
ទិដ្ឋភាពសំណង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ ដែលបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។ ហុង មិនា
ភ្នំពេញៈ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងវិស័យសំណង់ សម្រេចបាន ១៩ ៣២២ គម្រោងដែលមានទុនវិនិយោគជាង ៣១ ពាន់លានដុល្លារ ខណៈប្រទេសចិន ឈរក្នុងលំដាប់ទី១ នៃការវិនិយោគលើវិស័យនេះ។
យោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេសមានសម្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យសំណង់ សម្រេចបាន ១៩ ៣២២ គម្រោង ដែលស្មើទុនវិនិយោគ ៣១ ៤៨៤ លានដុល្លារ។ ជាមួយគ្នានេះ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២២ ការវិនិយោគក្នុងវិស័យសំណង់មានចំនួន ២ ០០០ គម្រោង និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៤ ខែសីហា លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ប្រទេសដែលនាំមុខគេក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា រួមមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។
លោកបានថ្លែងថា៖ «វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន និងបង្កើតនូវឱកាសការងារជាច្រើន ព្រមទាំងបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គម និងបានចូលរួមដ៏សកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យនេះដោយផ្ទាល់»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រៅពីចិន និងជប៉ុន ដែលបានចូលរួមវិនិយោគច្រើនក្នុងវិស័យសំណង់នៅកម្ពុជា វិនិយោគិននៅតំបន់អឺរ៉ុប ក៏មានការវិនិយោគច្រើនគួរឱ្យកត់សម្គាល់ដែរ។
លោកបន្ថែមថា ទុនវិនិយោគដែលហូរចូលមកប្រទេសកម្ពុជា តាមរយៈវិស័យសំណង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទាំងនេះបាននាំយកទុនពីបរទេសមកចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។
លោកនិយាយថា៖ «ប្រទេសដែលជាប់លំដាប់ថ្នាក់មានការវិនិយោគវិស័យសំណង់ច្រើនជាងគេទាំងនេះ ភាគច្រើនវិនិយោគលើខុនដូ អាផាតមិន និងតំបន់ប្រមូលផ្តុំការិយាល័យសម្រាប់ជួល។ ទោះយ៉ាងណា យើងឃើញថា វិបត្តិកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលមិនល្អលើវិស័យនេះ»។
បើយោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលជិត ២២ ឆ្នាំមកនេះ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០ គម្រោង និងទុនវិនិយោគ ៦៦ ២០៥ លានដុល្លារ។ ក្នុងនោះគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមាន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង៕