ភ្នំពេញៈ បន្ទប់ខុនដូប្រមាណជាង ៣ ០០០ យូនីត បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញកាលពីត្រីមាសទី២ ឆ្នាំ ២០២២ ដែលចំនួននេះកើនឡើង ៩,៥ ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២ ខណៈតម្លៃទិញ-លក់ និងជួលខុនដូ សុទ្ធតែរើបឡើងវិញបន្តិចបន្តួច បន្ទាប់ពីធ្លាក់ចុះប្រមាណ ២ ឆ្នាំ ដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ នេះបើតាមក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia(Phnom Penh Market Insights Q2) ដែលទើបចេញផ្សាយកាលពីថ្ងៃទី ២ ខែកញ្ញា បង្ហាញថា ភាពល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ច តាមរយៈអត្រាដ៏ខ្ពស់នៃចំនួនប្រជាពលរដ្ឋក្នុងស្រុកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កំណើននៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ (មិនមានការធ្វើចត្តាឡីស័ក) និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានធ្វើឱ្យទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារខុនដូនៅកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញបណ្តើរៗហើយ។
របាយការណ៍ខាងលើបានរកឃើញថា នៅរាជធានីភ្នំពេញក្នុងត្រីមាសទី២ ឆ្នាំ ២០២២ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៤ [ប្រភេទតម្លៃមធ្យម(Mid-Range) និងប្រភេទតម្លៃសមរម្យ (Affordable)] បានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ដែលគម្រោងទាំង ៤ នេះមានបន្ទប់ស្នាក់នៅសរុប ៣ ២០៤ យូនីត។ គិតត្រឹមចុងត្រីមាសទី ២ ឆ្នាំ ២០២២ ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ បានកើនដល់ជាង ៣៦ ០០០ យូនីត។
បើតាម CBRE Cambodiaសម្រាប់តម្លៃលក់ និងជួលខុនដូ ក្នុងត្រីមាសទី២ ឆ្នាំ ២០២២ ឃើញថា កើនឡើងបន្តិចមកវិញបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។ បន្ទប់ខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម ២ ៦៧១ ដុល្លារក្នុង ១ ម៉ែត្រការ៉េ កើនឡើង ១,៥ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២, បន្ទប់ខុនដូតម្លៃមធ្យម (Mid-Range) មានតម្លៃមធ្យម ២ ០៩៦ ដុល្លារ កើន ២,៧ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ១ ៤១២ ដុល្លារកើនឡើង ០,៧ ភាគរយ។
ដោយឡែកសម្រាប់តម្លៃជួលគឺខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម ១១ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់ ១ ខែ កើនឡើង ២,៣ ភាគរយ, ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃ ៩,៦ ដុល្លារ កើន ៣,៣ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ៧,៩ ដុល្លារ កើនឡើង ១,២ ភាគរយ។
អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៥ ខែកញ្ញាថា សម្រាប់សកម្មភាពទិញ លក់ ជួលនិងតម្លៃខុនដូ កាលពីត្រីមាសទី២ ឆ្នាំ ២០២២ នេះវាចាប់ផ្តើមផ្តល់សញ្ញាវិជ្ជមានឡើងវិញហើយ ហើយវានឹងបន្តកើនឡើងទៀតនៅក្នុងត្រីមាសទី ៣ និងទី ៤ នេះ ប៉ុន្តែវានឹងមិនមានកំណើនខ្ពស់ទេ ដោយវាកំពុងស្ថិតក្នុងដំណាក់កាល Recovery។
អ្នកនាងបានបញ្ជាក់ថា «បច្ចុប្បន្នទីផ្សារនេះពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់របស់ជនបរទេសនៅមានកម្រិតទាបនៅឡើយ»។
ប្រធានសមាគមអចលនទ្រព្យសកលលោក សំ សុខនឿន បានប្រាប់ថា ទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានដំណើរការល្អដូចមុនអំឡុងពេលពិភពលោកជួបនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩ ប៉ុន្តែទីផ្សារនេះចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ។ លោកបន្តថា បើនិយាយពីទីផ្សារខុនដូនៅពេលនេះ គឺមានអ្នកទិញតែប្រជាជនក្នុងស្រុកប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ដោយសារទីផ្សារគោលដៅភាគច្រើនជាជនបរទេស ដូច្នេះ ទីផ្សារនេះនៅត្រូវការពេលបន្ថែមទៀតដើម្បីដំណើរការល្អឡើងវិញ»។
ទោះយ៉ាងណា លោក សុខនឿន បញ្ជាក់ថា និន្នាការរបស់ប្រជាជនក្នុងស្រុកចំពោះការស្នាក់នៅខុនដូក៏មានការកើនឡើងខ្លះៗផងដែរនាពេលនេះ ខណៈអ្នកវិនិយោគមួយចំនួនក៏បាននិងកំពុងបែរមកអតិថិថជនក្នុងស្រុកជំនួសឱ្យអតិថិជនក្រៅស្រុកផងដែរ។
ប្រសិនបើស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា និងពិភពលោក មានស្ថិរភាពល្អប្រសើរ នៅត្រឹមដំណាច់ឆ្នាំ ២០២២ នេះចំនួនបន្ទប់ខុនដូ ដែលសាងសង់រួច និងដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញនឹងកើនដល់ជាង ៤៥ ០០០ យូនីតហើយក្នុងឆ្នាំ ២០២៣ នឹងកើនដល់ជាង ៦៥ ០០០ យូនីត។ នេះបើតាមការព្យាកររបស់ក្រុមហ៊ុន CBRE Cambodia។
តាមទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ ក្រសួងបានអនុម័តលើគម្រោងសាងសង់សរុប ២ ០០០ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ ២ ៨៥៩ ៨៧៧ ម៉ែត្រការ៉េ និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារ។ ចំនួនអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៤៧២ អគារ ចំណែកបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៤៨២ គម្រោង៕