ភ្នំពេញៈ គម្រោង​វិនិយោគ ៣ ៨២៧​ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ២,៦​ ពាន់​លាន​ដុល្លារ ​ត្រូវបាន​រដ្ឋា​ភិ​បាល​កម្ពុជា​អនុម័ត​ឱ្យ​សាងសង់​ក្នុង​រយៈពេល​ ១១ ខែ​ឆ្នាំ​ ២០២២ ដោយ​ចំនួន​ទឹកប្រាក់​នេះ​គឺ​ធ្លាក់ចុះ​ជិត​ពាក់​​កណ្តាល​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។​

​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២​ ក្រសួង​បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​ចំនួន ៣ ៨២៧​ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ៦ ៥៩៦ ៩៣៦ ​ម៉ែត្រការ៉េ​។ ចំនួន​គម្រោង​ដែល​អនុម័ត​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២២ គឺ​ធ្លាក់​ចុះ ២,៤៩ ​ភាគរយ​ពី​ចំនួន ៣ ៩២៥​ គម្រោង​នា​រយៈពេល​ ១១ ​ខែ​ឆ្នាំមុន​។​ចំណែក​ទុនវិនិយោគ​ក្នុង​រយៈពេល ១១​ ខែ​ឆ្នាំ​ ២០២២ គឺមាន ២ ៦៣៤,៩៩ ​ដុល្លារ​ធ្លាក់ចុះ ៤៩,៤២ ​ភាគរយ​ពី​ចំនួន ៥ ២១០,៣៦​លាន​ដុល្លារ​។​

​បើ​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ក្នុងចំណោម​គម្រោង​ទាំង ៣ ៨២៧​ គម្រោង គឺ ២០២ គម្រោង​ត្រូវបាន​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រសួង​ដែលមាន​ទុនវិនិយោគ​ប្រមាណ ២ ០៨៧,៧៨​ លាន​ដុល្លារ និង​ចំនួន ៣ ៦២៥​ គម្រោង​ត្រូវបាន​អនុម័ត​ដោយ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ទុនវិនិយោគ ៥៤៧,២១​ លាន​ដុល្លារ​។​

​ក្រសួង​បានឱ្យដឹង​ទៀតថា បើ​គិតពី​ឆ្នាំ​ ២០០០ ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២២ គឺ​ក្រសួង​បានចេញ​លិខិត​អនុញ្ញាតឱ្យ​គម្រោង​សាងសង់​សរុប ៦១ ៤១៨ ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ១៧៣ ២១៣ ៧៥៦ ​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៦៨៨៣៧,៥៤ ​លាន​ដុល្លារ​។​

​គិតពី​ឆ្នាំ ​២០០០ ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២២ នៅ​កម្ពុ​ជាមាន​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​ ៥​ ជាន់ឡើង​នៅ ២ ៥៣៤​ អគារ ដោយនៅ​រាជធានី​ភ្នំពេញ មាន ១ ៦៧៥​ អគារ​, ខេត្ត​ព្រះសីហនុ ៦៨៥ ​អគារ​, បន្ទាយមានជ័យ ១៣១​ អគារ និង​ខេត្ត​ផ្សេងៗ​ចំនួន ៤៣ ​អគារ​។​

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​កម្ពុជា​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ពេញលេញ​របស់ខ្លួន​ឡើងវិញ​ជិត ១​ ឆ្នាំ​ហើយក៏​ដោយ ក៏​សកម្មភាព​ក្នុង​វិស័យ​សំណង់​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​ដូច​មុន​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ឡើយ​។ វិស័យនេះ​ត្រូវការ​ពេល​បន្ថែមទៀត ខណៈ​ចំនួន​អគារ​ដែល​បាន​សាងសង់​រួច និង​ដាក់លក់​​ជួល​នៅលើ​ទីផ្សារ​ក៏មាន​នៅសល់​ច្រើន​ដែរ​។​

​លោក​ប្រាប់ថា​៖ «​បើ​វិស័យ​ផ្សេងៗ​រួមទាំង​វិស័យ​ទេសចរណ៍​មាន​កំណើន​ឡើងវិញ ការសាងសង់ ឬ​ទីផ្សារ​អចលន​ទ្រព្យ នឹង​ងើប​ឡើងវិញ​ដែរ ប៉ុន្តែ​នឹងមិន​ហក់​ឡើងវិញ​ភ្លាមៗ​លឿន​ដូច​វិស័យ​ផ្សេងៗ​ទៀត​ទេ​»​។​

​លោក​បញ្ជាក់ថា ទោះបី​ចំនួន​គម្រោង​សាងសង់ និង​ទុនវិនិយោគ​រយៈពេល ១១​ ខែ​ធ្លាក់ចុះ​ច្រើន ប៉ុន្តែ​មិន​មានន័យថា វិស័យនេះ​កំពុង​ជួប​ហានិភ័យ​ទេ​។​

​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​និយាយថា ទោះបី​ពេលនេះ​ស្ថានភាព​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល ប៉ុន្តែ​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ធំៗ​នៅលើ​ពិភពលោក បាននិងកំពុង​ជះ​​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​។ ផល​អ​វិ​ជ្ជ​មាន​នេះ​នឹង​បន្ត​អូសបន្លាយ​ដល់​ឆ្នាំ ២០២៣ នេះ​បន្តទៀត​។​

​លោក​បាន​អះអាងថា​៖ «​ទោះ​ក្នុង​ឆ្នាំ​ ២០២៣ ក៏​ខ្ញុំ​គិតថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងមិន​ទាន់​អាចមាន​ងាក​ទៅរក​ភាពល្អប្រសើរ​ដូច​មុន​ឆ្នាំ​ ២០១៩ ឡើយ​។ វិស័យនេះ​ត្រូវការ​ពេល​យ៉ាងហោច ២-៣ ឆ្នាំ​ទៅមុខទៀត ទើប​ល្អ​ដូច​មុន​ឆ្នាំ ២០១៩»៕​