
វិស័យអចលនទ្រព្យ និងសំណង់ បានទាក់ទាញវិនិយោគទុនជាង ៦៦ ពាន់លានដុល្លារ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ ហុង មិនា
ភ្នំពេញៈ ជាមួយភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ គេសង្កេតឃើញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងលឿនរហូតមិនអាចស្មានដល់នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ជាង ៥៧ ០០០ ការដ្ឋានសំណង់នៅទូទាំងប្រទេស។ តាមការប៉ាន់ស្មានវិនិយោគសរុបក្នុងវិស័យសំណង់នារយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មានប្រមាណជាង ៦៦ ពាន់លានដុល្លារអាមេរិក ហើយវិស័យនេះបានផ្តល់ការងារជាមធ្យម ១៥ ម៉ឺននាក់ក្នុង ១ ថ្ងៃ។
រដ្ឋបាលរាជធានីភ្នំពេញ នាពេលថ្មីៗនេះឱ្យដឹងថា នៅដើមឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ដោយក្នុងនោះអគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅមានចំនួន ២២៥ អគារ។ ដោយឡែកក្នុងខេត្តព្រះសីហនុ គិតមកទល់ពេលនេះ អគារដែលសាងសង់រួច និងកំពុងដំណើរការមានចំនួន ២៧៨ អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរការមានចំនួន ២៥១ អគារ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានលើកឡើងស្របគ្នាថា ២ ទសវត្សរ៍កន្លងមក គឺជាពេលវេលាដែលវិស័យអចលនទ្រព្យ និងសំណង់ មានការរីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៅកម្ពុជា។ ធាតុផ្សំចម្បងដែលធ្វើឱ្យវិស័យនេះមានកំណើនខ្ពស់បែបនេះ គឺស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលមានភាពរឹងមាំ និងមានភាពធន់។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW Sam Sn Realty Co., Ltd បាននិយាយថា ល្បឿននៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ នារយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ គឺជារឿងដែលមិនគួរឱ្យជឿ តាមរយៈការកើនឡើងតម្លៃអចលនទ្រព្យ និងកំណើននៃចំនួនអគារធំៗ និងខ្ពស់កប់ពពករាប់រយនាពេលនេះ។ លោកបន្តថា ប្រសិនបើក្រឡេកទៅមើលរយៈពេល ២០ ឆ្នាំមុន គឺនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាមិនមានអគារខ្ពស់កប់ពពក និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបដូចពេលនេះទេ។
លោកបានថ្លែងថា៖ «នៅពេលដែលប្រទេសមួយមានស្ថិរភាពនយោបាយល្អ មានសុខសន្តិភាពពេញលេញ មានច្បាប់វិនិយោគដ៏ទាក់ទាញ, មានការគោរពច្បាប់ និងមានកំណើនសេដ្ឋកិច្ចរឹងមាំ វិស័យអចលនទ្រព្យ និងសំណង់ ប្រាកដជាមានដំណើរការល្អជាមិនខានឡើយ»។
លោកបន្ថែមទៀតថា៖ «ការចូលរួមចំណែករបស់វិនិយោគិនក្នុងស្រុក និងបរទេស ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានាពេលនេះ»។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា សម្ទុះនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា នារយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ មិនមានសម្ទុះឡើងខ្លាំងដូចមុនឡើយ ដែលបណ្តាលមកពីហេតុផលមួយចំនួនដូចជា បញ្ហាជំងឺកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងការចាកចេញរបស់ភ្ញៀវជនជាតិចិនជាច្រើនបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទមិនឱ្យមានល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាដើម។
ដោយឡែកអគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ក្នុងរយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះបានរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ ដោយកម្ពស់ និងចំនួនអគារធំៗនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៅពេលនេះគឺមិនចាញ់ប្រទេសជិតខាងឡើយ ពិសេសសំណង់អគារខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប និងបុរីលំនៅឋាន ជាដើម។ លោកបានបន្ថែមថា អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺការបញ្ចេញទុនវិនិយោគលើវិស័យសំណង់មានកាន់តែច្រើនពីសំណាក់អ្នកនៅក្នុងស្រុក។
លោកអះអាងថា៖ «កត្តាដែលធ្វើឱ្យវិស័យអចលនទ្រព្យ និងសំណង់ នៅកម្ពុជាមានការវិវឌ្ឍខ្លាំង គឺមកពីកត្តាស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ចមានភាពរឹងមាំ, សម្បូរកម្លាំងពលកម្ម និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ»។
បើយោងតាមលោក វណ្ណា បច្ចុប្បន្ននេះក្រៅពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ វិស័យអចលនទ្រព្យ និងសំណង់ ក៏បាននិងកំពុងឈានឆ្ពោះទៅខេត្តមានសក្តានុពលមួយចំនួនដូចជា កំពត កែប កោះកុង បាត់ដំបង សៀមរាប និងកំពង់ចាម ជាដើម។
អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បាននិយាយថា ក្នុងរយៈពេលជាង ១ ទសវត្សរ៍មុនការបង្ហាញវត្តមានរបស់ជំងឺកូវីដ ១៩ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ដោយគេឃើញមានគម្រោងវិនិយោគធំៗរាប់សិបលេចឡើងជាបន្តបន្ទាប់ ពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងធំៗដែលមានទុនវិនិយោគរាប់រយលានដុល្លារទាំងអស់នោះ ភាគច្រើនត្រូវបានវិនិយោគដោយវិនិយោគិនបរទេស ឬការចូលហ៊ុនជាមួយវិនិយោគិនក្នុងស្រុក។
អ្នកនាងបន្តថា ដោយសារការរីករាលដាលជំងឺកូវីដ ១៩ បានបង្កើតជាឧបសគ្គក្នុងការធ្វើដំណើរឆ្លងប្រទេស ដូច្នេះចាប់តាំងពីដើមឆ្នាំ ២០២០ មកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមិនសូវមានដំណើរការល្អទេ។ វិស័យនេះអាចត្រូវការពេលយ៉ាងតិចពី ៣-៥ ឆ្នាំ ទើបអាចស្តារស្ថានភាពឱ្យល្អប្រសើរដូចមុនឆ្នាំ ២០២០ បាន។
អ្នកនាង គិនកេសា បានបញ្ជាក់ថា៖ «ដោយសារវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាភាគច្រើនមានម្ចាស់ជាជនបរទេស ដូច្នេះបើសួរថាវានឹងអាចងើបឡើងវិញលឿនកម្រិតណានោះ គឺអាស្រ័យទៅលើស្ថានភាពនៃការឆ្លងរាលដាល និងការគ្រប់គ្រងជំងឺកូវីដ ១៩ បានកម្រិតណាផងដែរ។ បើកូវីដ ១៩ នៅតែបន្តការគំរាមកំហែង វិស័យនេះក៏នឹងមិនអាចងើបឡើងវិញបានភ្លាមៗនោះដែរ»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang កាលពីចុងខែឧសភា បានលើកឡើងថា៖«វិស័យសំណង់គឺជាសសរស្ដម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំង ៤ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក្នុងចំណោមសសរស្ដមផ្សេងទៀតរួមមាន ទេសចរណ៍,កសិកម្ម និងវិស័យឧស្សាហកម្ម»៕