​ភ្នំពេញៈ PropNex Cambodia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​​ហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី PropNex បាន​ប្រ​​កាសចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ជា​ផ្លូវការ​ជាមួយ​ទស្សនវិស័យ​ពង្រីក​ភ្នាក់ងារ​លក់​មាន​វិជ្ជាជីវៈ​ឱ្យដល់​ចំនួន ១ ០០០ ​នាក់ ​ត្រឹម​ឆ្នាំ ​២០២៣​។​

​ក្នុង​ពិធី​ប្រកាស​បើកសម្ពោធ​ក្រុមហ៊ុន PropNex Cambodia ជា​ផ្លូវ​ការដែល​រៀបចំ​នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពី​រាត្រី​ថ្ងៃទី​ ២៣ ខែកញ្ញា លោកស្រី អាន ធីតា នាយក​គ្រប់​​គ្រង PropNex Cambodia បាន​លើក​​ឡើង​ថា PropNex Cambodia បាន​នាំមក​ជាមួយនឹង​ជំនាញ និង​សេវាកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​សេវាកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​ដូចជា ការជួល​ផ្ទះ និង​អគារ​ពាណិជ្ជកម្ម ការវិនិយោគ​លើដី​ធ្លី ការវាយតម្លៃ​អចលនទ្រព្យ ការ​​ប្រឹក្សា និង​ស្រាវជ្រាវ​លើ​អចលនទ្រព្យ និង​ការគ្រប់គ្រង​អចលនទ្រព្យ​ជាដើម​។​

​លោកស្រី​បន្តថា ក្រៅពី​ផ្តល់​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​កម្រិតស្តង់ដា​អន្តរ​ជាតិ PropNex Cambodia ក៏មាន​គោលដៅ​ផ្តល់នូវ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​ដល់​បុគ្គលិក​របស់​ក្រុម​ហ៊ុន ដើម្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្រុម​

​ការងារ​ដ៏​រឹងមាំ ហើយនឹង​អាចជួយ​ដល់​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​លោកស្រី ធីតា និយាយថា​៖ «​បច្ចុប្បន្ន​ក្រុមហ៊ុន PropNex Cambodia មាន​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ​របស់ខ្លួន​សរុប ៤០០​ នាក់ ហើយ​ក្រុមហ៊ុន​សង្ឃឹមថា នឹង​សម្រេចបាន​នូវ​បុគ្គលិក​ផ្នែក​លក់ ១ ០០០​ នាក់ ​នៅក្នុង​ឆ្នាំ ​២០២៣»​។​

​ប្រធាន​ផ្នែក​ភ្នាក់ងារ​អចលនទ្រព្យ PropNex Cambodia លោក Alan Neo បានឱ្យដឹងថា PropNex បាន​មកដល់​កម្ពុជា​ក្នុង​ខែឧសភា ឆ្នាំ​ ២០២១ ដែលជា​អំឡុងពេល​នៃ​ការរីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ ​១៩​។ កម្ពុជា គឺជា​ទីផ្សារ​កំពុង​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​នៅ​មិនទាន់មាន​ភ្នាក់ងារ​មាន​វិជ្ជាជីវៈ និង​ជំនាញ​គ្រប់គ្រាន់​ទេ​។ PropNex Cambodia នឹង​ផ្តល់នូវ​សេវាកម្ម​ទូលំទូលាយ​លើ​ការលក់ ការវិនិយោគ​ដីធ្លី និង​សេវាកម្ម​ប្រឹក្សា​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​។​

​លោក​បន្ថែមថា PropNex Cambodia ចង់​ជួយ​ដឹកនាំ​អ្នកជំនាន់ក្រោយ​ឱ្យមាន​ជំនាញ​អចលនទ្រព្យ​ច្បាស់លាស់ ហើយ​តាមរយៈ PropNex Cambodia ក្រុមហ៊ុន PropNex ក៏​កំពុង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ដែលមាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​សិង្ហ​បុរី ក៏ដូចជា​នាំយក​ប្រព័ន្ធ IT របស់​ប្រទេស​សិង្ហ​បុរី មក​ប្រទេស​កម្ពុជា​ផងដែរ​។​

​បច្ចុប្បន្ន PropNex កំពុងមាន​វត្តមាន​ក្នុងប្រទេស​ចំនួន ៦ រួមមាន សិង្ហ​បុរី​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, វៀត​​ណា​ម អូស្ត្រាលី និង​កម្ពុជា​៕