ភ្នំពេញៈ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​និយាយថា សន្ទស្សន៍​តម្លៃ​លំនៅឋាន (Residential Property Price Index=RPPI) ​ដែល​ទើប​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ពី​ដើម​សប្តាហ៍​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ការ​កើន​តម្លៃ​លំនៅឋាន​មាន​មួយកម្រិត ហើយក៏​អាចជួយ​ប្រជាជន​ឱ្យមាន​លទ្ធភាព​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​ផងដែរ​។

ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​នៃ​ក្រសួង​ផែនការ​កាលពី​ថ្ងៃទី ​៦ ខែមិថុនា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​ដែល​ជាការ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​ដល់​ការវិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​កំពុង​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia លោកស្រី អាន សុធីតា បាន​និយាយថា ជាទូទៅ​រាល់​ប្រតិបត្តិការ​ទិញ-​លក់ និង​ការកំណត់​តម្លៃ​លំនៅឋាន ឬ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​មិនមាន​ភាពច្បាស់លាស់ និង​ការកត់​ផ្លូវការ​ឡើយ​។ ការដាក់​ឱ្យ​ដំណើរការ​សន្ទស្សន៍​តម្លៃ​លំនៅឋាន​នេះ​អាច​ចាត់ទុកជា​ការចាប់ផ្តើម​ដ៏ល្អ ដើម្បី​អាច​យក​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាស់វែង​ការឡើងចុះ​នៃ​តម្លៃ​លំនៅឋាន​ឱ្យមាន​ស្តង់ដា​ត្រឹមត្រូវ​។

លោកស្រី​បន្តថា តាមរយៈ​សន្ទស្សន៍​តម្លៃ​លំនៅឋាន ដែល​ដាក់ឱ្យ​អនុវត្ត​នៅពេលនេះ វា​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​អាចជួយ​អន្តរាគមន៍ ឬ​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​បាន​ល្អ​ជាង​មុន​ផងដែរ ព្រោះ​មិនមែន​ឱ្យតែ​តម្លៃ​លំនៅឋាន ឬ​អចលនទ្រព្យ​ឡើង​ល្អ​នោះទេ ដោយ​វា​អាច​នឹង​បណ្តាល​ឱ្យមាន​អតិផរណា​, ការធ្លាក់ចុះ​ការវិនិយោគ​, កំណើន​នៃ​ប្រជាជន​គ្មាន​លំនៅឋាន​, និង​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​។

លោកស្រី​ថ្លែងថា​៖ «​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​មាន​សារៈសំខាន់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ត្រួតពិនិត្យ​ការឡើង​ចុះ​តម្លៃ​លំនៅឋាន ដើម្បី​ជួយ​អន្តរាគមន៍​ឱ្យ​ប្រជាជន​អាចមាន​លទ្ធភាព​ទិញ​លំនៅឋាន​ផ្ទាល់ខ្លួន​រស់នៅ​»​។

លោកស្រី Grace Rachny អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន​ប្រាប់ថា សន្ទស្សន៍​ថ្លៃ​លំនៅឋាន គឺជា​បណ្តុំ​នៃ​របាយការណ៍​ព័ត៌មាន និង​ស្ថិតិ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ឈរលើ​មូលដ្ឋាន​នៃ​ការប្រមូល​ទិន្នន័យ​ច្បាស់លាស់ និង​មាន​ការវិភាគ​លក្ខណៈ​ជា​ផ្លូវការ ដើម្បី​ឱ្យ​អាច​ទទួល​យកបាន​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោកស្រី​បញ្ជាក់ថា​៖ «​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​នឹង​ផ្តល់នូវ​គុណប្រយោជន៍​ដល់​កំណើន​ការបញ្ជាទិញ លក់ ព្រោះ​វា​អាច​ជួយ​ឱ្យ​អ្នកទិញ និង​អ្នកលក់​មាន​ភាពងាយស្រួល​ក្នុង​ការពិចារណា​លើ​តម្លៃ ពិសេស​វា​ក៏​ជួយ​ឱ្យ​វិនិយោគិន​បរទេស​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ពី​តម្លៃ​លំនៅឋាន និង​អចលនទ្រព្យ​ទៅតាម​តំបន់ ដែល​ពួកគេ​ចង់បាន​។ នេះ​ជា​ការ​កសាង​ទំនុកចិត្ត​មួយផ្នែក​សម្រាប់​វិនិយោគិន​បរទេស​ដែលមាន​បំណង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​»​។

បន្ថែម​ពីលើ​នេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឱ្យដឹងថា សន្ទស្សន៍​ថ្លៃ​លំនៅឋាន​នឹង​ក្លាយជា​ឧបករណ៍​ (Tool) ​មួយ​សម្រាប់​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​យក​ទៅ​ធ្វើឱ្យ​ការវាយតម្លៃ​លំនៅឋាន កាន់តែ​មាន​ភាព​សុក្រឹត ខណៈ​រដ្ឋាភិបាល​ក៏​អាច​យក​វា​មក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​គោលនយោបាយ ឬ​ផែនការមេ ដើម្បី​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​។

លោក​និយាយថា​៖​ «​នៅពេល​មាន​ «​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​» វា​មិន​ត្រឹមតែ​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រតិបត្តិការ​ទិញ-​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ទាក់ទាញ​វិនិយោគិន​ក្រៅ​ស្រុក​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​ការទទួល​បាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ផ្លូវការ​»​។

ក្នុង​ឱកាស​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ «​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​» កាលពី​ថ្ងៃ​ទី​ ៦ ខែមិថុនា លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ NBC បាន​និយាយថា ការដាក់ឱ្យ​ប្រើប្រាស់​សន្ទស្សន៍​ថ្លៃ​លំនៅឋាន គឺជា​ជំហាន និង​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ការងារ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​ដល់​ការវិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​អចលនទ្រព្យ និង​សំណង់​»​។

យោងតាម​លោកស្រី ជា សិរី មុនពេល​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ក្លាយជា​វិស័យ​សំខាន់​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​ក្នុង​រយៈពេល​ជិត ១០​ ឆ្នាំមុន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​មាន​ប្រមាណ ៧ ​ភាគរយ​ក្នុងនោះ​ជាង ២​ ភាគរយ​ទទួលបាន​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ជិត ៥ ​សែន​នាក់​សម្រាប់​បម្រើការ​។ នេះ​ផ្អែក​តាម​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ​ ២០១៩៕ LA