
ទិដ្ឋភាពអគារធំៗជាច្រើននៅក្នុងក្រុងព្រះសីហនុ។ រូបថត រ៉ាស់ហ៊ីម
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បានជំរុញឱ្យម្ចាស់សំណង់ និងម្ចាស់ដីស្រុះស្រួលគ្នាលើការបន្ធូរបន្ថយថ្លៃជួលដី ដើម្បីស្តារវិស័យអចលនទ្រព្យ ដែលបានជាប់គាំង និងប៉ះពាល់ដល់មុខមាត់របស់ខេត្តព្រះសីហនុ ស្របពេលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញ។
សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នាថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំពិគ្រោះយោបល់មួយស្តីពីយន្តការស្តារវិស័យអចលនទ្រព្យ និងដំណោះស្រាយសម្រាប់គម្រោងសំណង់អគារដែលជាប់គាំងជាង ១ ០០០ អគារ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ច, ម្ចាស់ដី និងម្ចាស់សំណង់ដែលភាគច្រើនគឺជាជនបរទេស។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា កិច្ចពិភាក្សានេះមិនទាន់មានលទ្ធផលជាផ្លែផ្កាអ្វីទេ ដោយការពិគ្រោះយោបល់នេះមានគោលបំណង ឱ្យភាគីពាក់ព័ន្ធផ្ដល់សម្បទានឱ្យគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីបញ្ចៀសផលប៉ះពាល់កើតដោយសារការទុកសំណង់អគារចោល។
លោកបន្ថែមថា អគារដែលមិនបញ្ចប់ការសាងសង់ កំពុងធ្វើឱ្យប៉ះពាល់ដល់រូបភាពនៃខេត្តព្រះសីហនុ, ធ្វើឱ្យប៉ះពាល់ដល់បច្ចេកទេសសំណង់នាំមានគ្រោះថ្នាក់ជាយថាហេតុ, និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។
លោកថ្លែងថា៖ «យើងក្នុងនាមអាជ្ញាធរ បានខិតខំពន្យល់ដល់វិស័យឯកជន អំពីស្ថានភាពបច្ចុប្បន្ន ជុំវិញបញ្ហាតម្លៃដីធ្លី ដែលមិនមានតម្លៃដូចអំឡុងឆ្នាំ ២០១៧ ឬឆ្នាំ ២០១៨ នោះទេ។ យើងចង់ឱ្យពួកគាត់ដោះស្រាយគ្នាដោយ ការយោគយល់ក្រៅប្រព័ន្ធតុលាការ ដើម្បីឱ្យមានអាជ្ញាធរពិចារណាបន្តថា អាចជួយបានអ្វីខ្លះ»។
លោកបន្ថែមថា ក្រោយពីការពន្យល់របស់អ្នកជំនាញអចលនទ្រព្យ អ្នកសេដ្ឋកិច្ច និងអាជ្ញាធរហើយ ម្ចាស់ដី និងម្ចាស់សំណង់ បានយកបញ្ហានេះ ទៅពិចារណាសិន ដោយមិនទាន់ ឆ្លើយតបជាក់លាក់នៅឡើយទេ។
លោកប្រាប់ថា៖ «យើងនឹងពិចារណាបន្តទៀត ដើម្បីរកដំណោះស្រាយ ក៏ដូចជាពិនិត្យមើលលទ្ធភាពដែលអាចចូលរួមចំណែកជួយសម្រុះសម្រួលដល់ពួក-គាត់។ យើងត្រូវការរកប្រភពចំណូលពីវិនិយោគិនថ្មី ដើម្បីប្រមូលយក Asset ទាំងអស់នេះ និងដើម្បីបង្កើនតម្លៃបន្ថែមឡើងវិញ។ ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចនេះ មិនត្រឹមតែវិនិយោគិនចិនទេ យើងស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់ប្រទេស ដែលមានបំណងចង់វិនិយោគនៅខេត្តព្រះសីហនុ»។
លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានប្រាប់ថា សភាពាណិជ្ជកម្ម ជាអាជ្ញាកណ្តាលរវាងម្ចាស់ដី និងម្ចាស់សំណង់ដើម្បីជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យភាគីទាំងអស់យល់ព្រមបន្តការដំណើរការសាងសង់អគារដែលជាប់គាំងជាង ២ ឆ្នាំមកនេះ។
លោកបញ្ជាក់ថា៖ «វិស័យឯកជនយើងមានលទ្ធភាពក្នុងការជួយពួកគាត់ (ម្ចាស់ដី និងម្ចាស់សំណង់) ឱ្យមានការចរចារឿងតម្លៃដី ដែលសម្រេចយកតម្លៃមួយសមរម្យអាចទទួលយកបាន ដើម្បីឱ្យអគារដែលសាងសង់ហើយខ្លះនោះ អាចបញ្ចប់ការសាងសង់ និងដំណើរការចៀសវាងការខូចខាតអគារ»។
លោកបន្ថែមថា ក្នុងករណីការចរចាតម្លៃមិនត្រូវគ្នា សភាពាណិជ្ជកម្មនឹងបន្តជួយទាក់ទាញរកអ្នកវិនិយោគបន្តទៀត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមល្អប្រសើរឡើងវិញ៕