
អគារខុនដូ និងការិយាល័យ CITY Star តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ ហេង ជីវ័ន
ភ្នំពេញៈ ភាពមិនប្រាកដប្រជាសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជាដែលភាគច្រើនពឹងផ្អែកលើអតិថិជនបរទេសមិនមានដំណើរការល្អនោះទេ ដោយពុំមានគម្រោងអភិវឌ្ឍន៍ខុនដូណាមួយបានបញ្ចប់ និងដាក់ចូលទីផ្សារឡើយនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ នេះ។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា បញ្ហាវិបត្តិសកលកំពុងធ្វើឱ្យទីផ្សារខុនដូនៅរាជធានីភ្នំពេញបន្តជួបបញ្ហា ទាំងដំណើរការសាងសង់ និងសកម្មភាពទិញ លក់ ឬជួល។
របាយការណ៍បង្ហាញទៀតថា នៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ មិនមានគម្រោងអភិវឌ្ឍន៍អគារខុនដូណាបញ្ចប់ការសាងសង់ឡើយ ដោយចំនួនបន្ទប់ខុនដូនៅភ្នំពេញនាពេលនេះមានចំនួនជាង ៣៦ ០០០ យូនីត។
បើតាម CBRE Cambodia សម្រាប់តម្លៃលក់ខុនដូក្នុងត្រីមាសទី៣ ឆ្នាំនេះធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២២ គឺបន្ទប់ខុនដូប្រណីតមានតម្លៃលក់ជាមធ្យម ២ ៦៣៩ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ធ្លាក់ចុះប្រមាណ ១,២ ភាគរយ, ខុនដូប្រភេទមធ្យម មានតម្លៃ ២ ០៧៨ ដុល្លារ ធ្លាក់ចុះ ០,៨ ភាគរយ និងប្រភេទតម្លៃសមរម្យ មានតម្លៃ ១ ៤០៨ ដុល្លារធ្លាក់ចុះ ០,២ ភាគរយ។
ដោយឡែកសម្រាប់តម្លៃជួល គឺខុនដូប្រណីត មានតម្លៃជាមធ្យម ១១ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ០,៣ ភាគរយ, ប្រភេទតម្លៃមធ្យម មានតម្លៃ ៩,៥ ដុល្លារ ធ្លាក់ ០,៩ ភាគរយ និងប្រភេទតម្លៃសមរម្យ មានតម្លៃ ៧,៨ ដុល្លារ ធ្លាក់ ២,៣ ភាគរយ។
អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១២ ខែតុលាថា តម្លៃលក់ និងជួលខុនដូក្នុងត្រីមាសទី៣ បានធ្លាក់ចុះបន្ទាប់ពីការងើបឡើងបន្តិចកាលពីត្រីមាសទី២។ យ៉ាងណាអត្រាបម្រែបម្រួលមានកម្រិតតិចតួចប៉ុណ្ណោះ ហើយនិន្នាការនេះអាចនៅបន្តរហូតដល់ដំណាច់ឆ្នាំ។
អ្នកនាង គិនកេសា ថ្លែងថា៖ «ក្នុងឆ្នាំ ២០២៣ យើងរំពឹងថាសកម្មភាពទិញ លក់ ជួល អាចនឹងមានកំណើនល្អជាងឆ្នាំ ២០២២ ដោយសារមិនមានការបើកលក់គម្រោងថ្មីៗច្រើន ហើយតម្លៃនៅបន្តមានស្ថិរភាព»។
ប្រធានសមាគមអចលនទ្រព្យសកលលោក សំ សុខនឿន បាននិយាយថាបើទោះបីប្រទេសកម្ពុជាបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិជំងឺកូវីត ១៩ ជិត ១ ឆ្នាំហើយក៏ដោយ ប៉ុន្តែស្ថានភាពទីផ្សារខុនដូក្នុងត្រីមាសទី៣ កន្លងមកមិនទាន់ល្អវិញនោះទេ ដោយតម្រូវការរបស់វានៅមានកម្រិតទាប ហើយតម្លៃក៏ធ្លាក់ចុះតិចតួចដែរ។ ការធ្លាក់ចុះតម្លៃខុនដូក្នុងរាជធានី-ភ្នំពេញនៅពេលនេះ ក៏ផ្តល់ឱកាសឱ្យប្រជាជនខ្មែរដែលចង់រស់នៅ ឬមានបំណងវិនិយោគលើខុនដូមានលទ្ធភាពក្នុងការទិញខុនដូកាន់តែច្រើន។
លោកនិយាយថា៖ «ចាប់តាំងពីមានវត្តមានកូវីដ ១៩ ដែលធ្វើឱ្យចំនួនជនបរទេសនៅកម្ពុជាធ្លាក់ចុះមក ខ្ញុំសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួនបានទម្លាក់តម្លៃខ្លះៗ និងបានប្តូរទិសដៅមករកអតិថិជនក្នុងស្រុក»។
សម្រាប់ត្រីមាសទី៤ ឆ្នាំនេះ និងត្រីមាសទី១ ឆ្នាំ ២០២៣ លោក សុខនឿន បានអះអាងថា ផលអវិជ្ជមានសម្រាប់ទីផ្សារខុនដូនឹងនៅតែបន្តមាន។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតឱ្យសាងសង់មានចំនួន ២ ៨១១ ធ្លាក់ចុះ ៩០ គម្រោង និងមានតម្លៃវិនិយោគ ១ ៦៦២ លានដុល្លារ ធ្លាក់ចុះ ៥៦,៧ ភាគរយ ក្នុងនោះប្រភេទសំណង់លំនៅឋាន មានចំនួន ២ ៥២១ គម្រោង (ស្មើនឹង ៨៩,៧ ភាគរយនៃសំណើសុំសាងសង់សរុប ធ្លាក់ចុះ ៩ គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១)៕