ភ្នំពេញៈ ការប្រកាសបើកប្រទេសទទួលជនបរទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ព្រមទាំងភាពល្អប្រសើរនៃស្ថានភាពឆ្លងរាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោក បានជំរុញឱ្យទីផ្សារ និងតម្លៃអាផាតមិនជួលនៅក្នុងរាជធានីភ្នំពេញផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ។ នេះបើតាមក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ បង្ហាញថា បន្ទាប់ពីជាប់គាំងចាប់តាំងពីការលេចឡើងនៃវត្តមានជំងឺកូវីដ ១៩ កាលពីដើមឆ្នាំ២០២០ ទីផ្សារអាផាតមិនក្នុងរាជធានីភ្នំពេញ នៅពេលនេះទីផ្សារអាផាតមិន បានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញខ្លះៗហើយ ដោយតម្រូវការ និងតម្លៃជួលបានកើនឡើងព្រមគ្នា។
យោងតាម CBRE Cambodia គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញ មានអាផាតមិនប្រភេទ A និងប្រភេទ B សរុបប្រមាណ ៤ ០០០ បន្ទប់។
សម្រាប់តម្លៃជួលក្នុងត្រីមាសទី២ ឆ្នាំ ២០២២ គឺកម្រិត A មានតម្លៃជាមធ្យមពី ១០ ទៅ ៣០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ (ប្រែប្រួលតាមប្រភេទបន្ទប់) កើនឡើង ២,៤ ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២១។ ចំណែកអាផាតមិនកម្រិត B មានតម្លៃជួលចន្លោះពី ៧ទៅ ២២ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ (ប្រែប្រួលតាមប្រភេទបន្ទប់) កើនឡើង ១,៥ ភាគរយ បើធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២១។
ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះមានគម្រោងអាផាតមិនចំនួន ៣ បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ ដែលមានបន្ទប់ស្នាក់នៅសរុប ៤៧៩ បន្ទប់។ គម្រោងទាំងនោះរួមមាន កម្រិត A ចំនួន ២ គឺ Citadines Flatiron Phnom Penh ដែលស្ថិតក្នុងខណ្ឌទួលគោក និង Jasmine Residents នៅក្នុងខណ្ឌបឹងកេងកង ចំណែកគម្រោង TK Central ស្ថិតក្នុងខណ្ឌទួលគោក។
ឆ្លើយតបនឹងអ្នកយកព័ត៌មាននៃកាសែត ភ្នំពេញ ប៉ុស្តិ៍ ក្នុងកម្មវិធីស្តីពីទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី២ ឆ្នាំ ២០២២ (Q2-Market Insights) នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី ៧ ខែកក្កដា អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា ភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩, ការបើកប្រទេសបានឆាប់រហ័ស (ខែវិច្ឆិកា ឆ្នាំមុន), និងការកែសម្រួលលក្ខខណ្ឌមួយចំនួនដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស បានធ្វើឱ្យចំនួនជនបរទេសធ្វើដំណើរមកកម្ពុជាមានចំនួនកាន់តែច្រើន។
អ្នកនាងបញ្ជាក់ថា៖ «ទីផ្សារអាផាតមិន គឺពឹងផ្អែកខ្លាំងលើជនបរទេសជួលស្នាក់នៅ ដូច្នេះនៅពេលចំនួនជនបរទេសធ្វើដំណើរមកកម្ពុជាកើនឡើង ទីផ្សារនេះប្រាកដជាមានដំណើរការល្អឡើងវិញទៅតាមនោះដែរ»។
ទោះយ៉ាងណា អ្នកនាង គិនគេសា បានលើកឡើងទៀតថា កំណើនតម្រូវការ និងតម្លៃអាផាតមិន នេះក៏ដោយសារតែក្នុងរយៈពេលចុងក្រោយនេះគម្រោងវិនិយោគលើអាផាតមិន គឺមិនសូវមានច្រើនទេនៅកម្ពុជា។ ម៉្យាងវិញទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក និងជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយ ដូច្នេះចរន្តនៃការធ្វើដំណើរឆ្លងប្រទេសក៏មិនទាន់មានភាពល្អប្រសើរដែរ។
សម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ ២០២២ នេះ អ្នកនាង គិនគេសា បានអះអាងថា៖ «តម្រូវការ និងតម្លៃជួលអាផាតមិនក្នុងរាជធានីភ្នំពេញនឹងបន្តកើនឡើងទៀត ប៉ុន្តែនឹងមិនហាក់ឡើងខ្ពស់ភ្លាមៗឡើយ»។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេសទទួលភ្ញៀវបរទេសកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ មកចំនួនជនបរទេសដែលចូលមកប្រទេសកម្ពុជាបានកើនឡើងជាលំដាប់។ ទិន្នន័យឱ្យដឹងថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣៤៣ ៤៦៤ នាក់ កើនឡើង ២៧៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៩១ ៥៩៦ នាក់៕