ភ្នំពេញៈ កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ជាង ១៨៥​ លាន​ដុល្លារ​ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២២ ទៅលើ​ការ​នាំចូល​ដែក និង​ដែកថែប​ (Iron & Steel) ​ពី​ក្រៅប្រទេស​មក​បំពេញ​តម្រូវការ​ក្នុងស្រុក ដោយ​កើនឡើង​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹងថា ក្នុង​រយៈពេល ៦​ ខែ​ដើម​ឆ្នាំ​ ២០២២ ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ១៨៥,៧៦ ​លាន​ដុល្លារ កើន ២០,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១៥៤,៧២ ​លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ចូល​ដែក និង​ដែកថែប ស្មើនឹង​ប្រមាណ ១,២ ​ភាគរយ​នៃ​ការចំណាយ​សរុប​របស់​កម្ពុជា​ទៅលើ​ការ​នាំចូល​ទំនិញ​ក្នុង​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ ដែលមាន​តម្លៃ​ជាង ១៥ ៨៦៤ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែ​មិថុនា ឆ្នាំនេះ​ការនាំ​ចូល​ដែក និង​ដែកថែប​មាន​តម្លៃ ៣៥,៩២ ​លាន​ដុល្លារ កើន​ ២១,៣​ ភាគរយ​ពី ២៩,៦១ ​លាន​ដុល្លារ​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៣ ខែកក្កដា​ថា វិស័យ​សំណង់​មាន​ភាពខុសប្លែក​ពី​វិស័យ​ផ្សេងៗ​ទៀត ដោយ​នៅក្នុង​សកម្មភាព​សាងសង់ ឬ​អភិវឌ្ឍ​គម្រោង​ណាមួយ គឺ​ត្រូវការ​ពេលវេលា​យូរ ដែល​គម្រោង​ខ្លះ​អាច​ឈានដល់​លើសពី​ ៥ ឆ្នាំ ដូចនេះ​តម្រូវការ​សម្ភារ​ប្រើប្រាស់​រួមទាំង​ដែក គឺ​មាន​ជាប្រចាំ​។ ដែក​ដែល​កំពុង​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ភាគច្រើន​នាំចូល​មកពី​ប្រទេស​ចិន និង​មួយចំនួន​ទៀត​មកពី​ប្រទេស​វៀតណាម ខណៈ​បរិមាណ​ដែក​ផលិត​ក្នុងស្រុក​នៅមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

លោក​ប្រាប់​ទៀតថា សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ គឺ​មិនទាន់​មាន​ការវិវឌ្ឍ​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ជាពិសេស​គម្រោង​សាងសង់​ធំៗ ខណៈ​គម្រោង​វិនិយោគ​លក្ខណៈ​លំនៅឋាន ឬ​បុរី ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក គឺ​បាន​កើនឡើង​តិចតួច​។

លោក​ប្រាប់ថា​៖ «​បើ​និយាយ​ពី​ការចាប់ផ្តើម​គម្រោង​សាងសង់​ថ្មី ពិសេស​គម្រោង​ធំៗ និង​ខ្ពស់ៗ​នៅពេលនេះ​គឺ​មិនសូវ​មាន​ទេ ប៉ុន្តែ​សម្រាប់​គម្រោង​ដែល​កំពុង​ដំណើរការ​សាងសង់​គឺមាន​សកម្មភាព​ទៅមុខ​ជាប្រចាំ​។ វិស័យ​សំណង់​ពេលនេះ គឺ​មិនមា​ន​ការធ្លាក់ចុះ​ទេ បើ​ធៀប​ទៅនឹង​ឆ្នាំមុន គឺ​វា​មាន​និរន្តរភាព​ល្អប្រសើរ​»​។

លោក​លើកឡើង​ថា ការកើនឡើង​ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប​ក្នុង​ឆមាស​ទី​​១ កន្លងមក គឺ​អាច​ដោយសារតែ​តម្លៃ​ដែក​នៅលើ​ទីផ្សារ​អន្តរជាតិ​កើនឡើង ចំណែក​តម្រូវការ​ប្រើប្រាស់​អាចមាន​ការកើនឡើង​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​ឆ្នាំ​ ២០២១​។

លោក​អះអាង​ថា​៖ «​តម្លៃ​ដែក​នៅពេលនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​បាន​កើនឡើង​ប្រហែល ២០ ​ភាគរយ​»​។

អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីផេង បាន​និយាយថា ការសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបើក​ប្រទេស​ទទួល​ជនបរទេស​ឡើងវិញ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ បាន​ធ្វើឱ្យ​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យ​សំណង់​ (​ពិសេស​គម្រោង​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​បរទេស​) ចាប់ផ្តើម​មាន​ពន្លឺ​ឡើងវិញ​ខ្លះៗ ក្រោយពី​ស្ងប់ស្ងាត់​ប្រហែល ២ ​ឆ្នាំ​ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ សម្រាប់​គម្រោង​មាន​ម្ចាស់​ជា​វិនិយោគិន​ក្នុង​ស្រុក គឺ​ដំណើរការ​ទៅមុខ​ធម្មតា​។

លោក​ប្រាប់ថា​៖ «​កំណើន​នៃ​ការសង់​លំនៅឋាន​ឯកជន និង​លក្ខណៈ​បុរី បាន​ធ្វើឱ្យ​តម្រូវការ​នាំចូល​ដែក​ក្នុង​វិស័យ​សំណង់​កើនឡើង​។ កំណើន​នេះ​នឹង​បន្ត​កើន​ថែមទៀត​»​។

យោងតាម​លោក ស៊ីវផេង ដែក​នាំចូល​មក​កម្ពុជា​មាន​មកពី​ប្រទេស​ចិន វៀតណាម ថៃ និង​កូរ៉េ ជាដើម​។

កាលពីដើម​ខែធ្នូ​ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុងឌីសេង​ (​ខេមបូឌា) ​ស្ទីល ឯ.ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧​ លាន​ដុល្លារ​បើក​ដំណើរការ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​អាច​ផលិត​ដែក​បាន​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​ដំណាក់កាល​ដំបូង​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២១ គម្រោង​សាងសង់​ទូទាំង​ប្រទេស​ចំនួន​ ៤ ៣០៣ និង​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៥,៣៣ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​អនុម័ត​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ គឺ​ថយចុះ ៣១,២១ ​ភាគរយ​៕