ភ្នំពេញៈ បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ហើយ​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់ ក៏​វិស័យ​សំ​​ណង់​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នោះទេ​ក្នុង​រយៈពេល ៥​ ខែ​ដើមឆ្នាំ​ ២០២២ នេះ ដោយ​ចំនួន​គម្រោង​សាងសង់​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់​បន្ត​ធ្លាក់ចុះ​ជិត ១០​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១​។​

​បើ​យោងតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​-​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​រយៈពេល​ ៥ ​ខែ​ ដើមឆ្នាំ​ ២០២២ គម្រោង​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់ មាន​ចំនួន​សរុប ​១ ៦៧៩ ធ្លាក់​​ចុះ ​៨,២​ភាគរយ​ពី ១ ៨២៩ ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅ​ឋាន​មាន ១ ៥២៤ គម្រោង​ស្មើនឹង ៩០,៨​ ភាគរយ ​នៃ​សំណើសុំ​សាងសង់​សរុប ដោយ​ធ្លាក់​ចុះ ៨៣ ​គម្រោង ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំណែក​ទុនវិនិយោគ​មាន​ចំនួន​សរុប ៩៥២​ លាន​ដុល្លារ ធ្លាក់​ចុះ ៥៩,៥ ​ភាគរយ​។​

​អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា វិបត្តិ​កូ​វីដ ​១៩ ​មិន​ត្រឹមតែ​ធ្វើឱ្យ​គម្រោង​សាង​​សង់​ធំៗ ពិសេស​គម្រោង​ដែលមាន​ម្ចាស់​ជា​អ្នកវិនិយោគ​បរ​​ទេស​ត្រូវ​ជាប់គាំង ឬ​ថយ​ល្បឿន​សាងសង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​អ្នក​មានបំណង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​ជាច្រើន​សម្រេច​ពន្យារពេល​ដែរ​។ ការ​​វិនិយោគ​លើ​វិស័យ​សំណង់ គឺ​ត្រូវការ​ពេលវេលា​យូរ និង​ទុន​​វិនិយោគ​ច្រើន ដូច្នេះ​វិស័យនេះ​នឹង​មិនមាន​សម្ទុះ​ឡើង​លឿន​ដូច​វិស័យ​មួយចំនួនទៀត​ទេ​។ លោក​បន្ថែមថា វិបត្តិ​បណ្តា​លពី​កូ​វីដ ​១៩ ដែល​ពិភពលោក​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​ក្នុងពេល​បច្ចុប្បន្ន​នឹង​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ប​ន្ត​ទៀត​ក្នុង​វិស័យ​សំណង់​នៅ​គ្រប់​ប្រទេស​លើ​ពិ​​ភព​លោក រួមទាំង​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​រយៈ​​ពេល​ខ្លី​វិស័យ​សំណង់​នៅ​កម្ពុជា នឹងមិន​អាចមាន​សម្ទុះ​ឡើងវិញ​ទេ ពិសេស​សំណង់​ធំៗ​ដែលមាន​ម្ចាស់​ជា​អ្នកវិនិយោគ​បរ​​ទេស​។ សម្រាប់​សំណង់​លំនៅ​​ឋាន​ដែល​វិនិយោគ​ដោយ​អ្នក​​នៅក្នុង​ស្រុក គឺមាន​ដំណើរ​ទៅមុខ​ជាធម្មតា ព្រោះ​តម្រូវការ​នេះ គឺ​នៅតែមាន​ជាប្រចាំ​»​។​

​លោក​បន្តថា វិស័យ​សំណង់​នៅ​កម្ពុជា ពិសេស​សំណង់​ធំៗ នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេលដែល​ការធ្វើដំណើរ​របស់​អ្នក​វិ​និ​​យោគ និង​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​ដូច​មុនពេល​មាន​វត្តមាន​របស់​ជំងឺ​កូ​វីដ ​១៩​។​

​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​​ជាតិ​សរុប ១៩៦ ៤៩៥​ នាក់ ថយចុះ ៨៥​ ភាគរយ ​ធៀប​ឆ្នាំ ​២០២០​។ ដោយឡែក​ចាប់ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២២ ភ្ញៀវ​បរទេស​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៣៤៣ ៤៦៤​ នាក់ កើនឡើង ២៧៥​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២១​។​

​ឆ្នាំ​ ២០១៩ ត្រូវបាន​ចាត់ទុកជា​ពេលដែល​ប្រទេស​កម្ពុជា ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​​ជាតិ​ច្រើន​បំផុត​ដោយមាន​ចំនួន ៦,៦១ ​លាន​នាក់​។​

​ប្រធាន​សមាគម​អចលន​ទ្រ​ព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់ថា សកម្មភាព​នៃ​ការស្វែងរក​ទិញ លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​ចលនា​វិញ​ជា​បណ្តើរៗ​ហើយ​ពេលនេះ ប៉ុន្តែ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​ធំៗ ​គឺ​នៅ​មិនទាន់មាន​ទេ ដោយ​វា​នៅ​ត្រូវការ​ពេល​បន្ថែមទៀត ព្រោះ​ការធ្វើដំណើរ​របស់​អ្នក​វិនិយោគ និង​ភ្ញៀវ​បរទេស​មក​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ធៀប​ទៅក្នុង​អំឡុង​ឆ្នាំ​ ២០១៨-២០១៩​។​

​លោក​និយាយថា​៖ «​វិស័យ​សំណង់ នៅ​ត្រូវការ​ពេល​យូរ​ថែមទៀត​ព្រោះ​មុននឹង​សម្រេច​វិនិយោគ​លើ​គម្រោង​ណាមួយ អ្នកវិនិយោគ​តែងតែ​ពិនិត្យ​ទៅលើ​ទីផ្សារ និង​ចរន្ត​ធ្វើដំណើរ​របស់​ភ្ញៀវ​ឱ្យបាន​ហ្មត់ចត់​»​។​

​យោងតាម​លោក សុខ​នឿន តម្រូវការ​ប្រើប្រាស់​អគារ​ធំៗ និង​ខ្ពស់ៗ​មិនមាន​សម្ទុះ​កើន​​ឡើង​ច្រើន​ទេ​នៅក្នុង​ពេលនេះ ប៉ុន្តែ​សម្រាប់​សំណង់​លំនៅឋាន គឺ​នៅតែមាន​ទីផ្សារ​ល្អ​។​

​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ក្រសួង​បានអនុម័ត​លើ​គម្រោង​សាងសង់​ទូទាំងប្រទេស​ចំនួន ៤ ៣០៣​ គម្រោង និង​មាន​ទុន​​វិនិយោគ​ជាង ៥,៣៣​ ពាន់​លាន​ដុល្លារ​។

ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០ គឺ​ថយ​​ចុះ ៣១,២១ ភាគរយ​៕