ទិន្នន័យផ្លូវការបានបង្ហាញតម្លៃផ្ទះឯកជននៅហុងកុង បានធ្លាក់ចុះ ២,១ ភាគរយនៅក្នុងខែកញ្ញា។ អត្រាតម្លៃនេះធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីខែមករាឆ្នាំ ២០១៩ ដែលជាទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃទី ២៧ ខែតុលា។
ហុងកុងជាទីក្រុងតម្លៃលំនៅឋាន និងផ្ទះជួលថ្លៃកប់ពកថ្លៃជាងគេបំផុតមួយរបស់ពិភពលោក។ អ្នករស់នៅហុងកុងពិបាកទិញផ្ទះ ប៉ុន្តែតម្លៃផ្ទះបានធ្លាក់ចុះជាបន្តបន្ទាប់ពី ១,៩ ភាគរយក្នុងខែសីហា និង ២,១% នៅខែកញ្ញា។
តម្លៃផ្ទះនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុបានធ្លាក់ចុះ ៨,១ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ធនាគារហុងកុងបានដំឡើងអត្រាការប្រាក់កម្ចីដ៏ល្អបំផុតរបស់ពួកគេ កាលពីខែមុនដែលជាការដំឡើងអត្រាការប្រាក់លើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។
ការកើនឡើងនៃថ្លៃកម្ចីទិញផ្ទះ និងទស្សនវិស័យសេដ្ឋកិច្ចដ៏អាក្រក់ បានធ្វើឱ្យមានភាពទុទិដ្ឋិនិយមយ៉ាងខ្លាំងក្នុងចំណោមម្ចាស់ផ្ទះ។ តម្លៃផ្ទះពេញ ១ ឆ្នាំ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល ១០ ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨ ។
ប្រធានផ្នែកស្រាវជ្រាវនិងប្រឹក្សាយោបល់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Greater China លោក Martin Wong បាននិយាយថា៖«លោករំពឹងថាតម្លៃនឹងបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី ដែលមួយផ្នែកត្រូវបានប៉ះពាល់ដោយទីផ្សារភាគហ៊ុនដែលជំរុញឱ្យសន្ទស្សន៍ហ៊ុន Hang Seng ឱ្យធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០០៩»។
លោកបានបន្ថែមថា បរិមាណប្រតិបត្តិការ ត្រូវបានកំណត់ថា នឹងធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៩ ឆ្នាំជាប់ៗគ្នា៕