The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ក្នុង​ស្រុក​ ២ ចាប់​ដៃ​គ្នា​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល

ក្រុមហ៊ុន​ក្នុង​ស្រុក​ ២ ចាប់​ដៃ​គ្នា​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល

Content image - Phnom Penh Post
អគារខ្ពស់ៗជាច្រើននៅតាមបណ្ដោយផ្លូវនៅទីក្រុងភ្នំពេញ ហុង មិនា

ក្រុមហ៊ុន​ក្នុង​ស្រុក​ ២ ចាប់​ដៃ​គ្នា​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល

ភ្នំពេញ​៖ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) និង​ក្រុមហ៊ុន​វីត្រាស់ អាព្រេហ្សល ខូអិលធីឌី (VTrust) ​បាន​ចាប់​ដៃគូ ដើម្បី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល (Indication Plus Platform) ​ដែល​ជា​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​តាម​ប្រព័ន្ធ​ឌីជីថល​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ផ្តល់​ជូន​ស្ថាប័ន​ហិរញ្ញវត្ថុ​នូវ​សេវាកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​វាយតម្លៃ​ទ្រព្យសម្បត្តិ​អតិថិជន​របស់​ពួកគេ​។

កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា រវាង​លោក អឿ សុធារ័ត្ន នាយក​ប្រតិបត្តិ​ CBC និង​លោក​ វង្ស សុខាល ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​វីត្រាស់ អាព្រេហ្សល ខូអិលធីឌី (VTrust Appraisal) ដែល​បាន​ដំណើរការ​ក្នុង​ពិធី​អបអរសាទរ​ខួប ១០ ​ឆ្នាំ​របស់ ស៊ីប៊ីស៊ី នៅ​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅ​។

លោក វង្ស សុខាល ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​វីត្រាស់ អាព្រេហ្សល ខូអិលធីឌី បាន​ឱ្យ​ដឹង​ថា​កិច្ច​ព្រមព្រៀង​ថ្ងៃនេះ​ជាមួយ ស៊ីប៊ីស៊ី នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្លាស់ប្តូរ​តម្លៃ​អចលនទ្រព្យ តាម​ប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​តែ​ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ល្បឿន​យ៉ាង​លឿន យើង​បាន​រួម​បញ្ចូល​គ្នា​នូវ​បទពិសោធ​ជិត ២ ​ទសវត្សរ៍​របស់​យើង ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​កម្ចី​កម្ពុជា ក៏​ដូចជា​អ្នក​ផ្ដល់​កម្ចី តាមរយៈ​ការ​វាយតម្លៃ​អចលនទ្រព្យ​ដែល​ងាយស្រួល និង​មាន​តម្លៃ​សមរម្យ​»​។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) បាន​ឱ្យ​ដឹង​ថា ស៊ីប៊ីស៊ី ប្ដេជ្ញា​ចិត្ត​ក្នុងការ​ប្រើ​ប្រព័ន្ធ​ឌីជីថល និង​ការ​វិភាគ​ទិន្នន័យ ដើម្បី​សម្រួល​ដល់​ការសម្រេច​ចិត្ត​បាន​រហ័ស និង​គ្មាន​ការ​រង្កៀស​ចិត្ដ ដល់​សមាជិក​របស់​យើង ក្នុងការ​សម្រេចចិត្ត និង​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​យ៉ាង​ឆាប់​។

លោក​ថ្លែង​ថា​៖ «​ការ​វាយតម្លៃ​អចលនទ្រព្យ​ឌីជីថល តាមរយៈ​ការ​សហការ​របស់​យើង​ជាមួយ​ VTrust ​នឹង​ក្លាយជា​កត្ដា​ដ៏​សំខាន់​បន្ថែម​មួយ ចំពោះ​ផលបត្រ​របស់​យើង​នៃ​ដំណោះស្រាយ​ដ៏​មាន​គុណ​តម្លៃ​បន្ថែម ដើម្បី​ឱ្យ​សមាជិក​របស់​យើង អាច​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​យ៉ាង​ឆាប់រហ័ស ដោយ​ប្រើ​ប្រវត្តិ​ឥណទាន និង​ការ​វាយតម្លៃ​អចលនទ្រព្យ ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​ប្រាក់កម្ចី​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​»​។

បើ​តាម​របាយការណ៍រ​បស់ ស៊ីប៊ីស៊ី បង្ហាញ​ថា កម្ចី​ទិញ​ផ្ទះ​មាន​ច្រើន​ជាង ៥០ ​ភាគរយ នៃ​ផលបត្រ​សមតុល្យ​ឥណទាន​អ្នក​ប្រើប្រាស់​ទូទៅ​។ លើសពីនេះ ច្រើន​ជាង ៥០ ​ភាគរយ​នៃ​ប្រាក់កម្ចី​របស់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ គឺជា​ប្រាក់កម្ចី​ធានា ហើយ​ភាគច្រើន​ត្រូវបាន​គាំទ្រ​ដោយ​វត្ថុ​បញ្ចាំ​ដែល​មាន​មូលដ្ឋាន​លើ​ដី​ធ្លី​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២២ ចំនួន​គម្រោង​ដែល​ទទួលបាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់ មាន​ចំនួន​សរុប ១ ៦៧៩​ គម្រោង ធ្លាក់ចុះ ៩,៨ ​ភាគរយ​ពី​ចំនួន​ ១ ៥២៩ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន មាន​ចំនួន ១ ៥២៤ ​គម្រោង ដែល​ស្មើនឹង ៩០,៨ ​ភាគរយ​នៃ​សំណើ​សុំ​សាងសង់​សរុប ដោយ​ធ្លាក់ចុះ ៨៣ ​គម្រោង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំណែក​ទុន​វិនិយោគ​មាន​ចំនួន​សរុប ៩៥២ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៩,៥ ​ភាគរយ​៕

អត្ថបទគួរចាប់អារម្មណ៍