្នន័យ​។​

​លោកស្រី​អះអាងថា​៖ «​ការ​ដាក់ឱ្យ​ប្រើប្រាស់​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន គឺជា​ជំហាន និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ការ​​ងារ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​ដល់​ការ​​វិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​អ​ច​លន​ទ្រព្យ និង​សំណង់​»​។

​លោកស្រី​បន្ថែមថា ភាព​រីក​​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច ដែល​អាច​បង្កើន​ភាព​​ធន់​ពី​ការប៉ះទង្គិច​ណាមួយ​មកលើ​សេដ្ឋកិច្ច ព្រមទាំង​អាច​ស្រូបយក​កម្លាំង​ពលកម្ម​មួយផ្នែក​សម្រាប់​បម្រើការ​នៅក្នុង​វិស័យ​សាងសង់ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​។

ដោយឡែក​នៅមុន​ពេល​ផ្ទុះ​វិបត្តិ​សុខភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ក្លាយជា​វិស័យ​សំខាន់​មួយ​សម្រាប់​ជំរុញ កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយ​ក្នុង​រយៈពេល​ជិត ​១០ ​ឆ្នាំមុន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ កំណើន​សេដ្ឋ​កិច្ច​ជា​មធ្យម​មាន​ប្រមាណ ៧ ​ភាគរយ ក្នុងនោះ​ជាង ២ ​ភាគ​​រយ​ទទួលបាន​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ជិត ៥ ​សែន​នាក់ ​សម្រាប់​បម្រើការ​ក្នុង​វិស័យនេះ​។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ ​២០១៩​។​

​លោកស្រី​បាន​ពន្យល់ថា បើ​ទោះ​វិស័យ​ផ្ទះសំបែង​បាន​ដើរតួនាទី​សំខាន់​ក្នុង​វិស័យ​សង្គម​​កិច្ច និង​សេដ្ឋកិច្ច​ក្តី វិស័យនេះ​ក៏​ជា​ប្រភព​នាំឱ្យមាន​អស្ថិរភាព និង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ​។ តាមរយៈ​ការស្រាវជ្រាវ​របស់ IMF បង្ហាញថា ក្នុងចំណោម​វិបត្តិ​សេដ្ឋកិច្ច​ប្រមាណ​ ៥០ ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ជាង ២/៣ ​បាន​កើតឡើង​ដោយសារ​បែក​ពពុះ​ថ្លៃ​របស់​ផ្ទះសំបែង ហើយ​ការ​ដោះ​​ស្រាយ​វិបត្តិ​នេះ​នឹង​ប្រើ​រយៈ​​ពេល​យូរ និង​ធនធាន​ច្រើន ដោយសារតែ​ភាព​ចាក់​ស្រែះ​ខ្លាំង​លើ​វិស័យនេះ​ជាមួយនឹង​វិស័យ​សំខាន់​ផ្សេងទៀត ពិសេស​វិស័យ​ហិរញ្ញវត្ថុ​។

​លោកស្រី​បញ្ជាក់ថា​៖ «​វិស័យ​អចលនទ្រព្យ និង​សំណង់​បាន​ក្លាយជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​កំណើនសេដ្ឋកិច្ច ហើយ​ព័ត៌មាន និង​ទិន្នន័យ​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យនេះ​ គឺ​រឹតតែ​សំខាន់​ទៅទៀត​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ​សេដ្ឋ​​កិច្ច និង​រូបិយវត្ថុ​សំដៅ​តាម​​ដាន​អតុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វាយតម្លៃ​ហានិភ័យ​ដែល​អាច​កើតមាន​លើ​វិស័យ​ពាក់ព័ន្ធ ពិសេស​វិស័យ​ហិរញ្ញវត្ថុ​។ ការ​​ដាក់ឱ្យ​ប្រើប្រាស់​ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន​នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​តាមដាន វាយ​​តម្លៃ និង​រៀបចំ​គោ​លន​យោ​​បាយ​អភិវឌ្ឍន៍ ក៏ដូចជា​វិធានការ​នានា​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ជា​អតិបរមា ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​»​។​

​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន ៤ ៣០៣ គម្រោង និង​មាន​ទុនវិនិយោគ ៥ ៣៣៣​ លាន​ដុល្លារ ​ត្រូវបាន​អនុម័ត​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២០ គឺ​ថយចុះ ៣១,២១ ភាគរយ​៕ LA