
ទិដ្ឋភាពសំណង់ផ្ទះ-អគារក្នុងរាជធានីភ្នំពេញ មើលពីខាងលើ។ ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវបំពេញកាតព្វកិច្ចពន្ធសម្រាប់ឆ្នាំ ២០២២ ឱ្យមុនថ្ងៃ ៣០ ខែកញ្ញា។ ហុង មិនា
ភ្នំពេញៈ ពន្ធដារបានដាក់ឱសានវាទដល់ម្ចាស់អចលនទ្រព្យទាំង ដែលស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២២ ឱ្យបានមុនថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២២ ចៀសវាងការរងនូវទោសទណ្ឌតាមផ្លូវច្បាប់។
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការរំឭកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២២ ដោយសារតែខាងពន្ធដារសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។
ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការ កកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំឭកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ គឺជាកាតព្វកិច្ចរបស់ម្ចាស់អចលនទ្រព្យ ដោយមិនអាចគេចវេះបានឡើយ។
លោកបានបន្ថែមថា ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណា ការបំពេញកាតព្វកិច្ច គឺជារឿងចាំបាច់ដែលម្ចាស់អចលទ្រព្យគ្រប់រូបត្រូវអនុវត្ត ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកបានបន្តថា បច្ចុប្បន្នការទិញលក់អចលនទ្រព្យក្នុងស្រុកហាក់មានសភាពយឺតបន្តិច ដោយភាគច្រើនជាវិនិយោគិនក្នុងស្រុក មិនសូវមានវិនិយោគិនមកក្រៅស្រុកឡើយ ហើយសកម្មភាពទិញលក់ដីធ្លី ត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើនជាងគេ។
លោកបានបញ្ជាក់ថា៖ «វិស័យអចលនទ្រព្យមិនទាន់មានការជាប់គាំងនៅឡើយទេ គ្រាន់តែថាការដោះដូរអចលទ្រព្យភាគច្រើនត្រូវបានថយចុះ។ វិនិយោគិនបរទេសស្ទើរគ្មានទេ ភាគច្រើនជាវិនោយោគិនក្នុងស្រុក ដែលកត្តានេះ បានធ្វើឱ្យសកម្មភាពអចលនទ្រព្យមានសភាពយឺត»។
លោក នួន ឬទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals បានឱ្យដឹងដែរថា ម្ចាស់អចលនទ្រព្យទាំងអស់គួរបំពេញកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ចៀសវាងការផាកពិន័យនៅពេលមានការទិញលក់ឬដោះដូរ។
លោកបានបញ្ជាក់ថា៖ «ការបង់ពន្ធប្រចាំឆ្នាំនេះ មិនមែនជាសម្ពាធឬបន្ទុកធ្ងន់ធ្ងរអ្វីនោះទេ ព្រោះថារដ្ឋមិនទាន់ដំឡើងពន្ធណាមួយនៅឡើយទេ ឱ្យប៉ះពាល់នោះទេ មានតែការពន្យារពេល និងបន្ធូរបន្ថយ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដ៏លំបាកនេះ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែល ពន្ធដារប្រមូលបាន មានចំនួន ប្រមាណជា ១ ៧២៦,៩៣ លានដុល្លារ កើនឡើង ២៧,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕